Daily News Sharing

ADB៖កំ​ណើន​សេដ្ឋ​កិច្ច​​កម្ពុជាកើន​៥.៨ភាគរយសម្រាប់ឆ្នាំ២០​២៤

17

ធនា​គារ​អភិវឌ្ឍន៍​អាស៊ី (ADB)បាន​រក្សា​ការព្យាករណ៍​កំណើន​រប​ស់​ខ្លួន​សម្រាប់​កម្ពុជា​នៅត្រឹម ៥.៨ ភាគរយ​សម្រាប់​ឆ្នាំ ២០២៤ និង ៦ ភាគរយ​សម្រាប់​ឆ្នាំ ២០២៥។លោក​ស្រី Jyotsana Varma នាយក ADB ប្រចាំ​ប្រទេស​កម្ពុជា បាន​បញ្ជាក់​ថា ៖«ការ​ស្ទុះ​ងើប​ឡើងវិញ​ក្នុង​វិស័យ​ផលិតកម្ម ជាពិសេស​សម្លៀកបំពាក់ ស្បែកជើង និង​ទំនិញ​ធ្វើដំណើរ (GFT) កំពុងផ្តល់​ថាមពល​ដល់​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស» ។

Middle Content

លោកស្រី​បាន​បន្ថែម​ថា៖ «វិស័យ​កសិកម្ម​ និង ​ទេស​ចរណ៍​កំពុង​ទទួល​បាន​ភាពរឹងមាំ​ជា​លំដាប់ ខណៈពេលដែល​លំហូរ​បន្ត​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​កំពុង​ជំរុញ​សន្ទុះ​សេដ្ឋកិច្ច​របស់​ប្រទេស។ ជាមួយគ្នានេះ កម្លាំង​​ទាំង​នេះ​កំពុង​រៀបចំ​ដំណាក់កាល​សម្រាប់​ការ​សន្យា​ឆ្នាំ ២០២៤ និង​កំណត់​​ទីតាំង​ប្រទេស​​កម្ពុជា​ឱ្យ​មាន​​កំណើន​ដ៏​រឹង​មាំ​នៅ​ឆ្នាំ ២០២៥ និង​លើសពីនេះ»។ធនា​គារ​ផ្តល់ប្រាក់​កម្ចី​ប្រចាំ​តំបន់​ក៏បាន​កែសម្រួល​ការ​ព្យាករណ៍​អតិផរណា​មុន​របស់​ខ្លួន​សម្រាប់​ឆ្នាំ ២០២៤ ពី ២ ភាគរយ​ទៅ ០.៥ ភាគរយ ដែល​ឆ្លុះបញ្ចាំង​ពី​ការ​កើន​ឡើង​យឺត​នៃ​តម្លៃ​ម្ហូបអាហារ និង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​ឥន្ធនៈ​នៅ​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២៤ ។ការបន្ទាប​នៃ​ការព្យាករណ៍​អតិផរណា​ឆ្លុះបញ្ចាំង​ពី​ការ​ថយ​ចុះ​នៃ​តម្លៃ​ទំនិញ និង​សេវាកម្ម​ដែល​ទាក់ទង​នឹង​ឥន្ធនៈ រួម​ជាមួយនឹង​ការថយចុះ​នៃ​តម្លៃ​ជី ដែល​ផ្តល់​ការ​គាំទ្រ​ដល់​ផលិតកម្ម​កសិកម្ម។របាយការណ៍​បាន​បន្ថែមថា៖ «កត្តា​នេះ​នឹង​ផ្តល់​ជំនួយ​សង្គ្រោះ​ដែល​ត្រូវការ​ច្រើន​សម្រាប់​ប្រជាជន ជាពិសេស​អ្នក​ដែល​ងាយ​រងគ្រោះ​បំផុត ដែល​បាន​ប្រឈមមុខ​នឹង​បញ្ហា​ក្នុង​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ដោយសារ​ការ​កើន​ឡើង​នៃ​តម្លៃ​ម្ហូប​អាហារ និង​ប្រេងឥន្ធនៈ»។របាយការណ៍​បាន​គូសបញ្ជាក់ថា ការនាំចេញ GFT បាន​កើន​ឡើង ១៦.៩ ភាគរយ​ធៀប​នឹង​ឆ្នាំមុន ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២៤ ដោយបាន​ស្ទុះ​ងើបឡើង​វិញ​ពី​ការធ្លាក់ចុះ ១៨.៦ ភាគរយ​ក្នុងអំឡុងពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣ ។ទន្ទឹមនឹង​នេះដែរ កំណើន​នៃ​ការនាំចេញ​ផលិតផល​ដែល​មិនមែនជា GFT បាន​ធ្លាក់​ចុះមក​ត្រឹម ១.៣ ភាគរយ​ពី ២១.២ ភាគរយ កាលពី​ឆ្នាំមុន។ ការ​នាំចូល​សម្ភារៈ​សំណង់ និង​ឧបករណ៍​បាន​កើនឡើង ២៣.៣ ភាគរយ​ធៀប​នឹង​ឆ្នាំមុន ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២៤ ដែល​ត្រូវបាន​ជំរុញ​ដោយ​ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ។របាយការណ៍​បានឱ្យដឹង​ទៀតថា វិស័យ​កសិកម្ម​ត្រូវបាន​ព្យាករណ៍​ថា​នឹង​កើនឡើង ១.