កាលពីថ្ងៃអង្គារ ទី២ ខែមិថុនា រុស្ស៊ីបានបើកការវាយប្រហារតាមអាកាសដ៏ទ្រង់ទ្រាយធំមួយពេញមួយយប់មកលើប្រទេសអ៊ុយក្រែន ដោយប្រើប្រាស់ដ្រូនចំនួន ៦៥៦ គ្រឿង និងមីស៊ីលចំនួន ៧៣ គ្រាប់ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Zircon ចំនួន ៨ គ្រាប់ ហើយមិនត្រូវបានស្ទាក់ចាប់បានឡើយ គោលដៅចម្បងនៃការវាយប្រហារគឺទីក្រុង Kyiv, Dnipro, Kharkiv, Zaporizhzhia និង Poltava។ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ការវាយប្រហារនេះធ្វើឡើងដើម្បីសងសឹកនឹងអំពើភេរវកម្មរបស់អ៊ុយក្រែន ដោយសំដៅលើហេដ្ឋារចនាសម្ព័ន្ធយោធា ប្រេងឥន្ធនៈ និង ការដឹកជញ្ជូន ។
មនុស្ស ៤ នាក់បានស្លាប់ និងយ៉ាងហោចណាស់ ៦៥ នាក់បានរងរបួស។ ការវាយប្រហារបែប Double Tap បានធ្វើឱ្យបាក់ស្រុតអគារស្នាក់នៅខ្ពស់ៗមួយផ្នែកនៅក្នុងសង្កាត់ Podilsky ដែលធ្វើឱ្យគេបារម្ភថាមានមនុស្សជាប់គាំងក្រោមគំនរបាក់បែក។ អគារស្នាក់នៅខ្ពស់ៗ គ្លីនិក និងសាលាមត្តេយ្យក៏បានរងការខូចខាតផងដែរ ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីយ៉ាងខ្លាំង។ ប្រព័ន្ធការពារអាកាសហាក់ដូចជាមានសកម្មភាពតិចតួចក្នុងអំឡុងពេលវាយប្រហារដោយមីស៊ីលបាលីស្ទិកនៅពេលព្រឹក ។
ការវាយប្រហារនេះកើតឡើងបន្ទាប់ពីមានការព្រមានជាថ្មីពីប្រធានាធិបតី Volodymyr Zelensky និងការជូនដំណឹងជាសាធារណៈពីក្រសួងការបរទេសរុស្ស៊ី ដែលបានណែនាំឱ្យជនបរទេស និងមន្ត្រីការទូតចាកចេញពីទីក្រុង Kyiv ជាបន្ទាន់ ។
ការកើនឡើងកម្តៅនេះធ្វើឡើងចំពេលដែលអ៊ុយក្រែនបានបង្កើនការវាយប្រហារដោយដ្រូនលើហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី។ លោក Zelensky បានថ្លែងកាលពីពេលថ្មីៗនេះថា អ៊ុយក្រែនបានបំផ្លាញសមត្ថភាពចម្រាញ់ប្រេងចម្បងរបស់រុស្ស៊ីអស់ ៤០% ចន្លោះពីខែមករាដល់ខែឧសភា ស្របពេលជាមួយគ្នានេះ រុស្ស៊ីបានរាយការណ៍ថាបានស្ទាក់ចាប់ដ្រូនអ៊ុយក្រែនចំនួន ១៤៨ គ្រឿង ដែលក្នុងនោះមានដ្រូនមួយគ្រឿងបានបង្កជាអគ្គិភ័យនៅរោងចក្រចម្រាញ់ប្រេងមួយកន្លែងក្នុងតំបន់ Krasnodar ៕
ប្រភព៖ CNN