រដ្ឋាភិបាលវៀតណាមបានសម្រេចចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីបង្ក្រាបអ្នកលួចចម្លងកម្មសិទ្ធិអ្នកនិពន្ធ (Copyright) និងទំនិញក្លែងក្លាយ ចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅ បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់សម្ពាធ និងព្រមានដំឡើងពន្ធពាណិជ្ជកម្ម។
លោកនាយករដ្ឋមន្ត្រីវៀតណាម Le Minh Hung បានបញ្ជាឱ្យក្រសួងពាក់ព័ន្ធ បង្កើនសកម្មភាពស្វែងរក និងចាត់វិធានការលើអ្នកលួចចម្លងកម្មសិទ្ធិអ្នកនិពន្ធ (Copyright) ឱ្យបានយ៉ាងហោចណាស់ ២០% នៅក្នុងខែឧសភានេះ។
យុទ្ធនាការនេះផ្តោតលើកម្មវិធីកុំព្យូទ័រ, ខ្សែភាពយន្ត, តន្ត្រី, កម្មវិធីទូរទស្សន៍, ហ្គេមអនឡាញ និងទំនិញក្លែងក្លាយដែលចរាចរលើទីផ្សារ។
ក្រសួងហិរញ្ញវត្ថុត្រូវបង្កើនការដោះស្រាយយ៉ាងរហ័សនូវចំនួនករណីទំនិញត្រូវជាប់គាំងនៅព្រំដែនគយ ដែលមានជាប់ពាក់ព័ន្ធនឹងទំនិញក្លែងក្លាយ យ៉ាងហោចក៏ ២០% នៅក្នុងខែឧសភា ឆ្នាំ ២០២៥ នេះ ។
គួរកត់សម្គាល់ថា កាលពីថ្ងៃទី ៣០ ខែមេសា អាមេរិកបានចាត់ថ្នាក់វៀតណាមជា “ប្រទេសបរទេសអាទិភាព” (Priority Foreign Country) ដែលជាក្រុមប្រទេសមានការរំលោភបំពានសិទ្ធិបញ្ញាធ្ងន់ធ្ងរបំផុត ។
វៀតណាមធ្លាប់រងការដាក់ពន្ធរហូតដល់ ៤៦% កាលពីមុន (ដែលក្រោយមកត្រូវបានកាត់បន្ថយមកត្រឹម ១០% ក្នុងខែកុម្ភៈ ឆ្នាំនេះ តាមសេចក្តីសម្រេចរបស់តុលាការកំពូលអាមេរិក) ប៉ុន្តែរដ្ឋបាលអាមេរិកបច្ចុប្បន្ននៅតែប្តេជ្ញានឹងប្រើប្រាស់ឧបករណ៍ច្បាប់ផ្សេងៗ ដើម្បីដាក់ពន្ធលើវៀតណាមឡើងវិញ ប្រសិនបើស្ថានភាពមិនមានការប្រែប្រួល ។
ជាការឆ្លើយតប វៀតណាមបានអះអាងថាខ្លួនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការការពារសិទ្ធិបញ្ញា ហើយបានស្នើឱ្យទីក្រុងវ៉ាស៊ីនតោនធ្វើការវាយតម្លៃឱ្យបាន “សុក្រឹត និងមានតុល្យភាព” ៕
ប្រភព៖ Reuter