ជើងហោះហើរ Air France 356 ប្រតិបត្តិការដោយយន្តហោះ Airbus A350-900 បានជួបប្រទះឧបទ្ទវហេតុកន្ទុយយន្តហោះបោកទង្គិចនឹងផ្លូវរត់ (Tail Strike) យ៉ាងធ្ងន់ធ្ងរ អំឡុងពេលព្យាយាមបោះបង់ការចុះចត (Go-around) នៅព្រលានយន្តហោះអន្តរជាតិ Toronto Pearson ក្នុងកម្មវិធីហ្វឹកហ្វឺនពីឡុត ។
ភ្លាមៗក្រោយពេលកង់យន្តហោះប៉ះផ្លូវរត់ ប្រធានពីឡុត (Captain) បានបញ្ជាឱ្យហោះឡើងវិញភ្លាមៗ។ ដោយសារតែយន្តហោះបានងើបក្បាលឡើងខ្លាំង មុនពេលម៉ាស៊ីនបង្កើនកម្លាំងរុញពេញលេញក្នុងល្បឿនទាប ទើបធ្វើឱ្យផ្នែកខាងក្រោមនៃកន្ទុយយន្តហោះបោកទង្គិចនឹងផ្លូវរត់។ ដោយមិនបានដឹងថាមានការបោកទង្គិចកន្ទុយ ក្រុមពីឡុតបានបន្តនីតិវិធីហោះឡើងវិញ ហើយបានចុះចតដោយសុវត្ថិភាពនៅ ១៤ នាទីក្រោយមក។
ការស៊ើបអង្កេតពីក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូននៃប្រទេសកាណាដា (TSB) បានរកឃើញការខូចខាតយ៉ាងដំណំនៅផ្នែកខាងក្រោមនៃកន្ទុយយន្តហោះ រួមមាន៖
-ការរបកស្រទាប់តួ (Composite skin delamination)
-ការធ្លាយរចនាសម្ព័ន្ធតួ និងការវៀចទ្រង់ទ្រាយខ្លាំងនៅកោណកន្ទុយ។ យន្តហោះនេះត្រូវផ្អាកការហោះហើរអស់រយៈពេលជិត ៦ ខែដើម្បីជួសជុល
ក្រុមហ៊ុនអាកាសចរណ៍ Air France បានពង្រឹងកម្មវិធីហ្វឹកហ្វឺនពីឡុតរបស់ខ្លួន ដោយបន្ថែមការអនុវត្តតាមឧបករណ៍ពិសោធការហោះហើរ (Simulator) ផ្តោតលើការបោះបង់ការចុះចត (Balked landings/Go-arounds) និង ការគ្រប់គ្រងការហោះហើរក្នុងលក្ខខណ្ឌថាមពលទាបនៅជិតដី ដើម្បីបង្កើនសុវត្ថិភាព និង ការពារកុំឱ្យមានឧបទ្ទវហេតុបែបនេះកើតឡើងទៀត ៕