លោក ខូវ ឆាយ ៖ ស្នងការប្រកួត និងគណៈវិនិច្ឆ័យ ត្រូវតែមានចំណេះដឹង ក្រមសីលធម៌ និងប្រកាន់ភ្ជាប់​​អព្យាក្រឹត្យ យុត្តិធម៌ មិនលំអៀង

0 6

ប្រធានសហព័ន្ធកីឡា​ប្រដាល់​គុនខ្មែរ លោក ខូវ ឆាយ បាន​បញ្ជាក់​ថា ស្នងការប្រកួត និងគណៈវិនិច្ឆ័យដ៏ល្អ ត្រូវតែមាន​ចំណេះ​ដឹង មាន​ក្រម​សីលធម៌​វិជ្ជាជីវៈ និង​ប្រកាន់​ខ្ជាប់នូវ​អព្យាក្រឹត្យ យុត្តិធម៌ មិនលំអៀង ទៅលើការ​កាត់សេចក្តី ទើប​មិន​ប៉ះពាល់​ដល់ការ​សម្រេច​លទ្ធផល និង​ធ្វើ​ឱ្យ​គុនខ្មែរ មានការ​រីកចម្រើន​ដ៏ពិតប្រាកដ។

លោក ខូវ ឆាយ បាន​និយាយ​បែបនេះ នៅពេល​លោក​​ចូល​រួម​ក្នុងពិធី​បិទ «វគ្គបំប៉ន​​សមត្ថភាព​​ស្នង​​ការប្រកួត និងគណៈវិនិច្ឆ័យ​កីឡា​ប្រដាល់​គុនខ្មែរ» នៅ​ពហុកីឡដ្ឋានជាតិ កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍ ដោយ​វគ្គ​នេះ មាន​រយៈ​ពេល​៤​ថ្ងៃ ចាប់​ពីថ្ងៃទី​៦ ដល់​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៦។

លោក ឆាយ បាន​​​កោតសរសើរ និងវាយ​តម្លៃ​ខ្ពស់​ទៅ​​ដល់​​គណៈគ្របគ្រង​វគ្គ លោក​គ្រូឧទ្ទេស សិក្ខាកាម និង​ផ្នែក​ពាក់​ព័ន្ធ​ទាំង​អស់ ដែល​​បាន​​យក​អស់​កម្លាំង​កាយ ចិត្ត ​ខិតខំ​​ប្រឹង​​ប្រែងរៀបចំ​ឱ្យ​វគ្គនេះ​​ដំណើការ​ដោយ​រលូន និង​ទទួល​បាន​ជោគជ័យ ដោយ​​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ទាំងអស់ ជាពិសេសនាយកដ្ឋាន​កីឡា​ជំនាញ និង​កីឡា​មហាជន បាន​ចាត់​តំណាង​ចូលរួម​ទាំង​ពិធី បើក និង ពិធីបិទ ដើម្បីជាការលើកទឹកចិត្តដល់វគ្គនេះ។

ប្រធាន​សហព័ន្ធ​​រូប​​នេះ បាន​​និយាយ​ថា៖ «ក្នុង​រយៈ​ពេល​៤​ថ្ងៃ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ឯកឧត្តម លោកគ្រូឧទ្ទេស សិក្ខាកាម បាន​​ប្តេជ្ញាចិ​ត្ត​យ៉ាង​មុតមាំ ដោយ​បាន​លះបង់​ពេលវេលា និង​ថាមពល ចែករំលែក និង​ទទួល​យក​ចំណេះ​ដឹង និង​បទ​ពិសោធន៍ ដើម្បី​បង្កើន​សមត្ថភាព បន្ថែម​ទៀត​ក្នុង​នាម​ជា​ស្នងការ​ប្រកួត និង​គណៈ​វិនិច្ឆ័យ​​ដែល​​ជា​​សរសរទ្រូង ជា​ឆ្អឹង​ខ្នង ដើរ​​តួនាទី​យ៉ាង​​សំខាន់ ក្នុង​ការ​​ដឹកនាំ​​គ្រប់គ្រង​​ការ​ប្រកួត ជា​​អ្នក​​ការពារ​​ច្បាប់ ការពារ​​យុត្តិធម៌ សុវត្ថិភាព និងស្មារតី​​នៃ​​កីឡា​របស់​​គុន​ខ្មែរ​យើង​»។

