ប្រមុខរដ្ឋស្តីទីបញ្ជាក់ពីការគំាទ្ររបស់កម្ពុជាចំពោះយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤បានទទួលជួបលោកAkiba Takeoទីប្រឹក្សាសន្តិសុខជាតិនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុននៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកAkiba Takeoនិងប្រតិភូទាំងអស់ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោបានសម្តែងនូវក្តីសង្ឃឹមថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុននឹងកាន់តែមានការរីកចម្រើន ហើយឈានទៅដល់ការយោគយល់គ្នាកាន់តែច្រើនឡើងតាមរយៈទស្សនកិច្ចនិងការពិភាក្សាគ្នានាពេលនេះ។នៅក្នុងឱកាសជំនួបនេះលោកAkiba Takeoបានសម្តែងនូវក្តីសោមនស្សរីករាយនិងការគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូចូលជួបពិភាក្សាការងារ។លោកបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោក្នុងការដឹកនាំកម្ពុជា ឱ្យមានសន្តិភាព ស្ថិរភាពនិងភាពសម្បូររុងរឿងបន្ទាប់ពីកម្ពុជាបានឆ្លងកាត់នូវប្រវត្តិសាស្រ្តសោកដនាកម្មដ៏ជូរចត់កាលពីអតីតកាល។លោកបានលើកបន្តដែរថា ក្រោមការដឹកនាំរបស់សម្តេចតេជោទំនាក់ទំនងរវាងកម្ពុជានិងជប៉ុន បានបន្តរីកចម្រើននិងពង្រឹងពង្រីកលើគ្រប់វិស័យរួមទាំងវិស័យសន្តិសុខផងដែរ។ ឆ្លៀតនៅក្នុងឱកាសនោះលោកបានជម្រាបជូនសម្តេចតេជោ អំពីការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុន ដែលធ្វើឡើងដើម្បីឱ្យស្របទៅតាមការវិវឌ្ឍសភាពការណ៍របស់តំបន់។ យុទ្ធសាស្រ្តនោះក៏នឹងផ្តោតទៅលើកការពង្រឹងកិច្ចសន្ទនាស្ថាបនាជាមួយប្រទេសដៃគូនិងប្រទេសមហាអំណាចធំៗ ដូចជាប្រទេសចិនជាដើម។ នៅក្នុងន័យនេះលោកបានគូសបញ្ជាក់ថាបើគ្មានកិច្ចសន្ទនា និងកិច្ចសហការរវាងគ្នា។ជាពិសេសជាមួយប្រទេសចិននោះទេ ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនានា ក៏នឹងមិនអាចសម្រេចបានដែរ។ នៅក្នុងបរិបទនេះលោកបានលើកឡើងពីការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជាជាមួយអាស៊ាន និងបណ្តាប្រទេសមហាអំណាចនានាដើម្បីស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់។ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណលោក Akiba Takeo ចំពោះការវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សម្តេចតេជោ ជាពិសេសនៅក្នុងការបង្រួបបង្រួមជាតិនិងការកសាងនិងរក្សាសន្តិភាព ដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តកម្ពុជាកន្លងមក។សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនជាលំដាប់រវាងកម្ពុជា-ជប៉ុន នៅលើវិស័យនានានិងក្នុងន័យនេះសម្តេចតេជោបានសម្តែងនូវក្តីអំណរគុណចំពោះជប៉ុន ក្នុងការគាំទ្រ និងការរួមចំណែកអភិវឌ្ឍកម្ពុជា តាំងពីពេលកម្ពុជាទទួលបានឯករាជ្យ និងពេលបច្ចុប្បន្ន មិនថាជាការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រព័ន្ធភស្តុភារកម្ម ដូចជាការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុជាដើម។ ជាមួយនឹងការលើកឡើងនេះ សម្តេចតេជោ បានគូសបញ្ជាក់អំពីតម្លៃសន្តិភាពដែលជាមូលដ្ឋានគ្រឹះបម្រើឱ្យការសម្រេចនិងការបន្តការអភិវឌ្ឍសង្គមជាតិ។សម្តេចតេជោបានលើកឡើងបន្តដោយគូសបញ្ជាក់ថាការពិនិត្យឡើងវិញនូវយុទ្ធសាស្រ្តសន្តិសុខជាតិរបស់ជប៉ុនក៏មិនខុសគ្នាអំពីទស្សនទានរបស់កម្ពុជាដែរពោលគឺប្រទេសទាំងពីរមានបំណងប្រាថ្នាពង្រឹងសន្តិភាពដូចគ្នា។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា