អ៊ីរ៉ង់ដាក់លក្ខខណ្ឌចំនួន ៤ សម្រាប់ការបញ្ចប់សង្គ្រាម ក្នុងនោះរួមមាន ការបង្កើតក្របខណ្ឌច្បាប់ថ្មីសម្រាប់ច្រកសមុទ្រហ័រមូស, ការសងសំណងពីការខូចខាតពីសង្គ្រាម, ការធានាមិនឲ្យមានការវាយប្រហារយោធាឡើងវិញនាពេលអនាគត និងការលុបចោលការបិទផ្លូវនាវាចររបស់កងទ័ពជើងទឹកអាមេរិក។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Tasnim របស់អ៊ីរ៉ង់
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាជី បានបង្ហាញលក្ខខណ្ឌតម្រូវការទាំងនេះក្នុងអំឡុងពេលដំណើរទស្សនកិច្ចឡើងវិញទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដដែលកំពុងដើរតួនាទីជាអ្នកសម្របសម្រួលរវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដោយដំណើរទស្សនកិច្ចលើកនេះផ្តោតទៅលើការចរចាពាក់ព័ន្ធនឹងសង្គ្រាម មិនមែនលើប្រធានបទនុយក្លេអ៊ែរឡើយឡើយ។
ដំណើរទស្សនកិច្ចនេះគឺជាដំណើរទស្សនកិច្ចលើកទី២របស់លោក អារ៉ាជី នៅប្រទេសប៉ាគីស្ថាន ហើយវាជាផ្នែកមួយនៃដំណើរទស្សនកិច្ចក្នុងតំបន់ដ៏ធំមួយ ដែលរួមមានប្រទេស អូម៉ង់ និង រុស្ស៊ីផងដែរ បន្ទាប់ពីការពិភាក្សាជាមួយមន្ត្រីប៉ាគីស្ថាន។
លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់នេះត្រូវបានបញ្ជូនទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ បន្ទាប់ពីកិច្ចពិភាក្សាដោយផ្ទាល់ក្នុងជុំទីមួយ ដែលបានរៀបចំឡើងនៅរដ្ឋធានីប៉ាគីស្ថាននៅដើមខែនេះ ក្រោមក្របខណ្ឌបទឈប់បាញ់ដែលមិនអាចនាំឲ្យមានកិច្ចព្រមព្រៀងបញ្ចប់ជម្លោះដែលបានបង្កឲ្យមានផលប៉ះពាល់កាន់តែខ្លាំងនៅតំបន់មជ្ឈឹមបូព៌ា និងទីផ្សារថាមពលពិភពលោក។
ទន្ទឹមនឹងនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ចាក់ថា សង្គ្រាមនេះអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ដោយលោកបានប្រាប់សារព័ត៌មាន Fox News ថា អ៊ីរ៉ង់នឹងប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមដែលជាផ្នែកមួយនៃការចរចា ហើយបានបញ្ជាក់សារជាថ្មីថា ទីក្រុងតេអេរ៉ង់មិនត្រូវមានអាវុធនុយក្លេអ៊ែរឡើយ។
ក្នុងនោះមេដឹកនាំរូបនេះបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនមានឥទ្ធិពលនៅក្នុងកិច្ចចរចា ដោយលោកបានបន្ថែមថា អ៊ីរ៉ង់អាចទាក់ទងមកសុំចរចាបាន ប្រសិនបើអ៊ីរ៉ង់ចង់ចរចា៕
ប្រភព: KhmerPost