Daily News Sharing

តើ​អនា​គត​ប្រ​ធា​នា​ធិ​បតី​កូរ៉េ​ខាង​ត្បូង​នឹ​ង​ទៅជាយ៉ាងណា​បន្ទាប់​ពី​​ការ​សម្រេច​ចោ​ទ​ប្រកាន់​ពី​រដ្ឋសភា?

19

ការបោះឆ្នោតរបស់រដ្ឋសភាកូរ៉េខាងត្បូងដើម្បីអនុម័តលើការចោទប្រកាន់ប្រធានាធិបតីYoon Suk-yeolគឺជាចំណុចកំពូលនៃវិបត្តិនយោបាយ ដែលផ្តើមចេញពីការដាក់ច្បាប់អាជ្ញាសឹកភ្លាមៗរបស់លោកនៅល្ងាចថ្ងៃទី ៣ខែធ្នូ។ប្រធានាធិបតី Yoon Suk-yeol ត្រូវបានព្យួរពីតំណែង បន្ទាប់ពីសមាជិកយ៉ាងហោចណាស់១២នាក់នៃគណបក្សអំណាចប្រជាជន(PPP)ដែលកំពុងកាន់អំណាចបានបោះឆ្នោតគាំទ្រការចោទប្រកាន់លោកចំពេលលោកបដិសេធមិនព្រមលាលែងពីតំណែង។ទោះ​បី​ជា​យ៉ាង​ណា​ជោគ​វាសនា​របស់​អ្នក​នយោបាយ​រូប​នេះ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ។

