ទោះបីជាប្រទេសម៉ិកស៊ិកធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួត World Cup ចំនួន ៣ ដងក៏ដោយ ប៉ុន្តែការធ្វើជាម្ចាស់ផ្ទះម្តងនេះហាក់ដូចជាមានបញ្ហា ដោយសារវិបត្តិ ហិរញ្ញវត្ថុ ភស្តុភារ និងអសន្តិសុខសង្គម ។
១. បញ្ហាតម្លៃសំបុត្រ
តម្លៃសំបុត្រសម្រាប់ការប្រកួតដំបូងនៅម៉ិកស៊ិកមានចន្លោះពី ៣,០០០ ដល់ ១០,០០០ ដុល្លារ ដែលជាចំនួនទឹកប្រាក់ដ៏ច្រើនលើសលប់សម្រាប់ប្រជាជនម៉ិកស៊ិកទូទៅ ។ អ្នកគាំទ្រមានការខកចិត្តដែលម៉ិកស៊ិកទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះត្រឹមតែ ១៣ ប្រកួត ប៉ុណ្ណោះ ក្នុងចំណោម ១០៤ ប្រកួតសរុប ដោយមនុស្សភាគច្រើនយល់ថា World Cup លើកនេះហាក់ដូចជាជារបស់សហរដ្ឋអាមេរិកច្រើនជាងគេ ។
២. បញ្ហានៅកីឡដ្ឋាន Banorte (អតីត Estadio Azteca)
ទោះបីជាបើកដំណើរការឡើងវិញបន្ទាប់ពីការជួសជុលអស់រយៈពេល ២២ ខែ ក៏ដោយ តែការដ្ឋានមិនទាន់រួចរាល់ជាស្ថាពរ និង ខ្វះចំណតរថយន្តសម្រាប់សាធារណជន។ ក្នុងអំឡុងពេលសាកល្បងការប្រកួតកន្លងទៅ មានបញ្ហាកកស្ទះខ្លាំងនៅតាមច្រកចូល និងមានគ្រោះថ្នាក់ដល់ស្លាប់របស់អ្នកគាំទ្រម្នាក់ដោយសារការធ្លាក់ពីលើកៅអី VIP ។
៣. បារម្ភពីបញ្ហាសន្តិសុខ និងសង្គម
ការចាប់ខ្លួនមេខ្លោងគ្រឿងញៀននាពេលថ្មីៗនេះ បានបង្កឱ្យមានអំពើហិង្សានៅតាមដងផ្លូវ ដែលធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពភ្ញៀវទេសចរអន្តរជាតិ។ ម្យ៉ាងវិញទៀត មានការធ្វើបាតុកម្មប្រឆាំងនឹងព្រឹត្តិការណ៍នេះ ដោយសារតែ World Cup បានធ្វើឱ្យតម្លៃផ្ទះជួលកើនឡើង (ការប្តូរទៅជាការជួលរយៈពេលខ្លីសម្រាប់ទេសចរ) និងបញ្ហាខ្វះខាតទឹកស្អាតនៅក្នុងទីក្រុង។ ៕
ប្រភព៖ CNN