​កម្ពុជា​រក​បាន​ជិត ៦០០លាន​ដុល្លារ​ពីការ​នាំ​ចេញ​សំបកកង់រថយន្ត​ និង​គ្រឿង​បន្លាស់​មួយ​ចំនួន​

0 9

ការ​នាំចេញ​ផលិតផល​​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​កាន់​តែ​មាន​ភាព​សម្បូរ​បែប និង​​ចម្រុះ ដោយ​នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៦ កម្ពុជាប្រមូល​ប្រាក់​បាន​ប្រមាណ ៥៨០ លាន​ដុល្លារ​ពី​ការ​នាំ​ចេញ​សំបកកង់រថយន្ត និងគ្រឿងបន្លាស់កង់ និង​ម៉ូតូ ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ​។ ទឹក​ប្រាក់​នេះ​​គឺ​ស្មើ​នឹង​ប្រមាណ​ជាង ៣% នៃ​ចំនួន​ទឹក​ប្រាក់​នាំ​ចេញសរុប​របស់​កម្ពុជា​​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៦ ដែល​មាន​ប្រមាណ ១៦,៩៣ ពាន់​លាន​ដុល្លារ​។

របាយការណ៍ក្រសួងពាណិជ្ជកម្ម បង្ហាញ​​​ថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៦ កម្ពុជា​បាន​នាំ​ចេញ​សំបកកង់រថយន្ត​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ទឹក​ប្រាក់ជាង​ ៤៧២​ លានដុល្លារ កើនឡើង ៤២,៣៧% ​បើ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ២០២៥ ដែល​មាន​ចំនួន ៣៣១ លាន​ដុល្លារ​។ ​​អាមេរិក​គឺ​ជា​ទីផ្សារ​ធំជាង​គេ​ដែល​ទទួល​​ទិញ​សំបកកង់​រថយន្ត​ពី​កម្ពុជា ដោយ​មានទឹក​ប្រាក់​​​ជាង​ ៣៥៨ លានដុល្លារ, ប្រេស៊ីល​ ៣៩ លានដុល្លារ, កាណាដា ២០ លានដុល្លារ, បារាំង ១១ លានដុល្លារ, ចក្រភព​អង់គ្លេស ៥ លានដុល្លារ និង​ប្រទេស​ផ្សេង​ទៀត​រួមមាន​ ហូឡង់ អេស៉្បាញ អ៊ីតាលី អាហ្វ្រិកខាងត្បូង និង​មិកស៊ិក​។

ចំណែក​ការ​នាំ​ចេញ​គ្រឿងបន្លាស់រថយន្ត គឺ​មាន​ទឹក​ប្រាក់ស​រុប​ ៩២ លានដុល្លារ កើនឡើង​ជាង ៣០,១៥%។ ប្រទេស​ជប៉ុន​ គឺ​ជា​ទីផ្សារ​ធំ​ជាង​គេ​ដោយ​មាន​ទឹកប្រាក់ជាង ២១ លានដុល្លារ, ថៃ ១៦ លានដុល្លារ, អាមេរិក ៥ លានដុល្លារ និង​ប្រទេស​មួយ​ចំនួន​ទៀត​។ រីឯ​ការនាំចេញគ្រឿងបន្លាស់​​កង់ និងម៉ូតូ មាន​ទឹក​ប្រាក់​សរុប​ជាង ១៦ លានដុល្លារ កើនជិត ២៧% ក្នុងនោះប្រទេសហូឡង់​មាន​ចំនួន​ជាង ៨ លាន​ដុល្លារ​, ចិន ២ លានដុល្លារ, Lithuanai កោះតៃវ៉ាន់ អាមេរិក និង​ព័រទុយហ្គាល់ និង​អាល្លឺម៉ង់ ជាដើម​។

ការ​នាំ​ចេញ​ផលិត​ផលសំបកកង់រថយន្ត និងគ្រឿងបន្លាស់កង់ និង​ម៉ូតូ ត្រូវ​បាន​រំពឹង​ថា​នឹង​ហក់​ឡើង​យ៉ាង​ច្រើន​នា​ពេល​ខាង​មុខ ខណៈ​ចំនួន​រោងចក្រ/​សហគ្រាស​​ផលិត​សំបកកង់​រថយន្ត និង​គ្រឿង​បន្លាស់​ បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​។

