ទំនិញកម្ពុជានាំចូល​​ជាង​ ៥០% មាន​ប្រភពមក​ពី​ប្រទេស​ចិន​ ​​​​

0 4

ប្រទេស​ចិន​បានដើរតួនាទី​កាន់​តែ​សំខាន់​ក្នុងការ​ក្លាយ​ជា​​ប្រភព​ផ្គត់ផ្គង់​ទំនិញ​ឱ្យ​កម្ពុជា ដោយ​នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៦ កម្ពុជា​​បាន​​នាំ​ចូលទំនិញ​​ពី​ប្រទេស​ចិន​ ក្នុង​​​ទឹក​ប្រាក់​ជិត ៤,៧ ពាន់​លាន​ដុល្លារ កើន​ឡើង​ ១/៤​ ដងបើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០២៥។ ទឹកប្រាក់​នេះ គឺស្មើ​នឹង​ជាង​ពាក់កណ្តាល​នៃ​ចំនួន​ទឹក​ប្រាក់​ដែលកម្ពុជាបញ្ចេញ​សម្រាប់​​នាំចូល​ទំនិញ​ពី​គ្រប់​ប្រទេស​ដៃគូពាណិជ្ជកម្ម​ទាំង​អស់​លើ​ពិភពលោក​។

ទិន្នន័យ​របស់​​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​(GDCE) ឱ្យ​ដឹង​ថា ក្នុងត្រីមាស​ទី​១ ឆ្នាំ​២០២៦ ​ការ​នាំ​ចូល នាំ​ចេញ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​​ចិន មាន​ទឹក​ប្រាក់​សរុបជិត ៥,១៦ ពាន់លាន​​ដុល្លារ កើន​ឡើង ២៦,៨% ​បើ​ធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ ​២០២៥ ដែល​មាន​ ៤,០៧ ពាន់​លាន​ដុល្លារ​។ ក្នុង​ចំនួន​នេះ គឺ​ទំនិញ​​​​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន​ មាន​ទឹកប្រាក់ ៤៥៩,៤៦ ​លាន​ដុល្លារ កើន​ ៣២% ចំណែកទំនិញ​ចិន​នាំ​ចូលមកវិញ​​ ៤,៥ ពាន់លាន​​ដុល្លារ កើន​ ២៦,៣%។ ​ផ្អែក​តាម​ទិន្នន័យខាងលើ គឺ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​ ​មាន​ឱនភាពរហូត​ដល់ ៤,២៤ ពាន់លាន​ដុល្លារ ខណៈ​កាល​ពី​ត្រីមាស​ទី​១ ​ឆ្នាំ​ ២០២៥ មាន​ចំនួន ៣,៣៧ ពាន់​​លាន​ដុល្លារ។

ទឹក​ប្រាក់​ដែល​កម្ពុជា​បញ្ចេញ​ទៅ​លើ​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ចិន គឺ​ស្មើ​នឹង ៥៣,១៦% នៃចំនួន​ទឹកប្រាក់​សរុប​ដែល​កម្ពុជា​បាន​បញ្ចេញ​​លើ​ការ​នាំ​ចូលទំនិញ​​ពី​បណ្តា​ដៃគូ​ពាណិជ្ជកម្ម​ទាំង​អស់​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៦ ដែល​មាន​ ៨,៨៣ ពាន់លានដុល្លារ​។​

អ្នក​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លក្ខខណ្ឌ​ទីតាំង​ភូមិសាស្រ្ត ភាព​ល្អ​ប្រសើរ​នៃ​ទំនាក់​ទំនង​ការទូត ព្រម​ទាំង​ភាព​ជា​ដៃគូ​រវាង​កម្ពុជា-ចិន ក្នុង​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​(FTA) និង​ពហុភាគី RCEP បាន​ធ្វើ​ឱ្យ​ប្រទេស​ចិន​ក្លាយ​​ជា​អ្នក​ផ្គត់​ផ្គង់ទំនិញ​ធំបំផុត​ឱ្យ​កម្ពុជា​។ លោក​បន្ត​ថា ម្យ៉ាង​ទៀត​នៅកម្ពុជាបច្ចុប្បន្ន​​ក៏​មាន​វិនិយោគិន​ចិន​ជា​ច្រើន​កំពុង​បើក​រោងចក្រ/សហគ្រាស ដែល​ការណ៍​នេះ​​ជំរុញឱ្យ​មាន​ការ​នាំចូល​ទំនិញ​ជា​ប្រភេទ​វត្ថុធាតុដើម ឬ​គ្រឿង​ផ្សំ​ជា​ច្រើន​ពី​ប្រទេស​ចិន​​មក​ចូល​រោងចក្រ/សហគ្រាស​កែច្នៃបន្ត​នៅ​កម្ពុជា​។​

