Daily News Sharing

ឯកឧ​ត្ត​មអភិ​សន្តិបណ្ឌិត​ស សុខាជំរុញឱ្យថ្នាក់ដឹក​នាំ​និងមន្ត្រីនៃស្ថាប័​ន​កម្លាំងអនុវត្ត​ច្បាប់​បន្តស្រាវជ្រាវ​បង្ក្រា​បឱ្យបានសកម្ម​និងប្រកប​ដោយប្រសិទ្ធភា​ព​បំផុតលើក​រ​ណីអំពើជួញដូរម​​នុស្ស

9

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃស្ថាប័នកម្លាំងអនុវត្តច្បាប់ទាំងកម្លាំងនគរបាលជាតិ និងកម្លាំងកងរាជអាវុធហត្ថបន្តស្រាវជ្រាវ បង្ក្រាបឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពបំផុតលើករណីអំពើជួញដូរមនុស្ស។ក្នុងនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏ជំរុញឱ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជាពិសេសខេត្តជាប់ព្រំដែនសមុទ្រ និងជាប់ព្រំដែនឡាវ ដែលកំពុងមានការប្រឈមត្រូវបង្កើនការយកចិត្តទុកដាក់លើការងារនេះផងដែរ។ការថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តមអភិសន្តិបណ្ឌិត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

Middle Content


ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំដល់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខិតខំយកចិត្តទុកដាក់សហការក្នុងភាពជាដៃគូឱ្យបានល្អជាមួយអង្គការជាតិ និងអន្តរជាតិ ជំរុញការផ្សព្វផ្សាយ ការអប់រំ និងការបង្ការទប់ស្កាត់តាមគោលដៅប្រឈមខ្ពស់ រួមមាន៖មណ្ឌលកម្សាន្តសម្រាប់មនុស្សពេញវ័យ ច្រកទ្វារព្រំដែន ផ្ទះសំណាក់និងសណ្ឋាគារជាដើម។យោងតាមរបាយការណ៍របស់លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ. ក្នុងរយៈពេល ៦ខែដើមឆ្នាំ២០២៤ នេះ សមត្ថកិច្ចនគរបាលជាតិ និងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានស្រាវជ្រាវ និងបង្ក្រាបករណីជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបចំនួន ១០៤ករណី កើនចំនួន ១៧ករណី ស្នើនឹង ១៦,៣៤% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។
លោកជំទាវអនុប្រធានអចិន្ត្រៃយ៍ បានឱ្យដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិការទាំងនោះ សមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស ចំនួន ១៣៤នាក់ បញ្ជូនទៅតុលាការ និងសង្គ្រោះជនរងគ្រោះ បានចំនួន ២៩០នាក់ ក្នុងនោះករណីជួញដូរមនុស្សមានជនរងគ្រោះ ចំនួន ២២ករណី កើនឡើង ១២ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៣៤នាក់ និងអំពើធ្វើអាជីវកម្មផ្លូវភេទមានចំនួន ៨២ករណី កើន ៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១០០នាក់។ពាក់ព័ន្ធនឹងករណីជួញដូរមនុស្សនេះដែរ លោកជំទាវ ជូ ប៊ុនអេង បានឱ្យដឹងដែរថា ឆ្លងតាមបទពិសោធនៃការអនុវត្តការងារនេះ ជាពិសេសតាមរយៈការកំណត់អត្តសញ្ញាណជនរងគ្រោះគឺមានករណីភាគច្រើនត្រូវបានរកឃើញថាមិនពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សនោះទេ ប៉ុន្តែជាបទល្មើសឆបោក ទំនាស់ការងារ ការធ្វើការងារខុសច្បាប់ អន្តោប្រវេសន៍ខុសច្បាប់ ឬការបន្លំធ្វើជាជនរងគ្រោះ ដើម្បីគេចចេញពីសំណាញ់ច្បាប់៕

Footer Content