យោង​តាមក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា(CDC) ក្នុង​ឆ្នាំ​២០២៥ មាន​គម្រោងវិនិយោគ​លើ​រោងចក្រ​ផលិតសំបក​កង់រថយន្ត​ចំនួន ៤ ត្រូវ​បាន​អនុម័ត ដោយ ១ ​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ISI ក្នុង​ខេត្ត​ព្រះសីហនុ, និង ៣ ទៀត​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នៃ​ខេត្ត​ស្វាយរៀង។ គម្រោង​ទាំង ៤ មាន​​ទុន​វិនិយោគសរុប​ ៧៧៤ លាន​ដុល្លារ។​

អ្នក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់​ភ្នំពេញប៉ុស្តិ៍​ក្នុង​ថ្ងៃ​ទី២៤ ខែ​មេសាថា ​​បច្ចុប្បន្ន​កម្ពុជា​កំពុង​​វិវឌ្ឍន៍​​ពី​ប្រទេស​​ពឹង​ផ្អែកស្ទើរ​ទាំង​ស្រុង​​លើ​​​ការ​នាំចូល​ទំនិញ​ពី​ទីផ្សារ​អន្តរជាតិ ទៅ​ជា​ប្រទេស​នាំ​ចេញមួយ​ដ៏​សំខាន់​លើទីផ្សារ​អន្តរជាតិ​។ ផលិតផល​សំបកកង់រថយន្ត គ្រឿង​បង្គុំ​ និង​គ្រឿង​បន្លាស់ កំពុង​ក្លាយ​ជា​ទំនិញ​សក្តានុពល​នាំចេញ​ថ្មី​មួយ​របស់​កម្ពុជា​។ លោក​បន្ត​ថា បើ​តាម​ព័ត៌មានគឺ​មាន​រោងចក្រផលិត​សំបកកង់​រថយន្ត និង​គ្រឿង​បន្លាស់​​កាន់​តែ​ច្រើន​បាន​​ចូល​មក​បើក​ដំណើរ​ការ​នៅ​កម្ពុជា។

លោក​បន្ត​ថា មូលហេតុ​ដែល​អ្នក​វិនិយោគ​កាន់​តែ​​ច្រើន​ចាប់​អារម្មណ៍​ក្នុង​ការ​​​បើក​រោងចក្រ​ផលិត​សំបកកង់​រថយន្ត​នៅកម្ពុជា គឺ​ដោយសារ​កម្ពុជា​​មាន​លក្ខខណ្ឌ​ពិសេស​មួយ​ចំនួនដូចជា ​ច្បាប់​វិនិយោគ​អំណោយផល​ ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន​ងាយ​ស្រួល​ សម្បូរ​​វត្ថុធាតុដើម(​ជ័រ​កៅស៊ូខ្មែរ​មាន​គុណភាព​ល្អ) សម្បូរ​កម្លាំងពលកម្ម​និងតម្លៃ​សមរម្យ និង​ជា​ពិសេសមាន​ទីផ្សារ​​នាំចេញ​ទៅកាន់​ប្រទេស​ជាច្រើន​។​

លោក​បានថ្លែង​ថា៖​«​ជា​មួយ​នឹង​អ្វី​ដែល​កម្ពុជា​កំពុង​មាន គឺ​ជា​ឱកាស​សម្រាប់​​វិនិយោគិន​ក្នុង​ការ​​​បើក​រោងចក្រ​ផលិត​សម្បក​កង់រថយន្ត​នៅ​កម្ពុជា​។ ឧស្សាហកម្ម​ផលិត​សម្បក​កង់​រថយន្ត​​ជា​មុខ​ជំនួញ​ដែល​មាន​ឱកាស​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន និង​រយៈ​ពេល​វែង​ទៅមុខ ព្រោះ​ទោះបី​នៅ​ក្នុង​​កាលៈទេសៈ​ណា ក៏តម្រូវ​ការ​សម្បក​កង់នៅ​តែ​មាន​ច្រើន​»៕

 

ប្រភព: KhmerPost

Leave A Reply

Your email address will not be published.