ថៃអាចកែសម្រួលយុទ្ធសាស្ត្រក្នុងការចរចាទាញយកធនធានប្រេងរួមគ្នាជាមួយកម្ពុជា
រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Srettha Thavisin បានស្នើឲ្យមានការកែសម្រួលយុទ្ធសាស្ត្រចរចាជាមួយកម្ពុជាលើតំបន់ទាមទារត្រួតស៊ីគ្នា (OCA) នៅឈូងសមុទ្រថៃ។ការកែសម្រួលក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នារវាងថៃ-កម្ពុជា ឆ្នាំ២០០១ មានគោលបំណងពន្លឿនកិច្ចពិភាក្សា ដើម្បីសម្រេចបានកិច្ចព្រមព្រៀងស្តីពីការទាញយកធនធានប្រេងរួមគ្នា។លោក Pirapan Salirathavibhaga រដ្ឋមន្ត្រីក្រសួងថាមពលបាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងផ្តោតលើការចរចាឡើងវិញជាមួយកម្ពុជាស្តីពីតំបន់ត្រួតស៊ីគ្នានេះ ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍរួមគ្នាជាជាងការកំណត់ព្រំដែនសមុទ្រ។លោកបានបន្តថា “យើងត្រូវការថាមពលពីតំបន់នេះ មិនមែនទាមទារការបែងចែកដែនសមុទ្រនោះទេ។ នេះជាកិច្ចការលំបាក និងត្រូវការពេលវេលាដើម្បីដោះស្រាយ ដោយសារគ្មានប្រទេសណាអាចទទួលយកការផ្លាស់ប្តូរព្រំដែនរបស់ខ្លួនដោយងាយនោះទេ”។
លោកបានបន្តទៀតថា ថៃ និងកម្ពុជាបានទាមទារតំបន់នេះ និងដែនសមុទ្ររៀងៗខ្លួននៅពេលវេលាផ្សេងៗគ្នា ហើយការទាមទារគឺផ្អែកលើច្បាប់ផ្សេងៗគ្នា។ “ប្រទេសទាំងពីរទាមទារដោយស្របច្បាប់ ដូច្នេះវាពិតជាពិបាកក្នុងការវិនិច្ឆ័យថាអ្នកណាត្រូវ ឬខុស”។ “ប្រសិនបើយើងមិនអាចដោះស្រាយវិវាទបានដោយងាយទេនោះ តើបានអ្វីមកវិញនៅពេលដែលធ្វើឲ្យវាកាន់តែស្មុគស្មាញដោយការភ្ជាប់បញ្ហាទាំងពីរជាមួយគ្នា។
អនុស្សរណៈយោគយល់គ្នាដែលបានចុះហត្ថលេខារួមគ្នាដោយអតីតរដ្ឋមន្ត្រីការបរទេសថៃ លោក Surakiart Sathirathai និងអតីតប្រធានអាជ្ញាធរប្រេងជាតិកម្ពុជា លោក សុខ អាន នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០០១ នៅរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងច្បាស់ថា ការចរចាស្តីពីការកំណត់ព្រំដែនទឹកសមុទ្រ និងការអភិវឌ្ឍន៍រួមគ្នានៃធនធានប្រេងត្រូវតែធ្វើឡើងក្នុងពេលដំណាលគ្នាជាកញ្ចប់ដែលមិនអាចបំបែកបាន។