បើគ្មានសន្តិភាពនោះទេ យើងមិនចាំចាច់និយាយពីបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងការអភិវឌ្ឍនោះឡើយ។នៅក្នុងកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខវិញ សម្តេចតេជោ បានថ្លែងអំណរគុណចំពោះជប៉ុន ដែលបានបញ្ជូនកងស្វ័យការពារជប៉ុន(JSDF)ចូលរួមនៅក្នុងប្រតិបត្តិការរក្សាសន្តិភាព (PKO) អង្គការសហប្រជាជាតិ នៅកម្ពុជានៅឆ្នាំ១៩៩២ ដែលកាលនោះសម្តេចបានចេញមុខគាំទ្រទោះបីជាទទួលរងនូវការទិតៀនពីមជ្ឈដ្ឋាននិងពីប្រទេសមួយចំនួននៅក្នុងតំបន់ក៏ដោយ។ សម្តេចតេជោ បានលើកបន្តថាទំនាក់ទំនងនៅក្នុងវិស័យការពារជាតិ ទាំងជើងទឹក និងជើងគោកក៏មានភាពកាន់តែល្អប្រសើរឡើងដែលទាំងអស់នេះបានឆ្លុះបញ្ចាំងអំពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះសម្តេចតេជោបានលើកឡើងថាកម្ពុជានឹងអនុញ្ញាតឱ្យនាវាជប៉ុនចូលចតមុនគេនៅកំពង់ផែរាមបន្ទាប់ពីការសាងសង់រួចរាល់ហើយ។ បន្ថែមពីលើនេះសម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ជប៉ុននៅក្នុងតំបន់ដោយសង្កេតឃើញថាប្រទេសក្នុងតំបន់បានចាត់ទុកជប៉ុនជាដៃគូល្អនិងបានគិតគូរអំពីផលប្រយោជន៍របស់ប្រទេសនានាក្នុងតំបន់ រួមទាំងការគោរពនូវមជ្ឈភាពអាស៊ាន។នៅក្នុងន័យនេះ សម្តេចតេជោ បានលើកឡើងអំពីការគំាទ្ររបស់កម្ពុជាចំពោះយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហរបស់ជប៉ុន។ ដោយសង្កេតឃើញថា មានប្រទេសជាច្រើនបានដាក់ចេញនូវយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក និងគំនិតផ្តួចផ្តើមផ្សេងៗ មកក្នុងតំបន់នោះ សម្តេចតេជោ បានបញ្ជាក់ឡើងវិញថាកម្ពុជានឹងគាំទ្រនូវរាល់យុទ្ធសាស្រ្តនិងគំនិតផ្តួចផ្តើមនានា ឱ្យតែយុទ្ធសាស្រ្តនិងគំនិតផ្តួចផ្តើមទាំងនោះ ផ្អែកទៅលើគោលការណ៍៣ នោះគឺ៖ (១) បម្រើឱ្យសន្តិភាព ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ មិនបម្រើឱ្យការច្បាំងគ្នា (២) មិនក្លាយជាឧបករណ៍ប្រឆាំងនឹងប្រទេសណាមួយ និង (៣) ត្រូវគោរពមជ្ឈភាពរបស់អាស៊ាន។នៅក្នុងស្មារតីនេះ សម្តេចបានបន្ថែមថា កម្ពុជាមានឯករាជ្យភាពក្នុងការសម្រេចចិត្តនយោបាយនៅក្នុងទំនាក់ទំនងអន្តរជាតិ។ពាក់ព័ន្ធនឹងការវិវឌ្ឍស្ថានភាពនៅក្នុងតំបន់ ដែលកាន់តែមានភាពតានតឹងនោះសម្តេចតេជោ បានធ្វើការវាយតម្លៃថា ឫសគល់នៃបញ្ហាគឺកើតឡើងមកពីការមិនជឿទុកចិត្តគ្នារវាងប្រទេសធំៗ និងការលូកដៃជ្រុលរបស់ប្រទេសខាងក្រៅទៅក្នុងកិច្ចការតំបន់។ ការណ៍នេះបានធ្វើឱ្យប្រទេសនីមួយៗខិតខំពង្រឹងសមត្ថភាពយោធាខ្លួន ដែលបណ្តាលឱ្យមានការរត់ប្រណាំងសព្វាវុធនៅក្នុងតំបន់។ នៅក្នុងបរិបទនេះសម្តេចតេជោបានលើកទឹកចិត្តឱ្យមានការសន្ទានាឱ្យបានច្រើនរវាងជប៉ុន និងចិន ដើម្បីបង្កើននូវការជឿទុកចិត្តគ្នាទៅវិញទៅមក។ សម្តេចតេជោ និងលោកAkiba Takeoក៏បានពិភាក្សា និងចែករំលែកទស្សនៈគ្នាអំពីបញ្ហាអន្តរជាតិផ្សេងៗដូចជាករណីសង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែនផងដែរ។សម្តេចតេជោបានជូនពរលោកនិងគណៈប្រតិភូទទួលបាននូវភាពរីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា៕
