បន្ទាប់ពីជំនួបកំពូលរយៈពេលពីរថ្ងៃនៅទីក្រុងប៉េកាំងជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) បានព្រមានតៃវ៉ាន់មិនឱ្យប្រកាសឯករាជ្យជាផ្លូវការនោះទេ។ លោកបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកមិនចង់ចូលរួមក្នុងជម្លោះដ៏ឆ្ងាយណាមួយឡើយ ហើយចង់ឱ្យភាគីទាំងសងខាងរក្សាភាពស្ងប់ស្ងាត់ដែលនេះជាការបញ្ជាក់ឡើងវិញនូវជំហរជាប្រពៃណីរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការរក្សាស្ថានភាពបច្ចុប្បន្ន ។
លោក ត្រាំ បានថ្លែងថា លោកមិនចង់ឃើញភាគីណាមួយប្រកាសឯករាជ្យ ដោយគ្រាន់តែអាងថាមានការគាំទ្រពីសហរដ្ឋអាមេរិកនោះទេ។ លោកបានបដិសេធមិនធ្វើការប្តេជ្ញាចិត្តថាតើសហរដ្ឋអាមេរិកនឹងការពារតៃវ៉ាន់តាមផ្លូវយោធាដែរឬទេ ដោយកត់សម្គាល់ថា លោកប្រធានាធិបតី ស៊ី ក៏ចង់ចៀសវាងសង្គ្រាមផងដែរ ប៉ុន្តែលោក ស៊ី មានជំហរម៉ឺងម៉ាត់ខ្លាំងណាស់ចំពោះបញ្ហាកោះនេះ ។
រីឯ លោក ស៊ី ជិនពីង បានសង្កត់ធ្ងន់ជាថ្មីថា បញ្ហាតៃវ៉ាន់គឺជាបញ្ហាដ៏សំខាន់បំផុតនៅក្នុងទំនាក់ទំនងរវាងអាមេរិកនិងចិន ដោយបានព្រមានថា ប្រសិនបើដោះស្រាយមិនបានដិតដល់ទេ ប្រទេសទាំងពីរអាចនឹងប្រឈមមុខដាក់គ្នា ឬឈានទៅដល់ការកើតមានជម្លោះ ។
ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ នៅតែរក្សាជំហរថា ការប្រកាសឯករាជ្យជាផ្លូវការគឺមិនចាំបាច់នោះទេ ព្រោះតៃវ៉ាន់ដំណើរការជារដ្ឋមានអធិបតេយ្យភាពរួចស្រេចទៅហើយ ៕
ប្រភព៖ BBC