សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាជួបពិភាក្សាការងារជាមួយមេដឹកនាំមីយ៉ាន់ម៉ា
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតនិងលោកនាយឧត្តមសេនីយ៍ Min AungHlaingសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានជួបពិភាក្សាការងារជាមួយ លោកនាយឧត្ដមសេនីយ៍ Min Aung Hlaing ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន កាលពីថ្ងៃទី៦ ខែវិច្ឆិកា ក្នុងអំឡុងពេលស្នាក់នៅ និងចូលរួមកិច្ចប្រជុំកំពូលនានានៅទីនោះ។

ក្នុងឱកាសនោះលោកMinAungHlaingបានជម្រាបជូនអំពីស្ថានការណ៍នយោបាយទូទៅនិងការត្រៀមរៀបចំការបោះឆ្នោតសកលនាពេលខាងមុខរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ព្រមទាំងបានអរគុណកម្ពុជា ដែលបានចែករំលែកបទពិសោធន៍និងទស្សនទានមួយចំនួនក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។ជាការឆ្លើយតប សម្តេចហ៊ុន ម៉ាណែត បានថ្លែងអំណរគុណលោកប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋដែលបានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍នយោបាយរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានិងសង្ឃឹមថាវិបត្តិនៅមីយ៉ាន់ម៉ានឹងត្រូវបានដោះស្រាយដោយសន្តិវិធីក្នុងអនាគតដ៏ខ្លីខាងមុខ។សម្តេចបវរធិបតីក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន និងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុច (5-Point Conensus) របស់អាស៊ាន។ភាគីទាំងពីរក៏បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ដោយផ្តោតលើវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យពាណិជ្ជកម្ម និង ការតភ្ជាប់ប្រជាជននិងប្រជាជន៕
