ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកមានទឹកប្រាក់ជាង៥.០០០លានដុល្លារកើនឡើង៦,៥%នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៤
នៅក្នុងរយៈពេល៧ខែឆ្នាំ២០២៤ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិកមានទឹកប្រាក់ជាង ៥.០០០លានដុល្លារ ពោលគឺកើនឡើង ៦,៥%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។នេះបើយោងតាមប្រភពអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ប្រភពដដែលបានឱ្យដឹងថា ចាប់ពីខែមករា-ខែកក្កដា ឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំងពីរមានទឹកប្រាក់សរុប ៥,៦៦ ពាន់លានដុល្លារ កើនឡើង៦,៥ ភាគរយ ក្នុងនោះកម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃ ៥,៥១ ពាន់លានដុល្លារ ខណៈទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃ ១៥៤,១០ លានដុល្លារ កើនឡើង ៨,៩ %។ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកអាមេរិកនាំចូលមកកម្ពុជាវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។តាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២៣ការនាំទំនិញទៅមករវាងដៃគូពាណិជ្ជកម្មទាំងកម្ពុជា- អាមេរិកមានទឹកប្រាក់សរុប ៩,១៥ពាន់លានដុល្លារ។ ចំណែកឆ្នាំ ២០២២ មានចំនួន ៩,២៨ ពាន់លានដុល្លារ៕AKP