លោក ខូវ ឆាយ បានបញ្ជាក់​ថា៖ «ស្នងការប្រកួត និងគណៈវិនិច្ឆ័យដ៏ល្អ ត្រូវតែ​មានចំណេះដឹង មានក្រមសីលធម៌វិជ្ជាជីវៈ និងប្រកាន់ខ្ជាប់នូវអព្យាក្រឹត្យ យុត្តិធម៌ មិនលំអៀង ព្រោះ​ការសម្រេចចិត្តលើលទ្ធផលការប្រកួត មានផលប៉ះពាល់ដោយផ្ទាល់ទៅលើគុណផលបច្ចេកទេសរបស់អត្តពលិក ទស្សនិកជន និងកេរ្តិ៍ឈ្មោះរបស់គុនខ្មែរយើង»។

ជាមួយគ្នានេះ លោក ឆាយ បានឱ្យ​ដឹង​ថា វគ្គ​បំប៉ន​សមត្ថភាព​ស្នង​ការប្រកួត និងគណៈវិនិច្ឆ័យកីឡាប្រដាល់គុនខ្មែរ​នេះ មិនមែន​ជា​វគ្គ​ចុងបញ្ចប់​នៃ​ដំណើរ​អភិវឌ្ឍ​សមត្ថភាពសិក្ខាម​ប្រដាល់​គុនខ្មែរ​​​នោះ​ទេ គឺគ្រាន់​តែ​ជាការចាប់ផ្តើម ដើម្បី​បណ្តុះ​នូវចំណេះជំនាញ​ទៅ​ដល់​សិក្ខាកាមជាថ្នាក់​ដឹកនាំ ​គ្រូ​បង្វឹក និង​កីឡាករ កីឡាការិនី ដើម្បី​មានសមត្ថ​ភាព​យល់​ដឹង​ កាន់​តែ​ខ្ពស់​ឡើង​មួយ​កម្រិត​ទៀត។

ជាមួយ​ហេតុ​ផល​នេះ លោក ខូវ ឆាយ បានសង្កត់​ធ្ងន់ថា៖​ «ខ្ញុំ​សូម​លើកទឹក​ចិត្ត​លោក​គ្រូ បង ប្អូន​សិក្ខាកាម​ទាំងអស់​គ្នា ឱ្យ​បន្ត​រៀន​សូត្រ អនុវត្ត​ជា​ប្រចាំ និង​រក្សា​ឱ្យ​បាននូវ​​ស្តង់ដា​​វិជ្ជាជីវៈ ក្រមសីលធម៌​ខ្ពស់​បំផុត ដោយ​តួនាទីមួយនេះ មាន​ទាំង​ការ​ទទួល​ខុស​ត្រូវ និង​កិត្តិយស ហើយ​ខ្ញុំ​ក៏សូម​អបអរសាទរដល់​សិក្ខាកាមទាំងអស់​ ដែល​បាន​បញ្ចប់​វគ្គនេះ​ដោយ​ជោគជ័យ និង​បានត្រៀម​ខ្លួន​រួចរាល់​ ដើម្បី​យើង​ធ្វើការ​រួមគ្នា​បម្រើ ថែ​រក្សា លើក​កម្ពស់ និង​ចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ​កីឡា​ប្រដាល់​គុន​ខ្មែរ​របស់​យើង ឱ្យ​បន្ត​ភ្លឺស្វាង ដោយ​មោទនភាព​នៅ​ក្នុង​ប្រទេស និងនៅក្រៅប្រទេស»។

​តាម​របាយការណ៍​របស់គណៈកម្មការ​រៀបចំ បាន​ឱ្យ​ដឹង​ថា វគ្គបំប៉ន​សមត្ថភាព​ស្នង​ការប្រកួត និងគណៈវិនិច្ឆ័យកីឡាប្រដាល់គុនខ្មែរ​នេះ មានសិក្ខាចូលរួមចំនួន​​៣២នាក់ ហើយ​ក្រោមការ​បង្ហាត់បង្ហាញ​របស់​គ្រូឧទ្ទេស​ចំនួន​៤​​នាក់ រយៈពេល​៤​ថ្ងៃ​នេះ គឺ​មានសិក្ខាកាម​១៥​ភាគ​រយ ទទួល​បាន​និទ្ទេស​ល្អណាស់ រីឯ ​២០ភាគ​រយ ទទួលបាន​និទ្ទេស​ល្អ និង​សិក្ខាកាម​៦៥ភាគ​រយ​ទៀត ទទួលបាន​និទ្ទេស​មធ្យម៕

 

ប្រភព៖ PostKhmer

Leave A Reply

Your email address will not be published.