លោក Mauricio Claver-Carone ទីប្រឹក្សាមិនផ្លូវការ តែមានឥទ្ធិពលលើគោលនយោបាយប្រទេសវ៉េណេស៊ុយអេឡា របស់រដ្ឋបាលលោក Trump បានប្រកាសពីការលាលែងពីតំណែង ដោយលោកបានថ្លែងថា លោកនិងចូលនិវត្តន៍លើកិច្ចការវ៉េណេស៊ុយអេឡាហើយ ។ ទោះបីជាគ្មានតំណែងផ្លូវការនៅក្នុងរដ្ឋាភិបាល ហើយរាយការណ៍ផ្ទាល់ជូនរដ្ឋមន្ត្រីការបរទេស Marco Rubio ក៏ដោយ ក៏លោក Claver-Carone បានប្រើប្រាស់អំណាចយ៉ាងខ្លាំងក្នុងការរៀបចំទម្រង់ប្រទេសវ៉េណេស៊ុយអេឡាក្រោយយុគសម័យលោក Maduro បន្ទាប់ពីការចាប់ខ្លួនលោកប្រធានាធិបតី Nicolás Maduro កាលពីថ្ងៃទី ៣ ខែមករា ។

ក្នុងរយៈពេលប្រាំមួយខែចុងក្រោយនេះ លោកបានផ្តល់អាទិភាពលើការស្វែងរកឱកាសធុរកិច្ចថាមពលដ៏ចំណេញសម្រាប់ក្រុមហ៊ុនអាមេរិក — ដូចជាការជួយឱ្យក្រុមហ៊ុន Centerview Partners ទទួលបានកិច្ចសន្យាកែទម្រង់បំណុលតម្លៃ ១៥០ លានដុល្លារដោយគ្មានការដេញថ្លៃ និងការសម្របសម្រួលកិច្ចព្រមព្រៀងប្រេងជាមួយដឹកនាំថ្មី លោកស្រី Delcy Rodríguez — ដោយបានពន្យារពេលការកែទម្រង់នយោបាយ និងប្រជាធិបតេយ្យ។ ទោះបីជាលោក Claver-Carone អះអាងថាការចាកចេញរបស់លោកគឺជាការស្ម័គ្រចិត្តក៏ដោយ ប្រភពជាច្រើនបានរាយការណ៍ថា លោកត្រូវបានគេបង្ខំឱ្យលាលែងពីតំណែង ដោយសារតែការកើនឡើងនៃជម្លោះផ្ទៃក្នុងនៅក្នុងក្រសួងការបរទេស និងក្នុងចំណោមសម្ព័ន្ធមិត្តរបស់លោក Trump។ អ្នករិះគន់ រួមទាំងអតីតរដ្ឋទូតលោក Richard Grenell បានសម្តែងការព្រួយបារម្ភចំពោះពលរដ្ឋសាមញ្ញម្នាក់ដែលគ្រប់គ្រងមូលនិធិឯកជន ប៉ុន្តែបែបជាមកដឹកនាំអាជីវកម្មរាប់ពាន់លានដុល្លារនៅវ៉េណេស៊ុយអេឡា ព្រមទាំងការទាក់ទងរបស់លោកជាមួយបុគ្គលដែលមានប្រវត្តិអាស្រូវ ដូចជាពាណិជ្ជករលោក Alejandro Betancourt ក្នុ្នងនាមជាអ្នកសម្របសម្រួល។ លោក Claver-Carone បានបដិសេធថាលោក ឬមូលនិធិរបស់លោកគ្មានផលប្រយោជន៍ហិរញ្ញវត្ថុផ្ទាល់ខ្លួននៅក្នុងប្រទេសវ៉េណេស៊ុយអេឡានោះទេ ហើយក្រសួងការបរទេសបានអះអាងថា លោកមិនដែលកាន់តំណែងផ្លូវការណាមួយ ហើយត្រូវគេបណ្ដេញចេញនោះឡើយ។ បន្ទាប់ពីការចាកចេញពីតួនាទីប្រៀបដូចជា “ទេសរដ្ឋទូត” របស់លោក ការអនុវត្តគោលនយោបាយរបស់អាមេរិកចំពោះប្រទេសវ៉េណេស៊ុយអេឡា ត្រូវ បានប្រគល់ជូនក្រុមការងារអន្តរភ្នាក់ងារដែលដឹកនាំដោយលោក Rubio និងក្រុមការងារស្ថានទូតអាមេរិកដែលត្រូវបង្កើតឡើងវិញ ៕