ផ្លូវវែងឆ្ងាយទៅកាន់ការចោទប្រកាន់ជាផ្លូវការ

Middle Content

យោងតាមទូរទស្សន៍CNNការបោះឆ្នោតអនុម័តលើសំណើចោទប្រកាន់ដោយសភាជាតិកូរ៉េនៅថ្ងៃទី១៤ខែធ្នូគ្រាន់តែជាជំហានដំបូងក្នុងដំណើរការដ៏វែងឆ្ងាយនិងលំបាកក្នុងការបញ្ចប់អាណត្តិប្រធានាធិបតីរបស់លោក Yoonជាផ្លូវការ។ចំណាត់ការបន្ទាប់គឺអាស្រ័យលើតុលាការធម្មនុញ្ញដែលឥឡូវនេះមានពេលរហូតដល់១៨០ថ្ងៃដើម្បីសម្រេចថាតើត្រូវបន្តឬបដិសេធការបោះឆ្នោតចោទប្រកាន់។ ក្នុង​ពេល​នោះនាយក​រដ្ឋមន្ត្រីHan Duck-soo កាន់​តួនាទី​ជា​ប្រធានាធិបតី​ស្តីទី។តុលាការ​បាន​ជួប​ប្រជុំ​ជា​លើក​ដំបូង​ដើម្បី​ពិភាក្សា​អំពី​ករណី​លោកYoon នៅ​ថ្ងៃ​ទី ១៦ ខែ​ធ្នូ ហើយ​បាន​ប្រកាស​ពី​គម្រោង​បើក​សវនាការ​បឋម​លើក​ដំបូង​នៅ​ថ្ងៃ​ទី២៧ខែ​ធ្នូ។ តុលាការបានប្រកាសថាខ្លួននឹងចាត់ទុកករណីនេះជា “អាទិភាពកំពូល” ក្នុងចំណោមសំណុំរឿងចោទប្រកាន់ជាច្រើនដែលត្រូវបានជំរុញដោយក្រុមប្រឆាំងនឹងរដ្ឋបាលYoon រួមទាំងការផ្តោតទៅលើអគ្គមេធាវី ព្រះរាជអាជ្ញានិងព្រះរាជអាជ្ញាជាន់ខ្ពស់ផ្សេងទៀត។ក្នុងឆ្នាំ២០១៦ តុលាការធម្មនុញ្ញបានចំណាយពេល៣ខែដើម្បីធ្វើការសម្រេចចិត្តបណ្តេញលោកស្រីPark Geun-hye ដែលជាមេដឹកនាំស្ត្រីដំបូងគេ និងជាប្រធានាធិបតីដែលកំពុងអង្គុយរបស់កូរ៉េខាងត្បូងដែលត្រូវបានដកចេញពីតំណែងតាមរយៈការចោទប្រកាន់។ លោកស្រីParkត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល២០ ឆ្នាំ​ពី​បទ​ពុករលួយ និង​បំពាន​អំណាច។ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​លើក​លែង​ទោស។
ប្រធានាធិបតីមុនម្នាក់ទៀតលោក Roh Moo-hyun បានយកឈ្នះលើការប្រឈមមុខនឹងការចោទប្រកាន់នៅឆ្នាំ២០០៤នៅពេលដែលតុលាការធម្មនុញ្ញបានច្រានចោលការផ្លាស់ប្តូរនេះបន្ទាប់ពីមានការពិភាក្សាអស់រយៈពេល២ខែ។លោកRohក្រោយមកបានបន្តធ្វើជាប្រធានាធិបតីរហូតដល់ចប់អាណត្តិ៥ឆ្នាំ។លើក​នេះ ការ​ពិចារណា​របស់​តុលាការ​ធម្មនុញ្ញ​អំពី​អនាគត​របស់​លោកYoon នឹង​កាន់​តែ​ស្មុគស្មាញ ដោយសារ​កត្តា​មួយ​ទៀត។តុលាការដែលមានសមាជិក៩នាក់បច្ចុប្បន្នមានចៅក្រមតែ៦រូបប៉ុណ្ណោះដោយសារតែការពន្យារពេលក្នុងការបំពេញតំណែងទំនេរចំនួន៣ដែលបន្សល់ទុកដោយចៅក្រមចូលនិវត្តន៍។យោងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសការចោទប្រកាន់នឹងធ្វើឡើងជាផ្លូវការនៅពេលដែលចៅក្រមយ៉ាងហោចណាស់៦រូបបានអនុម័តដំណើរការនេះ។នេះមានន័យថា ចៅក្រមទាំងអស់នៃតុលាការបច្ចុប្បន្ននឹងបោះឆ្នោតជាឯកច្ឆ័ន្ទលើការចោទប្រកាន់ដើម្បីបណ្តេញលោកYoon ចេញពីតំណែងជាផ្លូវការ លុះត្រាតែចៅក្រមថ្មីបំពេញមុខតំណែងដែលនៅទំនេរនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។គណបក្សកាន់អំណាចនិងគណបក្សប្រឆាំង មានបំណងតែងតាំងចៅក្រមដែលទាំងបីរូប នៅចុងខែនេះ។
ប្រសិនបើតុលាការធម្មនុញ្ញរក្សាការចោទប្រកាន់នេះ លោក Yoon នឹងក្លាយជាប្រធានាធិបតីដែលកាន់តំណែងខ្លីបំផុតក្នុងប្រវត្តិសាស្ត្រកូរ៉េ។ បន្ទាប់​មកប្រទេស​នេះ​នឹង​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ដំបូង​ក្នុង​រយៈ​ពេល៦០ថ្ងៃដើម្បី​ស្វែង​រក​អ្នក​ជំនួស​លោក។

