ថ្លែងនៅក្នុងពិធីប្រគល់លិខិតបញ្ជាក់ វិញ្ញាបណ្ណបត្រ និងសញ្ញាបត្រខ្សែក្រវាត់ខ្មៅជូនដល់សិស្សគុន កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៦ លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ បានចាត់ទុកសមិទ្ធផលដែលសិស្សគុនទទួលបាននាពេលនេះ គឺកើតចេញពីកិច្ចសហការ និងការខិតខំប្រឹងប្រែងរួមគ្នារវាងអាណាព្យាបាល គ្រូបង្វឹក និងសាម៉ីខ្លួនផ្ទាល់។ ពិធីខាងលើនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ និងទទួលបានការអបអរសាទរយ៉ាងកក់ក្តៅពីសំណាក់អាណាព្យាបាលផងដែរ។
លោក គួច ហុងជៀក បានមានប្រសាសន៍ថា ការទទួលបានលិខិតបញ្ជាក់ វិញ្ញាបណ្ណបត្រ និងសញ្ញាបត្រខ្សែក្រវាត់ខ្មៅនាពេលនេះ គឺជាសាក្សីបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនរបស់លោកគ្រូ-អ្នកគ្រូ ព្រមទាំងការខិតខំប្រឹងប្រែងហាត់រៀនដោយខ្លួនឯងផ្ទាល់របស់សិស្សគុនម្នាក់ៗ។ បន្ថែមពីលើនេះ លោកប្រធានស្តីទីក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះអាណាព្យាបាល ដែលតែងតែគាំទ្រ និងលើកទឹកចិត្តបុត្រធីតារបស់ខ្លួនឱ្យចូលរួមលេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងរាងកាយរឹងមាំ ដែលនេះគឺស្របតាមទិសស្លោករបស់រាជរដ្ឋាភិបាលកម្ពុជា «ប្រជាជនម្នាក់ ត្រូវលេងកីឡាយ៉ាងតិចមួយប្រភេទប្រចាំជីវិត»។
យោងតាមរបាយការណ៍របស់លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូ ពិធីខាងលើនេះបានប្រគល់ជូនសិស្សគុនសរុបចំនួន ២៧នាក់ ក្នុងនោះរួមមាន៖លិខិតបញ្ជាក់ ចំនួន ០៧នាក់ (ស្រី ០១នាក់), វិញ្ញាបណ្ណបត្រ ចំនួន ១១នាក់ (ស្រី ០៧នាក់) និងសញ្ញាបត្រខ្សែក្រវាត់ខ្មៅ ចំនួន ០៩នាក់ (ស្រី ០២នាក់)៕
