ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាភ្នាក់ងារតំណាងកម្ពុជា បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មាធិការផ្សះផ្សា នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នៅប្រទេសសិង្ហបុរី នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ថា កម្ពុជាបានប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនសមុទ្រដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។
ចាប់តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០ កម្ពុជា-ថៃ បានចរចាគ្នា និងឈានដល់ការចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០១ ស្តីពីតំបន់ទាមទារដែនសមុទ្រជាន់គ្នា ដើម្បីអភិវឌ្ឍធនធានរួមគ្នា។ ប៉ុន្តែភាគីថៃបានប្រកាសលុបចោល MoU នេះដោយឯកតោភាគីកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ។
ឈរលើស្មារតីគោរពនីតិរដ្ឋ និងការដោះស្រាយវិវាទដោយសន្តិវិធី រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចប្រើប្រាស់ នីតិវិធីផ្សះផ្សាដោយបង្ខំក្រោម UNCLOS ដើម្បីស្វែងរកដំណោះស្រាយយុត្តិធម៌ និងចីរភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ដំណើរការផ្សះផ្សានេះ គឺដើម្បី ស្តារទំនុកចិត្តឡើងវិញ និងការពារអធិបតេយ្យភាព ព្រមទាំងទាញយកផលប្រយោជន៍ពីធនធានធម្មជាតិក្រោមសមុទ្រសម្រាប់កូនចៅជំនាន់ក្រោយ ពុំមែនជាការបង្កើតភាពតានតឹងនោះឡើយ។កម្ពុជាសង្ឃឹមថា ភាគីទាំងពីរនឹងចូលរួមក្នុងដំណើរការផ្សះផ្សានេះដោយស្ថាបនា ព្រមទាំងអនុវត្តឱ្យបានពេញលេញនូវរាល់កិច្ចព្រមព្រៀងដែលមានស្រាប់។ជាពិសេស សេចក្តីថ្លែងការណ៍រួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជួយឱ្យប្រជាជនភៀសសឹកជាង ២ម៉ឺននាក់ អាចវិលត្រឡប់លំនៅឋានវិញ ការពារទីតាំងវប្បធម៌ និងស្តារប្រក្រតីភាពទំនាក់ទំនងទ្វេភាគីឡើងវិញ ដើម្បីផលប្រយោជន៍សហគមន៍អាស៊ានទាំងមូល ៕