កម្ពុជានិងតួកគីបានឯកភាពគ្នាជំរុញការធ្វើពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់ខ្ពស់ថែមទៀត
សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានិងលោកសាស្រ្តាចារ្យបណ្ឌិត នូម៉ាន់ តួទលមុស(Numan Kurtulmus) ប្រធានរដ្ឋសភាតួកគី ក្នុងជំនួបនៅព្រឹកថ្ងៃទី១២ខែធ្នូឆ្នាំ២០២៤នេះបានជជែកគ្នាប្រកបដោយភាពចុះសម្រុងនិងមានទស្សនៈស្របគ្នាជាច្រើនទាំងក្នុងបញ្ហាទ្វេភាគី និងបញ្ហាសាកល។ក្នុងនោះកម្ពុជានិងតួកគីបានឯកភាពគ្នាជំរុញការធ្វើពាណិជ្ជកម្មជាមួយគ្នាឱ្យកាន់ខ្ពស់ថែមទៀត។ចំពោះបញ្ហាសាកលវិញប្រធានព្រឹទ្ធសភាកម្ពុជានិងប្រធានរដ្ឋសភាតួកគីឯកភាពគ្នាមិនគាំទ្រការដាក់ទណ្ឌកម្មជាឯកតោភាគីនោះឡើយ។ប្រធានរដ្ឋសភាតួកគី បញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចហ៊ុន សែន មានសារៈសំខាន់ ខណៈដែលកម្ពុជា និងតួកគីប្រារព្ធខួបលើកទី៦៥នៃទំនាក់ទំនងកាទូត។ប្រធានរដ្ឋសភាតួកគីបន្តថាសកលលោកកំពុងចូលក្នុងយុគសម័យថ្មីដែលគេសម្គាល់ថាមានការផ្លាស់ប្តូរលឿននិងបង្កើតតុល្យភាពថ្មី។ ក្នុងបរិបទនេះ តួកគី ផ្តល់សារៈសំខាន់ពិសេសដល់ទ្វីបអាស៊ីដែលក្នុងនោះមានកម្ពុជាផងដែរ។

លោកបន្ថែមថាតួកគីនឹងបន្តកសាងស្ពានសហប្រតិបត្តិការថ្មីៗទៀតជាមួយកម្ពុជា។ តួកគីបានបើកមជ្ឈមណ្ឌលវប្បធម៌នៅទីក្រុងភ្នំពេញ ហើយសហការជាមួយទីភ្នាក់ងារជំនួយអភិវឌ្ឍន៍តួកគីយេ (TIKA) បានចុះហត្ថលេខាខាងវិស័យអប់រំសិក្សាធិការ។ ជាក់ស្តែង និស្សិតកម្ពុជា ២៥នាក់កំពុងសិក្សានៅតួកគីហើយសង្ឃឹមថានឹងមានច្រើនទៀតនៅពេលអនាគត។លោកបន្ថែមថាកម្ពុជាមានសក្តានុពលធំធេងខាងវិស័យពាណិជ្ជកម្ម។ប៉ុន្តែទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានប្រមាណ៣៥០លានដុល្លារនៅឆ្នាំ២០២៤លើផែនការសម្រេចឱ្យបាន១ពាន់លានដុល្លារ។លោកបន្តថា ទស្សនកិច្ចរបស់ភាគីកម្ពុជានាពេលនេះ សំខាន់ណាស់សម្រាប់កសាងទំនាក់ទំនងអន្តរសភាទ្វេភាគី និងពហុភាគី ដែលក្នុងនោះ មានសន្និបាតអន្តរសភាអាស៊ាន (IPA) ផងដែរ។សម្តេចហ៊ុនសែនលើកឡើងថាទស្សនកិច្ចនាពេលនេះចំពេលនៃខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសយើងទាំងពីរ និងបន្ទាប់ពីតួកគី និងកម្ពុជា បានដាក់ស្ថានទូតទៅវិញទៅមក។
សម្តេចបន្ថែមថា ក្នុងឋានៈជាប្រធានព្រឹទ្ធសភាថ្មី នឹងបន្តធ្វើអ្វីៗទាំងអស់ ដើម្បីកម្ពុជាបន្តរក្សាបាននូវសន្តិភាពនិងស្ថិរភាពយូរអង្វែង។សម្តេចបានអរគុណតួកគីផងដែរ។ដែលបានបញ្ជូន អនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍តួកគីយេទទួលបន្ទុកកិច្ចការបរទេស(AKP)ទៅចូលរួមមហាសន្និបាត ICAPP លើកទី១២ នៅភ្នំពេញ កាលពីខែវិច្ឆិកា កន្លងទៅនេះ។សម្តេចបញ្ជាក់ថាសម្តេចជាអ្នកផ្តល់សន្ទុះដល់ទំនាក់ទំនងទ្វេភាគីជាមួយតួកគី។សម្តេចបានរំលឹកថានៅក្នុងពេលបំពេញទស្សនកិច្ចការងារនៅតួកគីយេ ឆ្នាំ២០១៨ លោក និងប្រធានាធិបតី Erdoğan បានដាក់ផែនការសម្រេចឱ្យបាន១ពាន់លានដុល្លារក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មទៅវិញទៅមក។សន្ទុះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅមិនទាន់ខិតជិតដល់គោលដៅនៅឡើយ។ អាស្រ័យហេតុនេះ ទស្សនកិច្ចរបស់សម្តេចនិងកិច្ចប្រឹងប្រែងរួមរបស់គណបក្សដឹកនាំប្រទេសទាំងពីរនឹងជំរុញផែនការនេះឱ្យបានសម្រេចដោយផ្តល់អាទិភាពលើកាលានុវត្តន៍ភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។សម្តេចហ៊ុន សែន និងលោកប្រធានរដ្ឋសភាតួកគីក៏បានប្តូរយោបល់និងទស្សនៈវិភាគលើបញ្ហាតំបន់និងអន្តរជាតិ។ភាគីទាំងពីរបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីនៃប្រទេសនានាក្នុងសកលលោក។ភាគីកម្ពុជាគាំទ្រតួនាទីសំខាន់របស់តួកគីជាអ្នកសម្របសម្រួលនៅក្នុងកិច្ចការអន្តរជាតិហើយសម្តេចគូសបញ្ជាក់ថា«មិនអាចយកសង្គ្រាម បញ្ចប់សង្គ្រាមបានទេ មានតែកិច្ចសន្ទនា និងការចរចា»។ ភាគីទាំងពីរបានឯកភាពគ្នា មិនគាំទ្រទណ្ឌកម្មជាឯកតោភាគី។
សម្តេចបានលើកទឹកចិត្តឱ្យតួកគី សម្លឹងបែរទៅទិសខាងកើត ពោលគឺទ្វីបអាស៊ីហើយកម្ពុជានឹងសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីឱ្យតួកគី ក្លាយជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាន។
ភាគីកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់សម្តេចតេជោខាងលើនិងសូមអរគុណនិងទទួលដោយក្តីរីករាយនូវការអញ្ជើញរបស់សម្តេចតេជោនិងរកពេលវេលាជាក់ស្តែងក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា៕
