ការបង្ហាញខ្លួនរបស់ត្រីរាជទន្លេមេគង្គដ៏កម្រនៅកម្ពុជាផ្តល់នូវក្តីសង្ឃឹមថ្មីសម្រាប់ការរស់រានឡើងវិញ
គម្រោងអភិរក្សTheWonders of the Mekongបានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃសុក្រថាត្រីរាជទន្លេមេគង្គជិតផុតពូជចំនួន៦ក្បាលដែលជាត្រីទឹកសាបដ៏ធំនិងកម្របំផុតនៅលើពិភពលោកត្រូវបានចាប់បាននិងបានលែងវិញនៅកម្ពុជាក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ត្រីរាជដែលចាប់បានទាំងនេះគឺជាសក្ខីភាពចំពោះកិច្ចខិតខំប្រឹងប្រែងអភិរក្សជាច្រើនទសវត្សរ៍និងការចូលរួមរបស់សហគមន៍ដែលបានផ្តល់ក្តីសង្ឃឹមថ្មីសម្រាប់ការរស់រានមានជីវិតនៃប្រភេទត្រីកម្រនេះដែលនៅក្នុងជម្រកដើមរបស់វា។សេចក្តីប្រកាសបានបន្ថែមថាក្នុងចំណោមត្រីទឹកសាបដ៏ធំបំផុតក្នុងពិភពលោកត្រីរាជទន្លេមេគង្គអាចមានប្រវែងជិត៣ម៉ែត្រនិងទម្ងន់រហូតដល់៣០០គីឡូក្រាម។ព្រឹត្តិការណ៍ជាបន្តបន្ទាប់បានចាប់ផ្តើមកាលពីថ្ងៃទី៦ខែធ្នូនៅពេលដែលត្រីរាជទន្លេមេគង្គចំនួនពីរក្បាលត្រូវបានចាប់បានដោយចៃដន្យនៅក្នុងទន្លេសាបក្បែររាជធានីភ្នំពេញហើយបានដាក់ស្លាកសញ្ញាសម្គាល់និងបានលែងជាបន្តបន្ទាប់។កាលពីថ្ងៃទី១០ ខែធ្នូ ត្រីរាជចំនួន៤ក្បាលទៀត ត្រូវបានចាប់ និងលែងនៅទីតាំងមួយចំនួន តាមដងទន្លេមេគង្គ និងទន្លេសាប។សេចក្តីប្រកាសព័ត៌មានបានបន្តថា ត្រីរាជពេញវ័យចំនួនពីរក្បាលមួយមានទម្ងន់១២០គីឡូនិងមួយក្បាលទៀតមានទម្ងន់១៣១ គីឡូក្រាម ដោយទាំងពីរក្បាលមានប្រវែងជាង ២ ម៉ែត្រ។ត្រីរាជទាំងពីរក្បាលនេះត្រូវបានដាក់ស្លាកសញ្ញាសម្គាល់អត្តសញ្ញាណដើម្បីជួយតាមដាននិងស្រាវជ្រាវរយៈពេលវែង។សេចក្តីប្រកាសបានបន្ថែមថាការរស់រានមានជីវិតរបស់ត្រីរាជទន្លេមេគង្គគឺស្ថិតនៅលើកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រកបដោយនិរន្តរភាព និងការការពារទីជម្រករបស់វា។
“របបគំហើញទាំងនេះមិនត្រឹមតែផ្តល់ឱកាសដ៏កម្រមួយដើម្បីសង្កេតមើលត្រីដ៏កម្របំផុតមួយរបស់ពិភពលោកប៉ុណ្ណោះទេ។ប៉ុន្តែថែមទាំងផ្តល់នូវទិន្នន័យសំខាន់ៗសម្រាប់ការស្វែងយល់និងការការពារផ្លូវទឹកនៃការបម្លាស់ទី និងជម្រកពងកូនដែលចាំបាច់សម្រាប់ការរស់រានមានជីវិតរបស់ពួកវា” នេះបើតាម លោក Zeb Hogan ជីវវិទូស្រាវជ្រាវនៃសាកលវិទ្យាល័យ Nevada Reno ដែលដឹកនាំគម្រោងអភិរក្សthe Wonders of the Mekong៕Xinhua/KT
