នាយករដ្ឋមន្ត្រី៖រដ្ឋាភិបាលជំរុញការបោះបង្គោលព្រំដែននិងកសាងផ្លូវថ្នល់ក្រវាត់ព្រំដែន
ពីម្សិលមិញនេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា បញ្ហាទាំងអស់ដែលទាក់ទងនឹងព្រំដែន រួមទាំងការបោះបង្គោលព្រំដែន ការកសាងផ្លូវក្រវាត់ព្រំដែននិងការអភិវឌ្ឍតំបន់ព្រំដែន គឺនៅតែបន្តសកម្មភាពទោះរដ្ឋាភិបាលបានដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ក៏ដោយ។សម្តេចហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចប្រមាណ៣៥៣០នាក់។

សម្តេចបានថ្លែងក្នុងពិធីនោះថា ទស្សនៈខ្វាយខ្វល់ពីទឹកដី អធិបតេយ្យ និងអនាគតជាតិ គឺជាសិទ្ធិនិងកាព្វកិច្ចរបស់ប្រជាជនខ្មែរគ្រប់រូប មិនថាពួកគេគាំទ្រឬមិនគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាមនោះទេ។
សម្តេចបន្ថែមថា ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ រដ្ឋាភិបាលបានដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះ ហើយជំរុញការបោះបង្គោលព្រំដែនដែលនៅសេសសល់ជាមួយប្រទេសជិតខាង ការកសាងផ្លូវក្រវាត់ព្រំដែន និងការអភិវឌ្ឍតំបន់ព្រំដែន ដើម្បីប្រែក្លាយព្រំដែនជាព្រំដែនអភិវឌ្ឍន៍ ព្រំដែនសាមគ្គី និងមានសហប្រតិបត្តិការជាមួយប្រទេសជិតខាង ហើយមានប្រជាជនជារបងការពារព្រំដែនទីនោះយ៉ាងរឹងមាំ។
នេះជាគោលដៅថ្មីរបស់រដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនចំពោះការអភិវឌ្ឍជីវភាព។
សម្តេចបាននិយាយថា៖ «ទោះមានឬគ្មានកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម យើងត្រូវបន្តការងារសំខាន់ក្នុងការពារទឹកដី អធិបតេយ្យ និងជំរុញការភាពរីចម្រើននិងភាពម្ចាស់ការរបស់កម្ពុជាមិនត្រឹមតែនៅតំបន់ភាគឦសានទេ គឺនៅទូទាំងប្រទេសរបស់យើង»។សម្តេចបន្ថែមថា៖ «យើងត្រូវបន្តការងារចរចាបោះបង្គោលព្រំដែនឱ្យចប់សព្វគ្រប់ដោយភាពទទួលខុសត្រូវ ហើយត្រូវបន្តកសាងផ្លូវក្រវាត់ព្រំដែនប្រវែង១៣០០គីឡូម៉ែត្រទៀតឱ្យចប់រយៈពេល១០ឆ្នាំជាមួយថវិកាជាង២០០លានដុល្លារ ដើម្បីបង្ហើយខ្សែក្រវាត់ទី១របស់ព្រំដែន»។
ជាមួយគ្នានោះ សម្តេចបានច្រានចោលការលើកឡើងរបស់ក្រុមមាននិន្នាការប្រឆាំងរដ្ឋាភិបាលថាកម្ពុជាត្រូវបង់ថវិការាប់រយលានដុល្លារចំពោះការចាកចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
សម្តេចបញ្ជាក់ថា ការលើកឡើងនេះគឺមិនឆ្លុះបញ្ចាំងពីការពិតទេ ព្រោះនៅក្នុងកិច្ចព្រមព្រៀង ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម គឺគ្រប់ភាគីអាចដកខ្លួនដោយគ្រាន់តែជូនដំណឹងផ្លូវការតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិប៉ុណ្ណោះ។សម្តេចប្រាប់ថា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានជូនដំណឹងដល់ក្រសួងការបរទេសឡាវនិងវៀតណាមរួចហើយកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ។សម្តេចក៏បានពន្យល់ពីការបង្កើត CLMV ដែលក្រុមប្រឆាំងបានប្រើជាអាវុធ ដើម្បីញុះញង់ពលរដ្ឋងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល ក្រោយពេលដែលរដ្ឋាភិបាលដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។
សម្តេចនិយាយថា CLMV ជាយន្តការមួយរបស់អាស៊ានបង្កើតឡើងនៅឆ្នាំ២០០០ ដើម្បីជួយជំរុញការអភិវឌ្ឍដល់ប្រទេសអាស៊ានថ្មីទាំងបួន គឺកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។
សម្តេចបាននិយាយទៀតថា៖ «ការបាត់បង់ទឹកដីមិនមែនមកពីការបោះបង្គោលព្រំដែនទេគឺមកពីការបែកបាក់ផ្ទៃក្នុង។ ដូច្នេះគួររួបរួមគ្នាអភិវឌ្ឍប្រទេសតាមវិធីសាស្ត្រនិងលទ្ធភាពរៀងៗខ្លួន»។លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់Khmer Timesថា ការអភិវឌ្ឍតំបន់តាមបណ្ដោយព្រំដែន ជាពិសេសនៅភូមិភាគឦសាន គឺមិនអាស្រ័យលើកិច្ចសហប្រតិបត្តិការទើបកម្ពុជាអភិវឌ្ឍទេ ព្រោះវាស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា។លោកថា រដ្ឋាភិបាលចាំបាច់ត្រូវតែអភិវឌ្ឍតំបន់តាមបណ្ដោយព្រំដែន ដើម្បីប្រែក្លាយតំបន់ដាច់ស្រយាលដែលពិបាករស់នៅទៅជាតំបន់មានការអភិវឌ្ឍរីកចម្រើន។លោកបន្ថែមថា នៅពេលតំបន់នៅបណ្ដោយព្រំដែនមានកាអភិវឌ្ឍហេដ្ឋរចនាសម្ពន្ធគ្រប់ជ្រុងជ្រោយ មនុស្សអាចងាយស្រួលរស់នៅទីនោះនិងមានភាពកក់ក្ដៅ។ ចំណែកការបោះបង្គោលព្រំដែន គឺរឹតតែសំខាន់ថែមទៀត ដែលត្រូវតែយកចិត្តទុកដាក់ធ្វើកិច្ចការងារនេះបង្ហើយ ព្រោះនៅសល់ប្រមាណតែជាង១០%ទៀតប៉ុណ្ណោះទាំងជាមួយឡាវនិងជាមួយវៀតណាម៕
