ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ នេះ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំប្រតិភូអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លា ព្រមទាំងថវិកាផ្ទាល់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់យោធិនពិការ យោធិនរបួស និងគ្រួសារកងទ័ព ដែលកំពុងរស់នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ។
ក្នុងឱកាសប្រកបដោយបរិយាកាសស្និទ្ធស្នាល និងក្តីសុខដុមរមនានេះ លោកជំទាវ នាយឧត្តមសេនីយ៍ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ និងក្តីនឹករលឹកបំផុតពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនយោធិនពិការ របួស និងគ្រួសារកងទ័ពទាំងអស់ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ទន្ទឹមនឹងនេះ លោកជំទាវ នាយឧត្តមសេនីយ៍ ព្រមទាំងប្រតិភូអមដំណើរ ក៏បានអញ្ជើញរៀបចំពិធីប្រគេនទេយ្យទាន និងបច្ច័យ ជូនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន ២ ក្នុងតំបន់ គឺ វត្តធម្មារាមប្រាសាទខ្វាវលិច និង វត្តប្រាសាទសំរោងតេជោសែនជ័យ ដើម្បីទ្រទ្រង់វិស័យព្រះពុទ្ធសាសនា។ក្នុងមួយវត្តៗ ទទួលបានអំណោយ និងបច្ច័យរួមមាន៖អង្ករ៖ ១០ បាវ,មី៖ ១០ កេស,ទឹកត្រី៖ ១០ យួរ,ត្រីខ៖ ១ កេស, ទឹកបរិសុទ្ធ៖ ១០ កេស, គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់៖ សារុង, ក្រណាត់ស, ភួយ, និងមុង ចំនួន ៥០ ឈុត,បច្ច័យ៖ ចំនួន ១,៥០០,០០០ (មួយលានប្រាំសែន) រៀល
សកម្មភាពមនុស្សធម៌នាពេលនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ និងការមិនបោះបង់ចោលគ្នារបស់ថ្នាក់ដឹកនាំ ចំពោះវីរយុទ្ធជនដែលបានខិតខំការពារទឹកដី និងសន្តិភាពជូនជាតិមាតុភូមិ៕
