ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្ដេជ្ញាចិត្តថានឹងសងសឹកវិញ ដោយចោទប្រកាន់អ៊ុយក្រែនថា បានប្រើប្រាស់ដ្រូនចំនួន ១៦គ្រឿង វាយប្រហារដោយ ៣ដង លើអន្តេវាសិកដ្ឋាននិស្សិត (កន្លែងស្នាក់នៅរបស់សិស្ស) មួយកន្លែង ក្នុងទីក្រុង Starobilsk តំបន់ Luhansk ដែលគ្រប់គ្រងដោយរុស្ស៊ី ។ លោក ពូទីន អះអាងថា ការវាយប្រហារនេះបានសម្លាប់មនុស្ស ៦នាក់ និងរបួស ៣៩នាក់ ព្រមទាំងបានបញ្ជាក់ថាគ្មានទីតាំងយោធានៅក្បែរនោះឡើយ ។
កងទ័ពអ៊ុយក្រែនបានថ្លែងថា ខ្លួនបានវាយប្រហារលើទីបញ្ជាការដ្ឋាននៃកងឯកភាពដ្រូនឆ្នើម “Rubicon” របស់រុស្ស៊ីនៅក្នុងទីក្រុង Starobilsk ដែលពួកគេចោទថាជាក្រុមដែលតែងតែវាយប្រហារលើជនស៊ីវិលរបស់អ៊ុយក្រែន ។ អ៊ុយក្រែនបានសង្កត់ធ្ងន់ថា កងកម្លាំងរបស់ខ្លួនគោរពច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ប៉ុន្តែមិនបានបញ្ជាក់ថាតើវាជាអគារតែមួយដែលរុស្ស៊ីលើកឡើងនោះទេ។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ក៏បានប្រកាសពីការវាយប្រហារដោយជោគជ័យលើទីស្នាក់ការកណ្តាលនៃទីភ្នាក់ងារសន្តិសុខរុស្ស៊ី (FSB) នៅក្នុងតំបន់ Kherson ដែលរុស្ស៊ីកំពុងកាន់កាប់ ដោយបណ្តាលឱ្យទាហានរុស្ស៊ីប្រហែល ១០០នាក់ស្លាប់ និង រងរបួស ។
ភាគីទាំងសងខាងនៅតែបន្តចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការវាយប្រហារលើជនស៊ីវិល ហើយរបាយការណ៍បានរំលឹកផងដែរអំពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើអគារស្នាក់នៅមួយកន្លែងក្នុងទីក្រុងគៀវ (Kyiv) កាលពីសប្តាហ៍មុន បានសម្លាប់មនុស្ស ២៤នាក់ ខណៈដែលទីក្រុងមូស្គូតែងតែបដិសេធថាខ្លួនមិនដែលចេតនាវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលឡើយ ៕