លោក​បាន​ថ្លែង​ថា៖​«បើ​យើង​មើល​ទៅ​ជញ្ជីង​ពាណិជ្ជកម្ម គឺ​កម្ពុជា​ពិត​ជាមាន​ឱនភាព​ច្រើន​ ប៉ុន្តែ​ចំណុច​នេះ​វា​មិន​មែន​ជា​ក្តីបារម្ភ​នោះ​ទេ ព្រោះ​ផលិតផល​ដែល​កម្ពុជា​នាំ​ចូល​មក​ពី​ប្រទេស​ចិន គឺ​ភាគ​ច្រើន​ត្រូវ​បាន​យក​ទៅ​ចូល​ក្នុង​រោងចក្រ​/​សហគ្រាស​ដើម្បី​កែច្នៃ​សម្រាប់​នាំ​ចេញ​ទៅ​លក់​បន្ត​នៅ​ទីផ្សារ​ប្រទេស​ផ្សេង​ៗ​ទៀត​»។

ទំនិញ​សំខាន់ៗ​ដែល​កម្ពុជានាំចូល​មក​ពី​ប្រទេស​ចិន​ រួមមាន ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ ​សហគ្រាស ផលិត​ផលប្រើ​ប្រាស់​ប្រចាំថ្ងៃ ​​អាហារ ភេសជ្ជៈ រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​សំណង់ និង​គ្រឿងអគ្គិសនី-អេឡិចត្រូនិក។ ចំណែក​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន​ភាគ​ច្រើន​ជា​ផលិតផលកសិកម្ម ​គ្រឿង​សង្ហារឹម ​និង​ផលិត​ផល​វាយ​នភណ្ឌ។​

របាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានបង្ហាញ​ថា ក្នុងឆ្នាំ២០២៥ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅលំដាប់លេខទី១ ដែលបានរួមចំណែកប្រមាណ ៥៤,២៥% នៃទុនវិនិយោគសរុបនៅក្នុងប្រទេសកម្ពុជាចំនួន ១០ ពាន់​លានដុល្លារ។ ចំណែកវិនិយោគិនកម្ពុជា ស្ថិតនៅលំដាប់លេខរៀងទី២ ដែលបានរួមចំណែកប្រមាណ ៣១,២៧% និង​សិង្ហបុរី ស្ថិតនៅលេខរៀងទី៣ រួមចំណែក ៥,៩៩%។ ទិន្នន័យ​របស់​​ GDCE ឱ្យ​ដឹង​ថា ​ក្នុង​ឆ្នាំ​២០២៥ ​ការ​នាំ​ចូល នាំ​ចេញ​ទំនិញ​រវាង​ប្រទេស​កម្ពុជា និង​​ចិន មាន​ទឹក​ប្រាក់​សរុប ១៩,៧៣ ពាន់លាន​ដុល្លារ កើន​ ២៩,៩%​បើ​ធៀប​នឹង​ឆ្នាំ ​២០២៤​។ ក្នុង​ចំនួន​នេះ គឺ​ទំនិញ​​​ចិន​នាំ​មក​កម្ពុជា មាន​ចំនួន ១៨,០៤ ពាន់​លាន​ដុល្លារ កើន​ឡើង ៣៤,៣ ភាគរយ ចំណែកទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិន ១,៦៨ ពាន់​លាន​ដុល្លារ ថយចុះ ៣,៦%៕

 

ប្រភព៖ PostKhmer

Leave A Reply

Your email address will not be published.