គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Matthew McConkey បានចាត់ទុកក្រុម Manila Digger FC របស់ហ្វីលីពីន ជាក្រុមគ្រោះថ្នាក់ ដែលសម្បូរទៅដោយកីឡាករល្អៗ ប៉ុន្តែក្រុមរបស់លោក ក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីឈានទៅសម្រេចគោលដៅដណ្តើមយកជ័យជម្នះ សម្រាប់ការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFC Challenge League 2025/26 ដែលធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីយប់ម៉ោង៧ ថ្ងៃទី៩ ខែមេសានេះ។
លោក Matthew McConkey បាននិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធថា៖ «ស្អែកនេះ (ថ្ងៃនេះ) យើងត្រូវលេងជាមួយក្រុមខ្លាំង ដែលមានការប្រកួតប្រជែងខ្លាំង ជាពិសេសគឺល្បឿន អ៊ីចឹង Manila Digger ជាក្រុមដែលមានគ្រោះថ្នាក់ នៅតំបន់ប្រយុទ្ធ ហើយក្រុមនេះ មានកីឡាករល្អៗច្រើន»។
លោកបន្ថែមថា៖ «ចំណុចគ្រោះថ្នាក់របស់ក្រុម Manila Digger គឺការផ្លាស់ប្តូររបៀបលេងពីតំបន់ការពារមកប្រយុទ្ធ អ៊ីចឹងយើងត្រូវធ្វើការឱ្យបានល្អ ជាពិសេសត្រូវទប់ស្កាត់ កុំឱ្យគេមានការវាយបកទៅលើទីតាំងខាងក្រោយខ្នងរបស់យើង ហើយយើងក៏ត្រូវគ្រប់គ្រងតំបន់កណ្តាលឱ្យបានល្អដូចគ្នា។ យើងបានត្រៀមខ្លួនយូរមកហើយជាមួយធនធានកីឡាករល្អៗរបស់យើង ព្រោះយើងបានដឹងថា យើងនឹងត្រូវជួបក្រុម Manila Digger នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះទៀត»។
គួររំឭកថា នៅមុនពេលការវិលមកជួបគ្នា នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុម Manila Digger ធ្លាប់បានជួបគ្នាម្តងហើយ សម្រាប់ការប្រកួតវគ្គចែកពូល ពានរង្វាន់ AFC Challenge League 2025/26 នេះ ដោយក្រុមទាំង២ បានស្មើគ្នា ២-២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥។

តែទោះបីជាយ៉ាងណា លោក Matthew បានអះអាងថា ការប្រកួតជាមួយក្រុម Manila Digger នៅថ្ងៃព្រហស្បតិ៍នេះ ខុសប្លែកពីលើកមុន ដោយកីឡាករល្អៗ និងមានគុណភាព នឹងត្រូវដាក់ឱ្យលេងនៅក្នុងជំនួបដ៏សំខាន់នេះ ដើម្បីស្វែងរកជ័យជម្នះ នៅជើងទី១ ក្នុងទឹកដីខ្លួនឯង មុនធ្វើដំណើរទៅប្រកួតជើងទី២ កាត់សេចក្តីនៅលើទឹកដីប្រទេសហ្វីលីពីនវិញ ដែលត្រូវធ្វើនៅថ្ងៃទី ១៦ ខែមេសា ខាងមុខនេះ។
លោកបញ្ជាក់ថា៖ «ពិតណាស់ការប្រកួតនេះ ខុសប្លែកពីការជួបគ្នាក្នុងវគ្គចែកពូល ព្រោះកាលនោះវាជាការប្រកួតលើកទី៣ ក្នុងរយៈពេល៦ថ្ងៃរបស់យើង ដែលយើងបានទុកកីឡាករមួយចំនួនឱ្យសម្រាក ចំណែកលើកនេះ យើងធ្វើទៅតាមអ្វី ដែលយើងបានរៀបចំដូចរាល់ដង គឺព្យាយាមឈ្នះការប្រកួត។ ពេលអត់បាល់ យើងត្រូវព្យាយាមលេងឱ្យខ្លាំងជាមួយគូប្រកួត ហើយពេលមានបាល់ យើងព្យាយាមគ្រប់គ្រងការប្រកួតឱ្យបានល្អ»។
