អ៊ីស្រាអែលអនុម័តលើផែនការទិញយន្តហោះចម្បាំងតម្លៃរាប់ពាន់លានដុល្លារពីអាមេរិក

0 7

គណៈកម្មាធិការរដ្ឋមន្ត្រីទទួលបន្ទុកលទ្ធកម្មរបស់អ៊ីស្រាអែលបានអនុម័តជាផ្លូវការលើការទិញយន្តហោះចម្បាំងថ្មីចំនួនពីរប្រភេទ ហើយវាជាជំហានដំបូងក្នុងផែនការធ្វើទំនើបកម្មយោធារយៈពេលវែង មានតម្លៃរហូតដល់ ៣៥០ ពាន់លានស៊ីហ្គែល (ប្រហែល ១១៩ ពាន់លានដុល្លារអាមេរិក) ។

 

អ៊ីស្រាអែលនឹងទិញប្រភេទយន្តហោះចម្បាំង F-35 (Batch 4) ពីក្រុមហ៊ុន Lockheed Martin និងយន្តហោះចម្បាំង F-15IA (Batch 2) ពីក្រុមហ៊ុន Boeing។ ការបញ្ជាទិញនេះគឺជាយុទ្ធសាស្ត្ររក្សាឧត្តមភាពដែនអាកាសរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ហើយក៏ឆ្លើយតបទៅនឹងការគំរាមកំហែងក្នុងតំបន់ដើម្បីធានាបានសុវត្ថិភាពនៅថ្ងៃខាងមុខ។ យន្តហោះថ្មីទាំងនេះក៏នឹងរួមបញ្ចូលនូវសមត្ថភាពហោះហើរស្វ័យប្រវត្ត (Autonomous flight) ប្រព័ន្ធការពារជំនាន់ថ្មីផងដែរ ។

 

ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីមានជម្លោះយោធាផ្ទាល់រវាងអ៊ីស្រាអែល/សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។ មន្ត្រីការពារជាតិបានសង្កត់ធ្ងន់ថា ជម្លោះនេះបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីសារៈសំខាន់ សម្ព័ន្ធភាពយុទ្ធសាស្ត្ររវាងអាមេរិក និងអ៊ីស្រាអែល ព្រមទាំងតួនាទីសម្រេចរបស់កម្លាំងដែនអាកាសកម្រិតខ្ពស់ ។

 

អគ្គនាយកក្រសួងការពារជាតិ លោក Amir Baram បានថ្លែងថា អ៊ីស្រាអែលនឹងបន្តបោះជំហានទៅមុខដើម្បីបញ្ចប់កិច្ចព្រមព្រៀងជាផ្លូវការជាមួយរដ្ឋាភិបាល និង សមភាគីយោធារបស់សហរដ្ឋអាមេរិក ៕

ប្រភព៖ Channelnewsasia

Leave A Reply

Your email address will not be published.