រដ្ឋាភិបាលបង្កើតក្រុងកំពង់សោមថ្មីនៅខេត្តព្រះសីហនុ
កាលពីថ្ងៃពុធរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើតក្រុងកំពង់សោមថ្មីនៅខេត្តព្រះសីហនុដើម្បីបង្ខិតសេវាសាធារណៈកៀកនឹងប្រជាពលរដ្ឋ ព្រមទាំងការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ទេសចរ និងអ្នកវិនិយោគក៏ដូចជាបង្កើនការអភិវឌ្ឍកាន់តែរឹងមាំបន្ថែមទៀត។

រូបសហការី
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានប្រាប់ពីម្សិលមិញថា បច្ចុប្បន្នខេត្តព្រះសីហនុមានក្រុង២និងស្រុក៣រួចហើយ គឺក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងស្រុកព្រៃនប់ ស្រុកកំពង់សិលា និងស្រុកស្ទឹងហាវ។ ចំណែកការបង្កើតក្រុងកំពង់សោមថ្មី គឺជាការបំបែកចេញពីស្រុកព្រៃនប់ចំនួនប្រាំឃុំក្នុងចំណោម១២ឃុំរបស់ស្រុកនេះ។លោកបានបញ្ជាក់ថា ការបង្កើតក្រុងថ្មីនេះមានបំណងបង្ខិតសេវាសាធារណៈ ព្រមទាំងការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ទេសចរ និងអ្នកវិនិយោគកាន់តែរឹងមាំបន្ថែមទៀត ហើយម្យ៉ាងការបង្កើតក្រុងថ្មីនេះស្របនឹងប្លង់គោលរបស់រដ្ឋបាលខេត្តដោយសារតែតំបន់នេះត្រូវអ្នកជំនាញសេដ្ឋកិច្ចនិងអ្នកជំនាញនគរូបនីយកម្មបានតម្រង់ទិសថា វានឹងក្លាយជាទីក្រុងថ្មីមួយដែលទទួលបានការទាក់ទាញប្រជាពលរដ្ឋមករស់នៅកាន់តែច្រើនបន្ថែមទៀត។លោកបន្ថែមថា តំបន់នេះនឹងក្លាយជាផ្នែកមួយរបស់តំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយនៅក្នុងនោះមជ្ឈមណ្ឌលទីផ្សារហិរញ្ញវត្ថុអន្តរជាតិនឹងត្រូវបង្កើតឡើងនៅទីនោះ ដែលអំណោយផលដល់វិស័យទេសចរណ៍ ការវិនិយោគ និងពាណិជ្ជកម្មបន្ថែមទៀត។លោកបាននិយាយថា៖ «ដូច្នេះការបង្កើតក្រុងកំពង់សោមថ្មី ដើម្បីត្រៀមបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែមានលក្ខណៈស៊ីជម្រៅនិងមានប្រសិទ្ធភាពជាងមុន»។លោកបន្ថែមថា ការបង្កើតក្រុងកំពង់សោមថ្មីនេះមានរចនាសម្ពន្ធមិនខុសពីរដ្ឋបាលក្រុងព្រះសីហនុនិងក្រុងកោះរ៉ុងទេ គឺមានការបង្កើតក្រុមប្រឹក្សាក្រុង អភិបាលក្រុង និងការបង្កើតសង្កាត់បន្ថែមទៀត ហើយរដ្ឋបាលក្រុងថ្មីនេះស្ថិតក្នុងសង្កាត់រាម។តាមអនុក្រឹត្យបង្កើតក្រុងកំពង់សោមថ្មីចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ ខែសីហា បានបញ្ជាក់ថា ការបង្កើតក្រុងកំពង់សោមថ្មីដោយកាត់យកឃុំចំនួនប្រាំពីស្រុកព្រៃនប់ រួមមានឃុំរាម ឃុំបិតត្រាំង ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ ហើយឃុំទាំងនេះបានក្លាយជាសង្កាត់របស់ក្រុងកំពង់សោមថ្មី។
អនុក្រឹត្យបន្ថែមថា ក្រុមប្រឹក្សាស្រុកព្រៃនប់និងគណៈអភិបាលស្រុកព្រៃនប់ត្រូវបន្តគ្រប់គ្រង់ឃុំទាំងប្រាំនេះរហូតដល់មានក្រុមប្រឹក្សាក្រុងកំពង់សោមនិងគណៈអភិបាលក្រុងកំពង់សោមមកជំនួស។
តាមប្រវត្តិសាស្ត្រខេត្តព្រះសីហនុនៅអំឡុងចុងទសវត្សរ៍១៩៥០ គឺមានការបង្កើតរដ្ឋបាលក្រុងកំពង់សោម ហើយបានប្តូរឈ្មោះមកជាក្រុងព្រះសីហនុនៅសម័យសង្គមរាស្ត្រនិយម ប៉ុន្តែនៅសម័យសាធារណរដ្ឋខ្មែរគ្រប់គ្រងដោយសេនាប្រមុខ លន់ នល់ ក៏ត្រូវប្តូរមកជាក្រុងកំពង់សោមវិញ។ នៅអំឡុងឆ្នាំ១៩៩៣ ក្រុងកំពង់សោមបានប្តូរឈ្មោះមកជាក្រុងព្រះសីហនុវិញ។ខេត្តព្រះសីហនុ ជាខេត្តមានឆ្នេរនិងកោះដ៏ស្រស់ស្អាតជាច្រើនដែលមានអំណោយផលពីធម្មជាតិកំពុងទាក់ទាញទេសចរជាតិនិងអន្តរជាតិ។ នៅទីនោះមានឆ្នេរនិងប្រជុំកោះជាច្រើន ដូចជាឆ្នេរអូរឈើទាល ឆ្នេរឯករាជ្យ ឆ្នេរសុខា ឆ្នេរឡូងសិត កោះរ៉ុង កោះរ៉ុងសន្លឹម កោះសង្សារ កោះពស់ កោះក្របី កោះពូលូវៃ កោះត្រងោល កោះព្រីង កោះឆ្ឆាម កោះតាងជាដើម។បច្ចុប្បន្នរដ្ឋបាលខេត្តនេះកំពុងប្រឹងប្រែងទាក់ទាញវិនិយោគិនមកអភិវឌ្ឍតំបន់សក្តានុពលទាំងនោះទៅជាតំបន់ទេសចរណ៍ធម្មជាតិជាបន្តបន្ទាប់។ ជាមួយនឹងគ្នានេះ អាជ្ញាធរខេត្តព្រះសីហនុក៏មានគម្រោងបង្កើតផាប់ស្ទ្រីត (Pub Street) គម្រោងបង្កើតសារមន្ទីរសង្គ្រាមបាតសមុទ្រ និងការរៀបចំខ្សែទស្សនាផ្កាថ្ម ត្រី សេះសមុទ្រ និងជីវៈចម្រុះផ្សេងទៀតដែលមាននៅបាតសមុទ្រទីនោះ៕Khmer Times
