Daily News Sharing

សម្តេចហ៊ុន សែ​​នជំរុញកាតា​បង្កើនការធ្វើពា​​ណិជ្ជកម្មនិងវិនិយោ​​គនៅ​កម្ពុជា

14

សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃអង្គារបានជំរុញលោក Sheikh Mohammed bin Abdulrahman bin Jassim Al-Thani នាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសនៃរដ្ឋកាតាលើកទឹកចិត្តអ្នកវិនិយោគកាតាឱ្យមកបណ្តាក់ទុននៅកម្ពុជានិងជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។សំណើនេះបានធ្វើឡើងក្នុងជំនួបរវាងមេដឹកនាំទាំងពីរនៅវិមានរដ្ឋាភិបាលក្នុងទីក្រុងដូហា។សម្តេចហ៊ុនសែនបានសម្តែងនូវសេចក្តីអំណរគុណដល់ភាគីមិត្តចំពោះការទទួលស្វាគមន៍សម្តេចនិងគណៈប្រតិភូយ៉ាងកក់ក្តៅ នៅរាជធានីដូហា។ សម្តេចបានបញ្ជាក់ថាបានបន្តថា កម្ពុជានិងកាតា បានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០០៨ហើយសម្តេចមានបំណងមកធ្វើទស្សនកិច្ចនៅរដ្ឋកាតាជាច្រើនដង។ក៏ប៉ុន្តែត្រូវបានលើកពេលជាបន្តបន្ទាប់។សម្តេចបានបន្ថែមថាប្រទេសយើងទាំងពីរមានសក្តានុពលច្រើនដែលប្រើប្រាស់មិនទាន់អស់។កាតាជាប្រទេសអ្នកមាននិងគួរវិនិយោគនៅកម្ពុជា។ជាពិសេស នៅក្នុងវិស័យកសិឧស្សាហកម្មកែច្នៃដើម្បីនាំចេញ។ កម្ពុជាមានផលិតផលកសិកម្មច្រើនដូចជាគ្រាប់ស្វាយចន្ទីដែលកម្ពុជាផលិតច្រើនជាងគេនៅក្នុងពិភពលោកតែខ្វះលទ្ធភាពកែច្នៃនិងផលិតផលកសិកម្មជាច្រើនទៀត។សម្តេចបានសង្កត់ធ្ងន់ថា កម្ពុជា និងកាតា គួរចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការជំរុញនិងការការពារវិនិយោគទៅវិញទៅមកនិងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងបច្ចេកទេសនិងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំងពីរ។

Middle Content


សម្តេចបានលើកសរសើរតួនាទីរបស់កាតានៅក្នុងតំបន់និងលើឆាកអន្តរជាតិ ដោយបានបញ្ជាក់ថាកាតាត្រូវបានគេស្គាល់ទូទាំងសកលលោក តាមរយៈការចរចាពាណិជ្ជកម្មពិភពលោកDoha Round និងបានរៀបចំគោលនយោបាយមួយដែលទទួលបានការទុកចិត្តពីសំណាក់ប្រទេសនានាក្នុងសកលលោក។សម្តេចបានគូសបញ្ជាក់ថា កាតាមានទំនាក់ទំនងជាមួយអាស៊ានតាមរយៈការចូលជាភាគីនៃសន្ធិសញ្ញា TAC។ អាស្រ័យហេតុនេះ ការតភ្ជាប់ផ្លូវអាកាសពីមជ្ឈិមបូព៌ា មកអាស៊ីអាគ្នេយ៍ជាចំណុចខ្លាំងរបស់កាតា។សម្តេចក៏បានអរគុណ Qatar Airways ដែលមានជើងហោះហើរប្រចាំថ្ងៃមកកម្ពុជា។ ទង្វើនេះ ផ្តល់ផលប្រយោជន៍ដល់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និងវិនិយោគិន។ជាការឆ្លើយតប លោក Sheikh Mohammed បានអរគុណចំពោះការលើកឡើងរបស់សម្តេចហ៊ុន សែន និងបានជម្រាបជូនថាកាតាផ្តល់សារៈសំខាន់យ៉ាងខ្លាំងដល់ទំនាក់ទំនងជាមួយប្រទេសជាមិត្តយ៉ាងច្រើន ក្នុងនោះមាន កម្ពុជា និងអាស៊ានផងដែរ។
លោកបានបន្តថា “ដំណើរទស្សនកិច្ចរបស់សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភានឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ”។លោកបានលើកឡើងទៀតថាកាតាកំពុងស្វែងរកឱកាសវិនិយោគក្នុងវិស័យកសិកម្មរបស់កម្ពុជាដោយបន្ថែមថាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលរំពឹងថានឹងចុះហត្ថលេខានាពេលឆាប់ៗនេះនឹងជំរុញការវិនិយោគនៅកម្ពុជា។លោកបានមានប្រសាសន៍ថា លោកនឹងចាត់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម និង ថ្នាក់ដឹកនាំអាជ្ញាធរវិនិយោគនៃរដ្ឋកាតា(QIA) មកជួបលោកប្រធានព្រឹទ្ធសភាដើម្បីជំរុញទំនាក់ទំនងខាងវិស័យពាណិជ្ជកម្ម និងវិនិយោគ។គួររំលឹកផងដែរថានាពេលថ្មីៗនេះ កម្ពុជា និងកាតា បានព្រមព្រៀងគ្នាពន្លឿនការចរចាលើកិច្ចព្រមព្រៀងស្តីពីការចៀងវាងយកពន្ធត្រួតគ្នា (DTA) ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច បង្កើនការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ជុំទីមួយនៃការចរចាដែលបានធ្វើឡើងចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ខែតុលានៅប្រទេសកាតាបានបញ្ចប់ដោយជោគជ័យដោយដាក់មូលដ្ឋានគ្រឹះសម្រាប់ការពិភាក្សាបន្ថែមទៀត។ក្នុងអំឡុងជំនួបនេះភាគីទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការសហការយ៉ាងជិតស្និទ្ធ ដើម្បីបញ្ចប់ការចរចាកិច្ចព្រមព្រៀង DTA ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន៕សហការី

Footer Content