២ ភាគរយ​នៅ​ឆ្នាំ ២០២៤ និង ១.៣ ភាគរយ​នៅ​ឆ្នាំ ២០២៥ ដោយ​បន្ថែមថា​សេវាកម្ម​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​កើនឡើង ៥.៤ ភាគរយ​នៅ​ឆ្នាំ ​២០២៤ មុន​ពេល​ធ្លាក់ចុះ​ដល់ ៥.២ ភាគរយ​នៅ​ឆ្នាំ ២០២៥។របាយ​ការណ៍​បាន​បន្ថែមថា ការព្យាករណ៍​នេះ​ត្រូវប​ាន​គាំទ្រ​ដោយ​ការកើនឡើង ២២.៧ ភាគរយ នៃ​ការមកដល់​នៃ​ភ្ញៀវទេសចរ​នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០២៤ ដែល​ឈាន​ដល់ ៩៤.៨ ភាគរយ​នៃ​កម្រិត​មុន​ការ​រាតត្បាត​ជំងឺ​កូ​វីដ-១៩ នៅក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ ២០១៩ ។យោងទៅតាម​របាយការណ៍​ដដែល លំហូរ​វិនិយោគ​​ពី​បរទេស​​បាន​បន្ត ទោះបីជា​កម្រិត​បាន​ថយចុះ​បន្តិច​មក​ត្រឹម ២ពាន់​លាន​ដុល្លារ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២៤ ធៀប​នឹង ២.១ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០២៣ ។របាយការណ៍​នេះ​បានឱ្យដឹងថា៖ «កត្តា​នេះ​ត្រូវបាន​គាំទ្រ​ដោយ​កំណើន​ក្នុង​វិស័យ​មិនមែន​ហិរញ្ញវត្ថុ។ ទោះជា​យ៉ាង​ណា​ក៏ដោយ ការវិនិយោគ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយសារ​ប្រាក់​ចំណេញ​របស់​ធនាគា​រ​មាន​កម្រិត​ទាប​ជាង​មុន»។យោងតាម​របាយការណ៍​នេះ ហានិភ័យ​ដែល​អាច​កើត​មាន​ចំពោះ​ទស្សនវិស័យ​សេដ្ឋកិច្ចរ​បស់​កម្ពុជា រួមមាន កំណើន​សេដ្ឋកិច្ច​ទន់ខ្សោយ​ក្នុងប្រទេសធំៗ រួមមាន​អឺរ៉ុប និង​សហរដ្ឋអាមេរិក បំណុល​ឯកជន​ខ្ពស់ តម្លៃ​ប្រេងឥន្ធនៈ​សកល​ដែល​ប្រែប្រួល និង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​ព្រឹត្តិការណ៍​អាកាសធាតុ​ធ្ងន់ធ្ងរ។ទន្ទឹមនឹងនេះ​ផងដែរ ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) បាន​ទម្លាក់​ការព្យាករណ៍​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) របស់​ខ្លួន​បន្តិច​សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍​ឆ្នាំនេះ មក​នៅ​ត្រឹម ៤.៥ ភាគរយ​ពី ៤.៦ ភាគរយ​ដែល​បាន​ព្យាករ​ក្នុង​ខែមេសា ប៉ុន្តែ​បាន​រក្សា​ការព្យាករណ៍​សម្រាប់​ឆ្នាំ ២០២៥ របស់​ខ្លួន​នៅ​ត្រឹម ៤.៧ ភាគរយ នេះ​បើ​យោងតាម​ទស្សនវិស័យ​អភិវឌ្ឍន៍​អាស៊ី​ដែល​បានធ្វើ​បច្ចុប្បន្នភាព​របស់ខ្លួន​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ។របាយការណ៍​ចុង​ក្រោយបង្អស់​បាន​និយាយ​ថា កំណើន​ដែល​ខ្សោយ​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ថៃ និង​ទី​ម័​រ​ខាង​កើត បាន​ទាញ​ការព្យាករណ៍​កំណើន​ជាទូទៅ​ក្នុង​តំបន់​សម្រាប់​ឆ្នាំ ២០២៤។ការ​សិក្សា​បញ្ជាក់ថា ​ប្រទេស​សិង្ហ​បុរី​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​សេវាកម្ម​ដ៏​រឹងមាំ​ដែល​ជួយ​ដោយ​ការកើន​ឡើង​នៃ​គ្រឿង​អេឡិចត្រូនិក​សកល​នៅ​ឆ្នាំ ២០២៤៕​

Footer Content