តំបន់ទាមទារត្រួតស៊ីគ្នាដែលមានប្រវែង ២៦,០០០ គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងឈូងសមុទ្រថៃ ដែលមានផ្ទុកឧស្ម័នធម្មជាតិរហូតដល់១១ ទ្រ៊ីលានហ្វីតគូប ព្រមទាំងបរិមាណប្រេងច្រើនទៀត។ វាត្រូវបានកំណត់នៅភាគខាងលិច នៅពេលដែលកម្ពុជាបានទាមទារដែនសមុទ្ររបស់ខ្លួននៅឆ្នាំ១៩៧២ និងនៅភាគខាងកើត ដូចដែលប្រទេសថៃបានទាមទារនៅឆ្នាំ ១៩៧៣។ប្រទេសទាំង២បានព្យាយាមដោះស្រាយជម្លោះដោយសន្តិវិធីតាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មកម្ល៉េះ!។ប៉ុន្តែមិនទទួលបានជោគជ័យណាមួយឡើយរហូតដល់ដើមសតវត្សទី២១។ រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា និងកម្ពុជាក្រោមការដឹកនាំរបស់សម្តេចហ៊ុន សែន បានឈានដល់ការចុះហត្ថលេខាក្នុងឆ្នាំ ២០២១ដើម្បីកំណត់តំបន់ខាងលើរយៈទទឹង១១ដឺក្រេខាងជើងសម្រាប់ការកំណត់ព្រំដែន និងខាងក្រោមបន្ទាត់សម្រាប់ការអភិវឌ្ឍរួមគ្នា។
អនុស្សរណៈក៏បានបង្កើតគណៈកម្មាធិការបច្ចេកទេសរួម (JTC) និងអនុគណៈកម្មាធិការជាយន្តការសម្រាប់ការចរចាដើម្បីដោះស្រាយវិវាទព្រំដែន ក៏ដូចជាការទាញយកធនធានធម្មជាតិរួមគ្នា។អនុស្សរណៈនៃការយោគយល់គ្នានេះបានស្ថិតក្នុងហានិភ័យនៃការត្រូវបានលុបចោលក្នុងឆ្នាំ ២០០៩ នៅពេលដែលគណៈរដ្ឋមន្ត្រីថៃក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Abhisit Vejjajiva បានបោះឆ្នោតច្រានចោលឯកសារនេះ បន្ទាប់ពីមានការផ្ទុះជម្លោះរវាងប្រទេសទាំងពីរជុំវិញប្រាសាទព្រះវិហារ។ ពេលនោះ Abhisit ក៏សម្តែងការមិនពេញចិត្តនៅពេលដែលលោក Thaksin ត្រូវបានតែងតាំងជាទីប្រឹក្សារបស់សម្តេច ហ៊ុន សែន ដែលអាចនឹងបង្កឱ្យមានជម្លោះផលប្រយោជន៍ ដោយសារឯកសារនេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងរដ្ឋាភិបាលរបស់លោកថាក់ស៊ីន។
ទោះជាយ៉ាងនេះក្តី អនុស្សរណៈយោគយល់នេះបានរស់រានមានជីវិតនៅពេលដែលរដ្ឋាភិបាលរបស់លោកស្រី Yingluck Shinawatra បានច្រានចោលសេចក្តីសម្រេចិត្តដែលបានធ្វើកាលពីលើកមុន ហើយបានបញ្ជាក់សារជាថ្មីថាអនុស្សរណៈយោគយល់គ្នានេះជាឯកសារមូលដ្ឋានសម្រាប់តំបន់ទាមទារត្រួតស៊ីគ្នា។ ពេលនោះទំនាក់ទំនងជាមួយប្រទេសកម្ពុជាបានមានភាពប្រសើរឡើងវិញ ប៉ុន្តែរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់មិនបានសម្រេចនូវវឌ្ឍនភាពណាមួយលើបញ្ហានេះទេ ដោយពេលនោះមានបញ្ហាក្នុងប្រទេសជាច្រើនដែលទាមទារអោយលោកស្រីដោះស្រាយ។រដ្ឋាភិបាលរបស់ឧត្តមសេនីយ៍ Prayut Chan-o-cha បានទម្លាក់លោកស្រី Yingluck ក្នុងរដ្ឋប្រហារឆ្នាំ២០១៤។ រដ្ឋាភិបាលថ្មីគ្រាន់តែបង្កើតគណៈកម្មាធិការបច្ចេកទេសរួមមួយដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan នៅចុងឆ្នាំ២០២២។ ក្រោយបានបង្កើតក្រុមការងារពីរនៅក្រោមគណៈកម្មាធិការរបស់លោក ប៉ុន្តែមិនមានឱកាសបន្តការចរចាជាមួយកម្ពុជា ខណៈដែលរដ្ឋាភិបាលរបស់លោកទទួលបរាជ័យក្នុងការបោះឆ្នោតនៅថ្ងៃទី១៤ ខែឧសភាឆ្នាំនេះ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស លោក Parnpree Bahiddha-Nukara បាននិយាយបន្ទាប់ពីដំណើរទស្សនកិច្ចនៅភ្នំពេញកាលពីចុងខែកញ្ញាថា រដ្ឋាភិបាលរបស់លោកចាំបាច់ត្រូវបង្កើតគណៈកម្មាធិការបច្ចេកទេសរួមថ្មីមួយ មុនពេលចាប់ផ្តើមការចរចាលើបញ្ហាតំបន់ត្រួតស៊ីគ្នាជាមួយកម្ពុជា។
គេនៅមិនទាន់ដឹងថាតើនរណានឹងត្រូវបញ្ចូលក្នុងគណៈកម្មាធិការនេះ ហើយថាតើវានឹងត្រូវបានដឹកនាំដោយក្រសួងការបរទេស ឬក្រសួងថាមពលដែរឬទេ។ Pirapan ដែលជាមេដឹកនាំគណបក្ស United Thai Nation ទំនងជាចង់ទទួលធ្វើការងារនេះ។ លោកបានស្នើអោយដកបញ្ហាថាមពលចេញពីការចរចាព្រំដែនសមុទ្រ។ លោកបានបន្តថា វិស័យឯកជនដែលចាប់អារម្មណ៍លើថាមពល គួរតែចូលរួមក្នុងការចរចានេះ។
លោកបានលើកឡើងទៀតថា “ក្រសួងការបរទេសមិនមានភារកិច្ចទាក់ទងនឹងបញ្ហាថាមពលនោះទេ” ហើយបានបន្ថែមថា ការចរចានឹងមិនទទួលបានជោគជ័យទេ ប្រសិនបើបញ្ហាថាមពល និងបញ្ហាដែនដីត្រូវបានភ្ជាប់ជាមួយគ្នា។Pichai Naripthapan ទីប្រឹក្សានាយករដ្ឋមន្ត្រី និងជាសមាជិកសំខាន់នៃគណបក្សភឿថៃបាននិយាយថា ការចរចាគួរតែផ្តោតលើបញ្ហាថាមពល និងគម្រោងអភិវឌ្ឍរួមគ្នា ដោយសារថាមពលគឺជាបញ្ហាបន្ទាន់មួយ ខណៈដែលប្រជាជនកំពុងចំណាយខ្ពស់លើតម្លៃថាមពល។លោកបានបន្ថែមថា ប្រសិនបើប្រទេសទាំងពីរអាចសម្រេចបានកិច្ចព្រមព្រៀងស្តីពីតំបន់ទាមទារត្រួតស៊ីគ្នានៅថ្ងៃនេះក៏ដោយ វានឹងត្រូវការពេលយ៉ាងហោចណាស់ប្រាំបីឆ្នាំដើម្បីទាញយកឧស្ម័នធម្មជាតិសម្រាប់យកទៅប្រើប្រាស់។កិច្ចពិភាក្សាការងារចុងក្រោយរវាងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកអគ្គរដ្ឋទូតថៃនៅភ្នំពេញ លោក Cherdkiat Atthakorn កាលពីចុងខែកញ្ញាមុនដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីថៃមកកាន់កម្ពុជា បានផ្តោតលើកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល និងប្រេងឥន្ធនៈ៕Thai PBS World
