Daily News Sharing

តើអ្ន​កសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះ​ថ្នាលឌីជីថល​នឹងជួយអ្វីខ្លះ?

15

សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាបានលើកឡើងថា ការចុះឈ្មោះដោយស្ម័គ្រចិត្តអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលចុះឈ្មោះក្នុងថ្នាលឌីជីថលមិនត្រឹមតែជួយពង្រឹងជំនាញដែលមានស្រាប់បន្ថែមនោះទេ តែថែមទាំងមានឱកាសចាប់យកជំនាញថ្មីផងដែរ។

Middle Content

ការលើកឡើងរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ភ្នំពេញ។សម្តេចធិបតីបានបញ្ជាក់ថា អ្នកសេដ្ឋកិច្ចដែលចុះឈ្មោះក្នុងថ្នាលឌីជីថលនឹងមានសមត្ថភាពនិងឱកាសកាន់តែប្រសើរក្នុងការពង្រីកអាជីវកម្មបង្កើនប្រាក់ចំណូលនិងបង្កើនការងារ សម្រាប់ខ្លួនឯងនិង អ្នកដទៃ។ សម្ដេចធិបតីបានបន្ដថា លើសពីនេះទៀត អ្នកចុះឈ្មោះព្រៀបដូចជាកូនសោរមួយ ដែលបងប្អូនអាចចាក់ដើម្បីបើកទ្វារទៅកាន់សេវាហិរញ្ញវត្ថុផ្លូវការ រួមទាំងសេវាឥណទានឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរនិងចៀសវាងទៅចងការឬខ្ចីបុលក្រៅផ្លូវការ។សម្តេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថាអ្នកសេដ្ឋកិច្ចដែលចុះឈ្មោះថ្នាលឌីជីថលនេះដែរក៏នឹងមានលទ្ធភាពក្នុងការចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)ទៅតាមលក្ខខ័ណ្ឌដែលបានកំណត់និងងាយស្រួលក្នុងការបង់ភាគទានដើម្បីទទួលបានអត្ថប្រយោជន៍ ផ្នែកថែទាំសុខភាព សម្រាប់ខ្លួននិងសមាជិកគ្រួសារ។ក្នុងឱកាសនោះសម្តេចធិបតីហ៊ុនម៉ាណែតបានគូសបញ្ជាក់ឱ្យដឹងដែរថាគិតមកដល់បច្ចុប្បន្ននេះមានប្រជាជនជាង៧លាន៣សែននាក់បានគ្រប់ដណ្តប់ដោយគម្រោង ប.ស.ស និងកម្មវិធីជំនួយសង្គម(ប័ណ្ណក្រីក្រ)។តាមរយៈចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចនេះ។ទន្ទឹមនេះរាជរដ្ឋាភិបាលនឹងមានលទ្ធភាពទៅដល់ការគ្រប់គ្រងទិន្នន័យបានល្អនិងលទ្ធភាពផ្តល់ការគាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅដល់គោលដៅរហ័សពិសេសនៅក្នុងពេលវិបត្តិដូចជាគ្រោះមហន្តរាយធម្មជាតិឬជំងឺរាគត្បាតជាដើម។សម្តេចធិបតីបញ្ជាក់ថា៖«ការចុះថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះនិយាយឱ្យខ្លីដើម្បីឱ្យរាជរដ្ឋាភិបាលជួយបងប្អូនឱ្យចំគោលដៅ និងចំពេលវេលា បងប្អូននៅទីណា ប្រកបរបរអ្វី ឬត្រូវការជួយអ្វីខ្លះ»។ជាមួយគ្នានេះ សម្តេចធីបតីបានបន្ថែមទៀតថា សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគ្រួសារក្រីក្រនិងងាយរងគ្រោះការចុះឈ្មោះក៏នឹងជួយសម្រួលដល់ការទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃតាមរយៈមូលនិធិសមធម៌សុខាភិបាល នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស។ សម្ដេចធិបតីក៏បានអះអាងផងដែរថានេះក៏ជាជំហានដ៏សំខាន់មួយឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលដែលជាមូលដ្ឋានគ្រឹះនៃចក្ខុវិស័យរបស់យើងសម្រាប់ការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាបន្ន។ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងសម្រួលឱ្យរាជរដ្ឋាភិបាលទទួលបានទិន្នន័យច្បាស់លាស់សម្រាប់ផ្តល់អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ពិសេសក្នុងអំឡុងពេលមានវិបត្តិ ហើយក៏បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗដូចជាការអភិវឌ្ឍជំនាញការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងសេវាគាំពារសង្គមជាដើម៕ប្រភពSTPM

Footer Content