ប្រេងឆៅលើទីផ្សារអន្តរជាតិ​ហក់​ឡើង​លើស​ពី​ ១០០​ដុល្លារ​ក្នុង​១​ប៉ារ៉ែល ​នា​ព្រឹក​ថ្ងៃចន្ទ​នេះ

0 6

ការបិទបញ្ចប់​កិច្ច​ពិភាក្សារវាង​មេដឹកនាំ​​សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ីរ៉ង់ដោយ​មិន​អាច​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀងណាមួយ​ ព្រម​ទាំង​ការ​ប្រកាស​បិទច្រកសមុទ្រ Hormuz ពី​សំណាក់​ភាគី​អាមេរិក​ បាន​រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​ហក់​ឡើង​ដល់​ជាង ១០០​ដុល្លារ​ ក្នុង ១ធុងបារ៉ែល​​ នា​ព្រឹក​ថ្ងៃចន្ទ​នេះ​​។

យោងតាម https://oilprice.com/ គិតត្រឹមម៉ោង ១០:០០ ថ្ងៃទី១៣ ខែមេសានេះ(ម៉ោងនៅកម្ពុជា) ប្រេងឆៅប្រភេទ WTI មានតម្លៃ ១០៤,៩ ដុល្លារក្នុង ១ធុងប៉ារ៉ែល កើនឡើង ៨,៣២% ធៀបថ្ងៃទី១២ ខែមេសា ចំណែកប្រភេទ Brent មានតម្លៃ ១០២,២ ដុល្លារ កើន​ឡើង ៧,០១%។

ការ​កើន​ឡើង​ភ្លាមៗ​នៃ​​តម្លៃ​ប្រេង​ឆៅ​​នេះ គឺកើតឡើង ១​ថ្ងៃបន្ទាប់​ពី​កិច្ច​ចរចា​បទ​ឈប់​បាញ់​រយៈ​ពេល​ជាង ២០​ម៉ោង រវាង​ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ ដែល​រៀបចំ​​នៅ​ប្រទេស​​ប៉ាគីស្ថាន​​ ​មិន​ទទួល​បាន​លទ្ធផល​ជា​វិជ្ជមានដែលនឹង​​អាច​នាំ​ទៅ​បិទ​បញ្ចប់​សង្គ្រាម​រវាង​ប្រទេស​ទាំង ២។

បន្ថែម​លើ​នោះ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី១២ ខែមេសា ក៏​បាន​សរសេរ​​​លើ​បណ្តាញសង្គម Truth Social ថា៖«កងទ័ពជើងទឹកអាមេរិក​នឹងចាប់ផ្តើមការបិទខ្ទប់រាល់កប៉ាល់​ដែលព្យាយាមចេញ-ចូល​តាម​ច្រកសមុទ្រ​ Hormuz»។

កាល​ពី​ថ្ងៃ​ទី​៨ ខែមេសា(ម៉ោងនៅកម្ពុជា) តម្លៃ​ប្រេង​ឆៅ​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​គួរឱ្យ​កត់​សម្គា់​បន្ទាប់​ពីរដ្ឋាភិបាល​អាមេរិក និង​អ៊ីរ៉ង់ ប្រកាសប​ទឈប់បាញ់ជាមួយ​គ្នា​រយៈពេល ២ សប្ដាហ៍ ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​ចរចារ​កាល​ពី​ថ្ងៃ​ទី​១១ ខែមេសា នៅ​ប្រទេស​ប៉ាគីស្ថាន​។ បែល​នោះ​ប្រេងឆៅប្រភេទ WTI មានតម្លៃ ៩៦,៥១ ដុល្លារក្នុង ១ធុងប៉ារ៉ែល និហ​ប្រភេទ Brent មានតម្លៃ ៩៤,៨០ ដុល្លារ។​

តម្លៃ​ប្រេង​ឆៅ​នៅទីផ្សារ​អន្តរជាតិ​បាន​កើន​ឡើង​ជាបន្ត​បន្ទាប់​ចាប់​តាំង​ពី​សហរដ្ឋអាមេរិក រួម​ជាមួយ​​ប្រទេស​អ៊ីស្រាអែល បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅលើ​ប្រទេស​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៦ ដោយ​នៅ​មុន​ពេល​សង្គ្រាម​ផ្ទុះ​ឡើង​ ​ប្រេង​ឆៅ​ប្រភេទ WTI មានតម្លៃប្រមាណ ៦៧ ដុល្លារក្នុង ១ធុងប៉ារ៉ែល ចំណែកប្រេងឆៅ​ប្រភេទ Brent មានតម្លៃ ៧២ ដុល្លារ៕​

 

ប្រភព៖ PostKhmer

Leave A Reply

Your email address will not be published.