កម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ធ្លាប់បានរៀបចំនៅតាមបណ្តារាជធានី-ខេត្តជាច្រើនឆ្នាំកន្លងមកនេះ គឺនៅក្នុងឆ្នាំ២០២៦នេះ NOCCនឹងរៀបចំកម្មវិធីនេះជាពិសេសទៅដល់ក្មេងៗ និងសិក្សានុសិស្ស នៅតាមបណ្តាខេត្តជាយដែនដែលទទួលរងការឈ្លានពានពីយោធាថៃ ដើម្បីជួយឱ្យពួកគេទទួលបាននូវអត្ថប្រយោជន៍ សម្រាប់យកទៅអភិវឌ្ឍសមត្ថភាពប្រកបដោយចំណេះដឹង និងភាពរឹងមាំទៅថ្ងៃអនាគត។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឱ្យដឹងថា ការអប់រំគុណតម្លៃអូឡាំពិកនេះ គឺគោរពតាមគោលការណ៍គណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិ ក៏ដូចជាអង្គការសាមគ្គីអូឡាំពិក និងក្រុមប្រឹក្សាអូឡាំពិកអាស៊ី ហើយ NOCC តែងតែបង្កើតឱ្យមានក្រុមការងារ និងមន្រ្តីជំនាញៗ ដែលបានសិក្សាពីចលនា និងឧត្តមគតិអូឡាំពិកនៅក្រៅប្រទេស ចុះទៅផ្សព្វផ្សាយ និងអប់រំគុណតម្លៃអូឡាំពិកនេះ ឱ្យបានទូលំទូលាយ។
លោកបានបន្ថែមថា ការងារនេះ ក៏ស្របទៅតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត ក្នុងការកែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ ក្នុងការបញ្ជ្រាបចំណេះដឹងផ្នែកអប់រំកាយ និងកីឡា ដើម្បីជួយរួមចំណែកក្នុងការអភិវឌ្ឍការសិក្សា និងសុខភាពរបស់សិស្សានុសិស្សឱ្យបានល្អប្រសើរ។
ដោយឡែក នៅឆ្នាំ២០២៦នេះ កម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» នឹងពង្រីកការផ្សព្វផ្សាយ និងការអប់រំ ទៅដល់ខេត្តជាយដែន។ លោក វ៉ាត់ ចំរើន បញ្ជាក់ថា៖ «នៅឆ្នាំនេះយើងមានកម្មវិធីពិសេស ផ្សព្វផ្សាយការអប់រំនេះទៅដល់ខេត្តជាយដែន ជាពិសេសខេត្តដែលប៉ះពាល់ដល់ការរំលោភឈ្លានពាន ដោយសាសង្គ្រាមនៅតាមទល់ដែនកន្លងមកនេះ»។
លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ទៅលើខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដែលបានទទួលរងខ្លាំងពីការរំលោភបំពានរបស់យោធាថៃ ហេតុនេះក្រុមការងារបច្ចេកទេសរបស់ NOCC នឹងនាំយកជំនួយខាងផ្នែកកីឡា ដើម្បីរៀបចំទីលានកីឡា នៅក្នុងសាលា ដែលមានបញ្ហា ឬមានការខ្វះខាតក្នុងសកម្មភាពកីឡា។
លោកបានថ្លែងថា៖ «ចំពោះសាលារៀន ដែលមានការខ្វះខាត (នៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ) យើងនឹងធ្វើការជួសជុល កែលម្អ ឬកសាងទីលានជូន ហើយយើងក៏មានកម្មវិធីអប់រំឱ្យសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូនៅទីនោះ ឱ្យព្យាយាមលេងកីឡា ធ្វើសកម្មភាពកីឡា និងធ្វើសកម្មភាពអប់រំកាយ និងកីឡា ដើម្បីឱ្យកុមារមានភាពរឹងមាំផ្នែកស្មារតី និងបញ្ញា ហើយមានសុខភាពល្អក្នុងការសិក្សា»។
ជាមួយគ្នានេះ NOCC ផ្តោតយកចិត្តទុកដាក់ទៅលើភាពចាំបាច់ នៅក្នុងការធ្វើចលនារាងកាយតាមរយៈប្រភេទកីឡាអូឡាំពិក ដែលនៅលើពិភពលោកនេះ គេកំពុងជំរុញ។ លោក ចំរើន សង្កត់ធ្ងន់ថា៖ «ទោះបីជាកុមារស្ថិតក្នុងស្ថានភាពលំបាកណាក៏ដោយ ក៏ត្រូវធ្វើសកម្មភាពអប់រំកាយ និងកីឡា អ៊ីចឹងកម្មវិធីអប់រំគុណតម្លៃអូឡាំពិក ទៅតាមបណ្តាខេត្តនានា និងនៅទូទាំងប្រទេសកម្ពុជានេះ គឺជាការរួមចំណែកមួយក្នុងការកសាងធនធានពីកុមារភាពទៅ ដើម្បីឱ្យគាត់មានការចាំផ្តើមនៅក្នុងដំណើរការត្រឹមត្រូវនៃជីវិតរបស់គាត់»។
ជាមួយគ្នានេះ លោក វ៉ាត់ ចំរើន ដែលជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្តុកផ្នែកកីឡាផងនោះ បានដាក់ក្តីសង្ឃឹមថា នៅឆ្នាំនេះ ក៏ដូចជា៤ឆ្នាំទៅមុខទៀត កម្មវិធីអប់រំគុណតម្លៃអូឡាំពិក នឹងត្រូវបានផ្សព្វផ្សាយ បញ្ជ្រាបទៅគ្រប់កុមារទាំងអស់ នៅទូទាំងប្រទេស ហើយតាមស្ថិតិ ដែលធ្លាប់បានធ្វើកន្លងមក គឺកម្មវិធីនេះ បានបញ្ជ្រាបទៅដល់កុមាររាប់ម៉ឺននាក់រួចមកហើយ។
ប៉ុន្តែ លោក វ៉ាត់ ចំរើន បញ្ជាក់ថា៖ «នៅសល់កុមារច្រើនទៀត ដែលត្រូវបញ្ជ្រាបការយល់ដឹងអំពីអត្ថប្រយោជន៍នៃការអប់រំកាយ និងកីឡា និងអត្ថប្រយោជន៍នៃចលនាអូឡាំពិក នៅក្នុងសង្គមជាតិរបស់យើង ដែលជាចលនាបង្កើតឱ្យមានសុខភាព សុខដុមរមនា និងមានសាមគ្គីភាព មិត្តភាព ហើយក៏ជាចលនាមួយបង្កើតឱ្យមានសន្តិភាព និងសេចក្តីចម្រើន នៅក្នុងប្រទេសរបស់យើងផងដែរ»។
«ដូច្នេះពេលនេះ យើងដឹងថា ជាពេលវេលា ដែលយើងត្រូវរួបរួមគ្នា ជួយចែករំលែកអ្វីដែលយើងអាចធ្វើបាន ជាមួយនឹងអន្តរជាតិ និងចលនាអូឡាំពិកអន្តរជាតិ ដើម្បីធ្វើឱ្យប្រទេសជាតិរបស់យើង និងធនធានកុមាររបស់យើងមានភាពរឹងមាំ និងមានអនាគតរុងរឿង»។ លោក ចំរើន បានបញ្ជាក់បន្ថែម៕
ប្រភព៖ PostKhmer