នាយករដ្ឋមន្រ្តីមានមោទភាពចំពោះទំហំពាណិជ្ជកម្មរបស់កម្ពុជា
មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជាលើកទី១៧ នៅមជ្ឈមណ្ឌលភីអេចហ្គ្រេនហល បុរីប៉េងហួតបឹងស្នោរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជាបានសម្តែងនូវមោទភាព និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងពាណិជ្ជកម្ម ក្រសួងស្ថាប័នពាក់ព័ន្ធនឹងវិស័យឯកជនដែលបានជំរុញឱ្យទំហំពាណិជ្ជកម្មរបស់កម្ពុជាគិតត្រឹមរយៈពេល១១ខែឆ្នាំ២០២៤មានទៅដល់៥០,៤៦ពាន់លានដុល្លារកើនឡើងប្រមាណ១៥,៩៥%ធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣។សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា “ខ្ញុំកត់សម្គាល់គិតថាត្រឹមរយៈពេល១១ខែ ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជាមាន៥០,៤៦billionដុល្លារកើនឡើងប្រមាណ១៥,៩៥% ធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣” ។

សម្តេចធិបតី បានមានប្រសាសន៍បន្ថែមថា”ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំពិតជាមានមោទនភាព និងកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្រសួងស្ថាប័នពាក់ព័ន្ធ នឹងវិស័យឯកជន ដែលជានិច្ចកាល មានកិច្ចសហប្រតិបត្តិការល្អ ក្នុងការទាក់ទាញវិនិយោគិន និងការជំរុញកំណើនពាណិជ្ជកម្ម តាមរយៈការនាំចេញទៅទីផ្សារ ក្នុងតំបន់ និងសកលលោក” ។
សម្តេចធិបតីក៏បានគូសបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់មូលដ្ឋានគ្រឹងយ៉ាងសំខាន់សម្រាប់ការធ្វើធុរកិច្ច និងវិនិយោគនៅកម្ពុជាគឺការរក្សាសុខសន្តិភាព ស្ថេរភាពសង្គម សេដ្ឋកិច្ច និងនយោបាយព្រមទាំងបន្តខិតខំប្រឹងប្រែងកែលម្អរបរិយាកាសធុរកិច្ច និងវិនិយោគតាមរយៈការដាក់ចេញនូវវិធានការគន្លឹះលើគ្រប់វិស័យ ដើម្បីធានាថាវិនិយោគិនអាចមកបណ្តាក់ទុនប្រកបដោយភាពជឿជាក់ ភាពអាចប៉ាន់ស្មានបាននិងភាពជោគជ័យខ្ពស់។សម្តេចធិបតីបានបញ្ជាក់ថាសម្តេចតែងបានយកចិត្តទុកដាក់ទៅលើកិច្ចការខាងលើនេះ ដោយសម្តេចបានណែនាំថាវិស័យឯកជនរបស់យើងនៅពេលចេញទៅក្រៅប្រទេសសូមកុំភ្លេចការធ្វើទំនាក់ទំនងជាមួយវិស័យឯកជននៅក្រៅប្រទេសខណៈដែលរាជរដ្ឋាភិបាលមានឱកាសត្រឹមតែបង្ហាញនិងរៀបចំតែប៉ុណ្ណោះតែសំខាន់នៅត្រង់ថាវិស័យឯកជនខ្លួនឯងជាអ្នកត្រូវធ្វើទំនាក់ទំនងជាមួយគ្នា។សម្តេចធិបតីបានបន្ថែមថាយើងកំពុងតែជំរុញនូវបេសកកម្មខាងពាណិជ្ជកម្ម ទេសចរណ៍យ៉ាងសកម្ម ដោយការភ្ជាប់ទំនាក់ទំនងទាំងក្នុង និងក្រៅប្រទេសនៅលើគ្រប់វិស័យទាំងអស់ យើងត្រូវតែធ្វើ យើងត្រូវតែចូលរួមក្នុងការផ្សព្វផ្សាយពីកម្ពុជាអំពីអ្វីដែលយើងមាន ព្រោះការផ្សព្វផ្សាយគឺជាកិច្ចការសំខាន់ខ្លាំងណាស់ ដោយយើងនឹងរៀបចំជាសៀវភៅវិនិយោគផ្សេងៗដើម្បីផ្តល់ជូនអ្នកដែលបានមកសិក្សាពីឱកាសនៃការវិនិយោគនៅកម្ពុជាព្រោះសៀវភៅនេះវាជាការផ្តល់ព័ត៌មានដ៏សំខាន់សម្រាប់អ្នកវិនិយោគ។ក្នុងនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានយកចិត្តទុកដាក់លើការងារនេះរួចហើយតែយើងក៏ត្រូវតែធ្វើបន្ថែមទៀតសម្រាប់ការផ្សព្វផ្សាយឱ្យបានកាន់តែច្រើនអំពីការវិនិយោគរបស់យើង៕ប្រភពSTPM
