សម្តេចហ៊ុន សែនផ្តល់អនុសាសន៍ដល់អង្គការចាត់តាំងនិងគណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងទិសដៅការងារបន្តរបស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជាដោយមានការចូលរួមពី អនុប្រធានគណបក្ស គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល ថ្នាក់ដឹកនាំ និង សមាជិក សមាជិកាគណៈចលនាមហាជនថ្នាក់កណ្ដាល គណៈចលនានីមួយៗអគ្គលេខាធិការដ្ឋាន ក្រុមការងារប្រមូលព័ត៌មាន វាយតម្លៃ និងឆ្លើយតបសតិអារម្មណ៍មហាជន គណៈចលនាមហាជន គ្រប់ថ្នាក់ គ្រប់ផ្នែក អង្គការ សមាគម និងសមាជិក សមាជិកាគណបក្សសរុបប្រមាណជាង២០០០នាក់។នេះបើតាមឲ្យដឹងពីAKP។ជាទិសដៅអនុវត្តបន្តរបស់របស់គណៈចលនាមហាជនគណបក្សប្រជាជនកម្ពុជាសម្ដេចហ៊ុនសែនប្រធានគណបក្សបានផ្តល់នូវអនុសាសន៍មួយចំនួនដល់គ្រប់អង្គការចាត់តាំងរបស់គណបក្សពិសេសគណៈចលនាមហាជនគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់លើការងារមួយចំនួនដូចខាងក្រោម៖
-ត្រូវបន្តថែរក្សាសន្តិភាព ស្ថិរភាព នៅកម្ពុជា ដើម្បីថែរក្សានូវសមិទ្ធផលនានាដែលយើងសម្រេចបានដោយលំបាកបំផុតនិងបន្តកសាងសមិទ្ធផលថ្មីៗ សម្រាប់ជាតិនិងប្រជាជន ដោយ សម្ដេចបានបញ្ជាក់ថាសមាជិកទាំងអស់ដែលមានតួនាទីកំពុងបំពេញភារកិច្ចការងារនៅក្នុងស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នារក្សាអោយបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវខិតខំរក្សាអោយបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ចដែលជាចំណង១ខ្សែ២ (រក្សាស្ថិរភាពនយោបាយនិងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច)។

-បន្តពង្រឹង និងពង្រីកអង្គការចាត់តាំង,ពង្រឹងការអនុវត្តតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់គណៈចលនាមហាជនគ្រប់ថ្នាក់ ដើម្បីបង្កើនប្រសិទ្ធភាពការងារពិសេសត្រូវរៀបចំបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្ត្រីបក្ស លើការងារមហាជន ទាំងគ្រូបង្គោល និងជនបង្គោលរបស់គណបក្ស រាជធានីខេត្ត ដើម្បីធានានិរន្តរភាព និងប្រសិទ្ធភាពការងារ។
-នៅចំពោះមុខសភាពការណ៍ជាតិ និងអន្តរជាតិ ដែលមានការវិវត្តកាន់តែស្មុគស្មាញនោះត្រូវតាមដានវាយតម្លៃអោយបានជាប់លើមតិ ការយល់ឃើញរបស់មហាជន ទាំងលើប្រព័ន្ធបណ្តាញសង្គម និងនៅតាមមូលដ្ឋានផ្ទាល់ លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្ស។
-បង្កើនការងារបណ្តុះស្មារតីសាមគ្គីភាពសង្គម យុទ្ធនាការបណ្តុះគំនិតវិជ្ជមានដល់ប្រជាជន និងការបង្កើនភាពកក់ក្ដៅរវាងមន្ត្រីបក្ស និងប្រជាជន ដោយត្រូវជំរុញការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងក្រសួង ស្ថាប័ន អង្គភាពរដ្ឋ នៅគ្រប់កម្រិត ពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ, និងពង្រឹងការងារផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ ទាំងតាមបែបប្រពៃជានិងបែបឌីជីថលឆ្លើយតបនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាពិសេសជម្រុញការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងការផ្សាយរបស់ប្រព័ន្ធអនឡាញជាពិសេសគឺការផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត ខ្វះសីលធម៌ ត្រូវមានវិធានការជាបន្ទាន់។
-បន្តការកំណែទម្រង់ ទាំងក្នុងបក្ស និងរដ្ឋ ដោយការធ្វើកំណែទម្រង់រដ្ឋ និងការធ្វើកំណទម្រង់ក្នុងបក្សត្រូវតែដើរទន្ទឹមគ្នាទើបការកែទម្រង់ទទួលបានជោគជ័យ។ បន្តជំរុញការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ពិសេសត្រូវពន្លឿនការដោះស្រាយវិស័យសេដ្ឋកិច្ចសង្គម ដែលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីលើកម្ពស់សេដ្ឋកិច្ចគ្រួសារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
និងបន្តចូលរួមពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការទូតសន្តិភាព មិត្តភាពជាមួយចលនាមហាជន ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន យុវជន និងយុវជន នៃបណ្តាប្រទេសជិតខាង និងប្រទេសជាមិត្តនានា ដោយឈរលើគោលការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យអធិបតេយ្យ បូរណភាពទឹកដី ស្មើភាព ស្មើសិទ្ធិនិងមានផលប្រយោជន៍ទៅវិញទៅមក។
ក្នុងឱកាសនេះនេះដែរ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរដល់ការប្រមូលចំណូលនិងបានជម្រុញការយកចិត្តទុកដាក់ប្រមូលចំណូលអោយអស់លទ្ធភាពបន្ថែមទៀតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនិងបានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលថ្មីៗនេះបានប្រកាសអោយការចុះបញ្ជីសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមប្រព័ន្ធឌីជីថលដែលនេះគឺកាន់តែផ្ដល់ភាពងាយស្រួលនិងកក់ក្ដៅដល់បងប្អូនអ្នកនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងជម្រុញអោយយកចិត្តទុកដាក់សេដ្ឋកិច្ចក្រៅប្រព័ន្ធអោយបានខ្លាំង។សម្ដេចតេជោបានកោតសរសើរចំពោះល្បឿននៃការដោះស្រាយបញ្ហាដីធ្លីនិងជម្រុញបន្ថែមទៀតនៃដោះស្រាយបញ្ហាដីធ្លីនិងការផ្ដល់ដីធ្លីដល់ប្រជាជនអោយចំគោលដៅ។ ក្នុងនោះដែរ សម្ដេចតេជោ ក៏បានកោតសរសើរដល់រាជរដ្ឋាភិបាលដែលបានរៀបចំគណកម្មាធិការដោះស្រាយក្រៅប្រព័ន្ធតុលាការផងដែរ។សូមបញ្ជាក់ផងដែរថា អង្គសន្និបាតគណៈចលនាមហាជន បានចាប់ផ្ដើមដំណើរការ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ដែលពិធីបើកប្រព្រឹត្ត ទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។ តាមរយៈអង្គសន្និបាតនេះបានបង្ហាញពីវឌ្ឍនភាពការងារ ការរៀបចំរចនាសម្ព័ន្ធ សមិទ្ធផលនានា ក៏ ដូចជាបញ្ហាប្រឈម សំណូមពរ និងទិសដៅការងាររួមផងដែរ៕
