ទូតចិនប្រកាសថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មានជាភាសាចិនពាក់ព័ន្ធនឹងកងទ័ពកម្ពុជាធ្វើរដ្ឋប្រហារ
ស្ថានទូតចិនប្រចាំកម្ពុជាតាមរយៈលោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាប្រកាសថ្កោលទោសចំពោះការផ្សព្វផ្សាយព័ត៌មានជាភាសាចិនពាក់ព័ន្ធនឹងកងទ័ពកម្ពុជាធ្វើរដ្ឋប្រហារទម្លាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែតនិងចាប់ខ្លួនឪពុករបស់សម្តេច គឺសម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា។
ការប្រកាសថ្កោលទោសខាងលើនេះធ្វើឡើង បន្ទាប់ពីបណ្តាញសង្គមផ្សាយជាភាសាចិនកាលពីថ្មីៗកន្លងទៅថាលោក ទៀ បាញ់ អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិព្រមទាំងថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចហ៊ុន ម៉ាណែត និងចាប់ខ្លួនសម្តេច ហ៊ុន សែន។តាមរយៈបណ្តាញសង្គមកាលពីថ្ងៃព្រហស្បតិ៍ លោក Wang Wenbin បញ្ជាក់ថា៖ «យើងថ្កោលទោសចំពោះការប្រឌិត និងផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ហើយនឹងសហការជាមួយមិត្តភក្ដិកម្ពុជា ដើម្បីទប់ស្កាត់និងប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»។លោក សូ ណារ៉ូ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា លោក Wang Wenbin តែងបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនចំពោះកម្ពុជា ដើម្បីបន្តជ្រោមជ្រែង ពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់វិស័យរវាងកម្ពុជា-ចិន ឱ្យកាន់តែប្រសើរ។

លោកបន្ថែមថា លោក Wang Wenbin នឹងបន្តជ្រោមជ្រែងទំនាក់ទំនងកាទូតកម្ពុជា-ចិន កាន់តែខ្ពស់ ព្រមទាំងជំរុញបន្ថែមលើកិច្ចការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងកិច្ចសហប្រតិបត្តិការទំនាក់ទំនងចាប់តាំងពីថ្នាក់ដឹកនាំកំពូល រហូតដល់ប្រជាពលរដ្ឋសាមញ្ញ។
លោក យ៉ង ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជា ក៏ដូចរដ្ឋាភិបាល តែងរងការបំបែកបំបាក់ពីអ្នកមាននិន្នាការប្រឆាំង និងជនបរទេស ដែលមិនមែនទើបតែកើតឡើងកាលពីថ្មីៗនេះទេ តែកើតឡើងតាំងពីអ្នកនយោបាយជំនាន់មុន រហូតដល់ជំនាន់កូនជាអ្នកនយោបាយជំនាន់ក្រោយ។
លោកបន្ថែមថា ទោះមានយុទ្ធសាស្ត្របំបែកបំបាក់ផ្ទៃក្នុងលើគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា គឺពុំទាន់មានប្រសិទ្ធភាពនៅឡើយ។ ការបំបែកបំបាក់របស់ជនទី៣ឬជនបរទេស ដោយសារតែគណបក្សប្រឆាំងនៅកម្ពុជាគ្មានភាពរឹងមាំ និងតែងចាញ់រាល់ការបោះឆ្នោត ដូច្នេះមានតែប្រើវិធីសាស្ត្របំបែកបំបាក់ផ្ទៃក្នុងបែបនេះ។
លោក យ៉ង ពៅ បញ្ជាក់ថា៖ «ខ្ញុំនិយាយក្នុងសេណារីយ៉ូអាក្រក់បំផុត អាចវិលទៅរកសង្គ្រាមស៊ីវិលវិញក៏អាចថាបាន បើសិនរដ្ឋាភិបាល ក៏ដូចគណបក្សកាន់អំណាចបែកបាក់ផ្ទៃក្នុងដូចការញុះញង់ពីជនបរទេសពិតមែន។ ខ្ញុំមានតែអំពាវនាវដល់គណបក្សប្រជាជនកម្ពុជា ក៏ដូចរាជរដ្ឋាភិបាល ត្រូវតែរឹងមាំ និងបញ្ជាក់ឱ្យច្បាស់ចំពោះការញុះញង់ទាំងនេះ ដើម្បីធានាមិនអាចបែកបាក់តាមអ្នកដទៃនេះទេ»។
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបដិសេធចំពោះការចេញផ្សាយរបស់បណ្តាញសង្គមក្លែងក្លាយជាភាសាចិនថា មានចេតនាបំភ្លៃការពិត និងជាការញុះញង់ ដែលជាទង្វើមិនអាចអត់ឱនឱ្យបាន។អ្នកនាំពាក្យបន្ថែមថា៖ «ក្រសួងការពារជាតិ នឹងចាត់វិធានការគ្រប់បែបយ៉ាង ដើម្បីនាំខ្លួនក្រុមអគតិជ្រុលនិយម និងអ្នកពាក់ព័ន្ធឱ្យទទួលខុសត្រូវពេញលេញចំពោះមុខច្បាប់ឱ្យបានជាដាច់ខាត»។
ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បញ្ជាក់ថា ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ក៏ដូចជាកងយោធពលខេមរភូមិន្ទ នៅតែប្ដេជ្ញាគាំទ្រឥតងាករេចំពោះរដ្ឋាភិបាលស្របច្បាប់ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងប្ដេជ្ញាកម្ទេចរាល់មជ្ឈដ្ឋានជ្រុលនិយមដែលចង់បំផ្លាញសាមគ្គីផ្ទៃក្នុងជាតិ សុខសន្តិភាព ស្ថិរភាពជាតិ សណ្ដាប់ធ្នាប់សង្គម និងសុខក្សេមក្សាន្តរបស់ប្រជាជនទោះស្ថិតក្នុងតម្លៃយ៉ាងក៏ដោយ។ក្នុងពិធីអបអរសាទរខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន-កម្ពុជា លោក Wang Wenbin បញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន មិនមែនជាទំនាក់ទំនងធម្មតានោះទេ ប៉ុន្តែជាទំនាក់ទំនងមិត្តភាពដែកថែប ហើយក៏មានភាពល្អប្រសើររវាងប្រជាជននិងប្រជាជន ប្រទេសនិងប្រទេស។លោកបញ្ជាក់ថា ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន បាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជនប្រទេសទាំងពីរ។ ប្រទេសកម្ពុជាជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀត ដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសយើងទាំងពីរកាន់តែរឹងមាំមួយកម្រិតថែមទៀត៕Khmer Times
