២០២៤៖ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នៅកម្ពុជានឹងកើនឡើងដល់២,០៧១ដុល្លារ
ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់នៅកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់ ២,០៧១ដុល្លារក្នុងឆ្នាំ២០២៤ ពោលគឺកើនឡើងពី១,៩១៧ដុល្លារក្នុងឆ្នាំ២០២៣។នេះរបាយការណ៍ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍។របាយការណ៍បានអោយដឹងទៀតថា ដោយសារការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ សំណង់ និងកសិកម្ម សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ៦.៦ ភាគរយនៅឆ្នាំក្រោយកើនឡើងប្រហែលដពី៥.៦ ភាគរយនៅឆ្នាំនេះ។
កម្ពុជាត្រូវបានចាត់ថ្នាក់ជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបចាប់តាំងពីឆ្នាំ២០១៥។ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដេរជាច្រើនពាន់នាក់ក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃសៅរ៍ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាកំណត់គោលដៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលចំណូលខ្ពស់នៅឆ្នាំ២០៥០។

យោងតាមការចាត់ថ្នាក់របស់ធនាគារពិភពលោក ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់គឺនៅចន្លោះពី ៤,៤៦៦ ដុល្លារទៅ ១៣,៨៤៥ ដុល្លារ ខណៈដែលប្រទេសដែលមានប្រាក់ចំណូលខ្ពស់ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់មានចាប់ពី ១៣,៨៤៦ ដុល្លារ ឬច្រើនជាងនេះ។
ជាមួយគ្នានេះ សម្តេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អត្រានៃភាពក្រីក្ររបស់ប្រទេសបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី ៣៣,៨ ភាគរយមក ១៧,៨ ភាគរយក្នុងរយៈពេល ១០ ឆ្នាំរវាងឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១៩ ដែលមានប្រជាជនកម្ពុជាជិត ២ លាននាក់រួចផុតពីភាពក្រីក្រ។
កម្ពុជាមានប្រជាជនប្រមាណ ១៧ លាននាក់។ ប្រជាជនដែលរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រត្រូវមានប្រាក់ចំណូលតិចជាង ១០,៩៥១រៀល ឬ ២.៧ដុល្លារក្នុងមួយថ្ងៃ។នេះបើយោងតាមធនាគារពិភពលោក៕ប្រភពXinhua