ការស៊ើបអង្កេតជាបន្តបន្ទាប់ទៅលើការបះបោរដែលត្រូវបានចោទប្រកាន់

ទោះបីជាលោកប្រធានាធិបតី Yoonត្រូវបានព្យួរពីតំណែងក៏ដោយ ។ប៉ុន្តែលោកមិនត្រូវបានបណ្តេញចេញជាផ្លូវការនោះទេ។ នោះមានន័យថាលោកនៅតែមានអភ័យឯកសិទ្ធិប្រធានាធិបតីពីការចោទប្រកាន់ព្រហ្មទណ្ឌភាគច្រើនលើកលែងតែការបះបោរឬក្បត់ជាតិ។
ប៉ូលីសសភាអយ្យការនិងទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់ប្រទេសកូរ៉េខាងត្បូងបានបើកការស៊ើបអង្កេតដាច់ដោយឡែកពីគ្នាលើលោកYoon ជុំវិញការចោទប្រកាន់ពីបទក្បត់ជាតិទាក់ទងនឹងការប្រកាសច្បាប់អាជ្ញាសឹកនៅល្ងាចដ៏ខ្លីនៃថ្ងៃទី៣ខែធ្នូ។ក្រុមស៊ើបអង្កេតរួមគ្នា រួមមានប៉ូលីស ភ្នាក់ងារប្រឆាំងអំពើពុករលួយនិងក្រសួងការពារជាតិបានចោទប្រកាន់លោកYoonពីបទរំលោភអំណាចនិង”ដឹកនាំការបះបោរ”ជាឧក្រិដ្ឋកម្មដែលអាចមានទោសប្រហារជីវិត។មន្ត្រីម្នាក់បានបង្ហើបប្រាប់ប្រព័ន្ធផ្សព្វផ្សាយថានៅថ្ងៃទី១៦ខែធ្នូក្រុមស៊ើបអង្កេតបានព្យាយាមផ្ញើសេចក្តីជូនដំណឹងមួយស្នើសុំឱ្យលោកYoon បង្ហាញខ្លួនដើម្បីសាកសួរនៅថ្ងៃទី១៨ ខែធ្នូ ។ប៉ុន្តែការិយាល័យប្រធានាធិបតីបដិសេធមិនបញ្ជូនបន្តសំណើនេះ។
កន្លង​មក​នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ លោក Yoon មិន​អើពើ​នឹង​ការ​កោះ​ហៅ​ដើម្បី​សាកសួរ​ពី​ព្រះរាជអាជ្ញា​ដែល​កំពុង​បើក​ការ​ស៊ើប​អង្កេត​ដោយ​ឡែក។ អយ្យការ​បាន​ធ្វើ​សំណើ​លើក​ទី​២នៅ​ថ្ងៃ​ទី​១៦ ខែ​ធ្នូ។ប៉ុន្តែ​មិន​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ពេល​ដែល​លោកYoon ត្រូវ​ចូល​ខ្លួន​ទេ។
កាលពីសប្តាហ៍មុន លោក Oh Dong-woon ប្រធានការិយាល័យស៊ើបអង្កេតអំពើពុករលួយកម្រិតខ្ពស់របស់ប្រទេសកូរ៉េខាងត្បូងបានប្រកាសថាទីភ្នាក់ងារនឹងស្វែងរកចាប់ខ្លួនលោកYoon ប្រសិនបើលក្ខខណ្ឌត្រូវបានបំពេញ។នៅថ្ងៃដដែលនោះប៉ូលីសបានព្យាយាមលបឆ្មក់ចូលការិយាល័យប្រធានាធិបតី។ប៉ុន្តែត្រូវបានរារាំងមិនឱ្យចូល។វាមិនច្បាស់ទេថាតើលោកYoonនឹងបញ្ចប់ក្នុងស្ថានភាពស្រដៀងគ្នានឹងអតីតរដ្ឋមន្ត្រីការពារជាតិKim Yong-hyun ដែលត្រូវបានចាប់ខ្លួនដោយរដ្ឋអាជ្ញាកាលពីសប្តាហ៍មុនពីបទចោទប្រកាន់ថាលោកប្រធានាធិបតីដាក់ច្បាប់អាជ្ញាសឹកនិងលាលែងពីតំណែងដោយសារតែរឿងអាស្រូវនេះ។លោកKimថែមទាំងព្យាយាមធ្វើអត្តឃាតក្នុងឃុំខ្លួនទៀតផង៕ឌុំសាវុន

Footer Content