ក្រោយ​បង្កើតកំហុស​ធ្ងន់ មុត សត្យា ត្រូវបាន​ក្លិប​អង្គរ​ថាយហ្គឺរ ព្យួរការ​ប្រកួត​ដល់​ចប់​រដូវ​កាល និង​ដាក់​ឱ្យ​ចូលរួមសម្អាត​ទីក្រុង

0 7

ក្លិបអង្គរថាយហ្គឺរ បានចេញសេចក្តី​ប្រកាស​ជា​ផ្លូវការ ក្នុងការ​ដាក់ពិន័យ​ទៅលើខ្សែ​ការពារ មុត សត្យា ដែលបាន​វាយកែងបណ្តាល​ឱ្យខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ព្រះខ័នរាជស្វាយរៀង Connor Shields បែក​ក្បាល​កាលពី​យប់​ថ្ងៃអាទិត្យ ដោយក្លិប​បាន​​ព្យួរ​ការ​ប្រកួត​នៅសល់​របស់​គេ​រហូតដល់​ចប់​រដូវ​កាល ហើយ​ក្នុងអំឡុងពេលនេះ សត្យា ក៏​ត្រូវដាក់​ឱ្យ​ចូលរួម​​​ការងារ​​​សម្អាត​​ទីក្រុង​ផងដែរ។

អង្គរថាយហ្គឺរ បាន​ធ្វើការ​អភ័យទោស ចំពោះ​ទង្វើ​ដែល​មិន​អាច​ទទួល​យកបាន​របស់​ មុត សត្យា ក្នុង​ពេលប្រកួតកាលពីម្សិលមិញ។ «យើង​ខ្ញុំ​សូម​ការ​អភ័យ​ទោស​ដោយ​ស្មោះ​អស់​ពី​ចិត្ត​ទៅ​កាន់កីឡាករ នៃ​ក្លិប​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង មន្ត្រី និង​អ្នក​គាំទ្រ​របស់​ក្លិប ក៏​ដូចជា​អ្នក​គាំទ្រទាំង​អស់​របស់​ក្លិប​បាល់ទាត់អង្គរ​ថាយហ្គឺរ និង​អ្នក​ស្នេហាវិស័យ​បាល់​ទាត់ ដែល​មាន​ការ​ខកចិត្តជា​ខ្លាំង​ចំពោះ​ទង្វើ​ដែល​មិន​អាច​ទទួល​យក​បាន​របស់​កីឡាករ មុត សត្យា»។

ជាមួយគ្នានេះ ​ក្លិប​អង្គរ​ថាយហ្គឺរ អះអាង​ថា បានធ្វើ​ការ​ជួប​ផ្ទាល់​ជាមួយកីឡាករ សត្យា នៅក្រោយ​ការ​ប្រកួត​កាលពី​យប់​ថ្ងៃអាទិត្យ និងព្រឹកថ្ងៃ​ចន្ទនេះ​ម្ដងទៀត ព្រមទាំងបានពិភាក្សាផ្ទៃក្នុងជាមួយភាគីពាក់ព័ន្ធ។

ក្លិប​បាន​បញ្ជាក់ថា៖ «សត្យា បានគ្រប់​គ្រង​អារម្មណ៍​ឡើង​វិញ​ភ្លាមៗ​បន្ទា​ប់ពី​ការ​ប្រកួត ហើយ​បានបង្ហាញ​ការ​ស្តាយ​ក្រោយ​យ៉ាង​ខ្លាំង​ចំពោះ​សកម្មភាព​របស់​ខ្លួន ហើយ​​នៅ​ព្រឹកថ្ងៃនេះ​ចន្ទ​​នេះ រូបគេបាន​ផ្ញើសារ សុំទោស​ដោយ​ផ្ទាល់​ទៅ​កាន់​កីឡាករ CONOR SHIELD»។

តែ​ទោះជាយ៉ាងណា​ ក្នុង​នាម​ជា​ក្លិបបាល់ទាត់អាជីព អង្គរ​ថាយហ្គឺរ បាន​​​យក​​ចិត្ត​ទុក​ដាក់​ខ្ពស់បំផុត ចំពោះ​សកម្មភាព​ណា ដែល​រំលោភ​លើ​គោលការណ៍​ស្មារតីកី​ឡាជា​ចម្បង ហេតុ​នេះ​​បន្ទាប់​ពី​ការ​ពិចារណាយ៉ាងម៉ត់ចត់ ក្លិបអង្គរថាយហ្គឺរ បានសម្រេច​ដាក់​ពិន័យ​​ទៅលើ មុត សន្យា ធ្ងន់ជាង​អ្វីដែល​គ្រូ​បង្គោលក្រុម​ព្រះខ័នរាជស្វាយរៀង លោក Matthew McConkey ចង់​បាន​ទៅ​ទៀត។

