ធនាគារវិនិយោគ Goldman Sachs ដែលដឹកនាំដោយប្រធានអ្នកសេដ្ឋកិច្ចលោក Jan Hatzius បានចេញផ្សាយរបាយការណ៍មួយដែលទស្សន៍ទាយពីឱកាសឈ្នះពានរង្វាន់ World Cup របស់ក្រុមនីមួយៗ ដោយប្រើប្រាស់គំរូទិន្នន័យ (Model) ដែលវិភាគលើការប្រកួតជិត ២០,០០០ គូ តាំងពីឆ្នាំ ១៩៧៨ មក ។
ក្រុមដែលមានឱកាសខ្ពស់ជាងគេ៖ គំរូទស្សន៍ទាយនេះបានផ្តល់ឱកាសខ្ពស់ជាងគេទៅលើប្រទេសអេស្ប៉ាញក្នុងការឈ្នះពានគឺ ២៦% បន្ទាប់មកគឺបារាំង (១៩%) និងអាហ្សង់ទីន (១៤%)។ វាក៏បានបង្ហាញពីឱកាសឡើងទៅវគ្គបន្តសម្រាប់ប្រទេសទាំង ៤៨ ផងដែរ រួមទាំងប្រទេសម្ចាស់ផ្ទះដូចជា ម៉ិកស៊ិក (៦៨%) កាណាដា (៥០%) និងសហរដ្ឋអាមេរិក (៣៩%) ។
ការទស្សន៍ទាយនេះផ្អែកលើទម្រង់លេងជាប្រវត្តិសាស្ត្រ, សមត្ថភាពរកគ្រាប់បាល់, សន្ទុះរបស់ក្រុម, កត្តាភូមិសាស្ត្រ និង “វិបត្តិរបស់ក្រុមជើងឯក” (ដោយកត់សម្គាល់ថា អាហ្សង់ទីនអាចនឹងធ្វើបានមិនសូវល្អបន្ទាប់ពីឈ្នះជើងឯកកាលពីឆ្នាំ ២០២២) ។
ក្រុមអ្នកសេដ្ឋកិច្ចបានទទួលស្គាល់ដោយត្រង់ថា ការទស្សន៍ទាយនេះគ្រាន់តែជាការប៉ាន់ស្មាននៅមានកម្រិតប៉ុណ្ណោះ ដោយសារតែបាល់ទាត់មានភាពមិនប្រាកដប្រជា ។
ជាក់ស្តែង កាលពីឆ្នាំ ២០១៨ គំរូរបស់ Goldman Sachs បានទស្សន៍ទាយថា ប្រេស៊ីលនឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយអាល្លឺម៉ង់ ប៉ុន្តែប្រេស៊ីលត្រូវធ្លាក់ត្រឹមវគ្គ ៨ ក្រុមចុងក្រោយ ហើយបារាំងជាអ្នកលើកពាន ។
ទោះបីជាគំរូថ្មីនេះបានរាប់បញ្ចូលកត្តាច្រើនជាងមុនក៏ដោយ ក៏វានៅតែមិនទាន់អាចគិតគូរពីកត្តាសំខាន់ៗមួយចំនួនដូចជា សុខភាពរបស់កីឡាករ និងបទពិសោធន៍របស់គ្រូបង្វឹក ៕
ប្រភព៖ CNN