ចំណែកខ្សែប្រយុទ្ធប្រេស៊ីល Roque Cristian របស់ក្រុមស្វាយរៀង បាននិយាយថា៖ «នេះជាការប្រកួតមួយដ៏លំបាក ព្រោះយើងត្រូវប៉ះក្រុមដែលលេងខ្លាំង និងមានការប្រកួតប្រជែងខ្ពស់ ប៉ុន្តែយើងត្រូវលេងទៅតាមផែនការ និងរបៀបរបស់យើង។ យើងត្រូវព្យាយាមគ្រប់ការប្រកួត និងបង្កើតឱកាសក្នុងការរកគ្រាប់បាល់ ដោយយើងសង្ឃឹមថា នឹងឈ្នះការប្រកួតមួយនេះ»។
ចំពោះលោក Kim Versales គ្រូបង្គោលក្រុម Manila Digger FC បានទទួលស្គាល់ថា ទាំងក្រុមស្វាយរៀង និងក្រុមរបស់លោក សុទ្ធតែបានបន្ថែមនៅកីឡាករចំណូលថ្មីមានគុណភាពមួយចំនួន ដែលខុសពីការជួបគ្នាលើកមុន ប៉ុន្តែលោកបានគិតថា ការប្រកួតនេះ មិនមានអ្វីខុសប្លែកគ្នាឆ្ងាយពីលើកមុននោះទេ។
លោកបាននិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធថា៖ «ការនាំចូលកីឡាករថ្មីៗ វាបានបន្ថែមនូវស្ថានភាពលេងរបស់ក្រុមទាំង២ ហើយបន្ទាប់ពីការប្រកួតរយៈពេល១៥នាទីដំបូង គឺក្រុមទាំង២ អាចនឹងសិក្សាពីរបៀបលេងពីគ្នាទៅវិញទៅមក។ ខ្ញុំក៏នឹងមានការកែប្រែស្ថានភាពលេងទៅតាមស្ថានភាពជាក់ស្តែងដូចគ្នា ប៉ុន្តែខ្ញុំគិតថា វាមិនមានអ្វីផ្លាស់ប្តូរច្រើននោះទេ ព្រោះក្រុមទាំង២ មិនមានការផ្លាស់ប្តូរគ្រូបង្វឹកដូចគ្នា»។
យ៉ាងណាក៏ដោយ លោក Kim Versales បានបង្ហាញឆន្ទៈក្នុងការដណ្តើមយកជ័យជម្នះលើក្រុមស្វាយរៀង នៅយប់នេះ ដោយបញ្ជាក់ថា៖ «ពួកយើងបានត្រៀមក្រុមយ៉ាងល្អ ហើយផែនការរបស់យើង គឺត្រូវយកជ័យជម្នះនៅទីនេះ គឺវាជាគោលដៅធំរបស់យើង។ យើងត្រូវការសមិទ្ធផលដ៏ធំមួយនៅថ្ងៃស្អែក ទៅតាមផែនការរបស់យើង ប៉ុន្តែយើងមិនអាចបង្ហាញផែនការលម្អិតរបស់យើង មុនការប្រកួតបាននោះទេ»៕
លោក Matthew McConkey បានចាប់ដៃស្វាគមន៍លោក Kim Versales នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធ ហើយអ្នកទាំង២ ត្រូវដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង និងក្រុម Manila Digger FC ប្រកួតគ្នានៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីយប់ម៉ោង៧ ថ្ងៃព្រហស្បតិ៍នេះ។ រូបថត ស្វាយរៀង
ការប្រកួតរវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុម Manila Digger FC នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយកាលនោះក្រុមទាំង២ បានស្មើគ្នា ២–២។ រូបថត ស្វាយរៀង
ប្រភប៖ PostKhmer