អង្គរថាយហ្គឺរ បាន​សម្រេច​ព្យួរការ​ប្រកួត​របស់​​កីឡាករ មុត សត្យា «ដោយ​ហាមឃាត់ការចូលរួមប្រកួត ដែលនៅសេសសល់ទាំងអស់ សម្រាប់រដូវកាលនេះ ហើយ​ហាមឃាត់​ការ​ចូលរួម​ហ្វឹកហាត់​​របស់ មុត សត្យា ជាមួយក្រុម​​រហូត​ដល់​ដាច់ខែមីនានេះ។

លើសពីនេះ​ មុត សត្យា ត្រូវ​បាន​ក្លិប​អង្គរ​ថាយហ្គឺរ តម្រូវ​ឱ្យ​ចូលរួម​ក្នុង​ការងារសង្គម ដោយ​ត្រូវចូលរួមក្នុង​សកម្មភាពការងារស្ម័គ្រចិត្ត​ក្នុង​សហគមន៍ រួមទាំងការសម្អាតទីក្រុង ក្នុងអំឡុង​ពេល​នៃ​​ការ​​ព្យួរ​​ការ​ហ្វឹកហាត់។ ចំណែក​ការពិន័យផ្នែកហិរញ្ញវត្ថុ​វិញ គឺ​ក្លិប​នេះ បាន​កាត់ប្រាក់បៀវត្សរ៍មួយផ្នែក​របស់ មុត សត្យា រហូតដល់បញ្ចប់រដូវកាល។

ក្លិប​អង្គរ​ថាយហ្គឺរ បានបញ្ជាក់ថា៖ «ទោះបីជា សត្យា បានបង្ហាញការស្តាយក្រោយក៏ដោយ ក្លិប​នឹង​​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រូបគេ លើ​ការ​ស្តារ​នីតិ​សម្បទា និងការអប់រំ ហើយ​យើង​នឹងពង្រឹង​វិធាន​ការ​ផ្ទៃ​ក្នុង​របស់​យើង ដើម្បី​ការពារ​កុំ​ឱ្យ​មាន​អាកប្បកិរិយាមារយាទ​បែប​នេះ​កើត​ឡើងម្តង​ទៀត។ ជាថ្មីម្តងទៀត យើងខ្ញុំ​សូម​អភ័យទោស​ដោយស្មោះ​អស់​ពី​ចិត្ត​ចំពោះ​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ដែល​រង​ផល​ប៉ះ​ពាល់​ដោយសារ​បញ្ហា​នេះ»។

ចំណែក​លោក Akihiro Kato ប្រធាន​បក្លិប​អង្គរថាយហ្គឺរ ក៏បាន​បង្ហាញការ​សោកស្តាយចំពោះ​បញ្ហាដែលបានកើត​ឡើងនេះ ហើយលោកបាន​សុំ​ទោស​ទៅដល់ខ្សែ​ប្រយុទ្ធ Connor Shields រួមទាំង​អ្នកគ្រប់គ្នា នៅក្លិបព្រះខ័នរាជស្វាយរៀង និង​ក្រុមគ្រួសារក្លិបបាល់ទាត់អង្គរថៃហ្គើរ និងអ្នកគាំទ្របាល់ទាត់ចំពោះអាកប្បកិរិយាមិនអាចទទួលយកបានរបស់ មុត សត្យា ក្នុងអំឡុងពេលប្រកួតកាលពីម្សិលមិញ។

ទោះបីជា មុត សត្យា ផ្ទាល់បានសម្តែងការសោកស្តាយខ្លាំងចំពោះទង្វើរបស់​ខ្លួន ប៉ុន្តែ​ ដើម្បីចៀស​វាងការភាន់ច្រឡំ ឬការយល់ច្រឡំបន្ថែមទៀត លោក Akihiro Kato បានណែនាំឱ្យ សត្យាចៀសវាងការប្រើប្រាស់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន សម្រាប់រយៈពេល​ដែល​នៅ​សល់នៅក្នុង​ខែមីនានេះ។

ប្រធាន​ក្លិប​អង្គរ​ថាយហ្គឺរ លោក Akihiro Kato បានបញ្ជាក់​តាម​រយៈការ​បង្ហោះសារ​របស់​លោក​នៅ​ថ្ងៃ​ចន្ទ​នេះ អមជាមួយ​សេចក្តី​ថ្លែងការ​របស់ក្លិបបែបនេះ​ថា៖​ «ស្ថានភាពនេះ បាន​ឆ្លុះ​បញ្ចាំង​ពីការ​បរាជ័យ​ក្នុង​ការ​គ្រប់​គ្រង​របស់ក្លិប និងខ្លួនខ្ញុំផ្ទាល់ផងដែរ។ ខ្ញុំសូមទទួលខុសត្រូវ និងសូមអភ័យទោស​ដោយ​ស្មោះស្ម័គ្រ​ចំពោះរឿង​នេះ​»៕

 

ប្រភព៖ PostKhmer

Leave A Reply

Your email address will not be published.