សម្ដេចធិបតីបញ្ជាឲ្យចាត់វិធានការលើក្រុមក្មេងទំនើង
តាមរយៈសារសំឡេងនាព្រឹកថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ដ្រីកម្ពុជាបានចេញបទបញ្ជាឱ្យអាជ្ញាធររាជធានី-ខេត្តត្រូវធ្វើការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាលចំពោះក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈត្រូវចាប់យកម៉ូតូមករក្សាទុក ក្នុងរយៈពេលចាប់ពី៣ឬ៦ខែ។

ថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានធ្វើការបង្ក្រាបក្រុមដាវស៊ាំម៉ារ៉ៃ ដែលបង្កហានិភ័យដល់ខ្លួន និងសន្ដិសុខសណ្ដាប់ធ្នាប់នៅក្នុងសង្គមបានល្អ ទោះបីជានៅមានក្រុមខ្លះ បន្ដសកម្មភាពក៏ដោយ។ប៉ុន្ដែក៏មានការថមថយ។សម្តេចធិបតី បានផ្តាំផ្ញើថា ទោះបីថមថយក៏ដោយ ក៏មិនត្រូវធ្វេសប្រហែសឡើយ ត្រូវតែអនុវត្តឱ្យបានជាប់ជាប្រចាំដើម្បីថែរក្សាសន្ដិសុខជូនប្រជាពលរដ្ឋ ខណៈ សម្តេចបានមើលឃើញថាក្រុមក្មេងទំនើងនៅតែមាន។សម្ដេចធិបតី មានប្រសាសន៍ថា«ពេលជាមួយគ្នានេះបទល្មើសក្រុមក្មេងមួយប្រភេទទៀត គឺការបង្ហោះម៉ូតូជាសាធារណៈគឺនៅមានកើតឡើងនៅឡើយ។កន្លងទៅសមត្ថកិច្ចរបស់យើង នៅតាមបណ្ដារាជធានី-ខេត្ត បានអនុវត្តនូវវិធានការរដ្ឋបាលជាច្រើន។ប៉ុន្ដែប្រសិទ្ធភាពនៅមានកម្រិត ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តទៅលើការបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូ នៅតាមទីសាធារណៈ ខ្ញុំសូមឱ្យអាជ្ញាធរ ជាពិសេសសមត្ថកិច្ចរបស់យើង បង្កើននូវិធានការ តាមរយៈការដាក់ចេញវិធានការរដ្ឋបាល ក្នុងការឃាត់ម៉ូតូរយៈពេល៣ខែ ចំពោះការប្រព្រឹត្តបទល្មើសលើកទី១ និង ៦ខែបើសិនជាមិនរៀងចាល បើប្រព្រឹត្តបទល្មើសជាលើកទី២»។
សម្ដេចធិបតីក៏បានណែនាំដល់សមត្ថកិច្ចត្រូវយកចិត្តទុកដាក់ថែទាំទ្រព្យសម្បត្តិម៉ូតូ ដែលដកហូតឱ្យបានល្អ ហើយធ្វើលិខិតការធានា និងប្រគល់ម៉ូតូត្រឡប់ទៅឱ្យសាមីខ្លួន និងក្រុមគ្រួសារវិញ នៅពេលវិន័យរដ្ឋបាលនេះត្រូវបានបញ្ចប់។ សម្ដេច សង្ឃឹមថា ការដាក់ចេញនូវវិធានការថ្មីនេះ នឹងចូលរួមក្នុងការបង្ក្រាបក្រុមក្មេងទំនើង បង្ហោះម៉ូតូនៅតាមមូលដ្ឋាន ព្រោះថា «បើអស់ម៉ូតូ គឺមិនអាចបង្ហោះបានទេ»។សម្ដេចធិបតី បន្ថែមថា ការកាត់បន្ថយនូវសកម្មភាពបង្ហោះម៉ូតូ ក៏ជាចំណែកមួយក្នុងការចូលរួម ថែរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងកាត់បន្ថយហានិភ័យ ដែលអាចនាំឱ្យមានការគ្រោះថ្នាក់ដោយសារការបង្ហោះម៉ូតូទៅដល់អ្នកដ៏ទៃ និងទៅដល់អ្នកបង្ហោះម៉ូតូខ្លួនឯងព្រោះកន្លងទៅអ្នកបង្ហោះម៉ូតូបានទៅបុកអ្នកផ្សេងរហូតដល់ បាត់បង់ជីវិតក៏មាន។សម្ដេច នាយករដ្ឋមន្ដ្រី ក៏សុំការយោគយល់ពីសំណាក់មាតាបិតានៅពេលដែលវិធានការនេះអនុវត្ត ចំពោះកូនចៅរបស់ខ្លួនដែលបានបង្ហោះម៉ូតូដោយសមត្ថកិច្ចរក្សាទុកម៉ូតូរយៈពេល៣ឬខែ៦ ។ សម្តេចថា ដើម្បីកុំឱ្យមានបញ្ហា មាតា បិតា ក៏ត្រូវណែនាំឬអប់រំកូនរបស់ខ្លួនកុំឱ្យធ្វើសកម្មភាពបង្ហោះម៉ូតូ។សូមជម្រាបជូនថាការចេញបទបញ្ជារបស់សម្ដេចធិបតីបន្ទាប់ពីសម្តេចបានឃើញមាន ការបញ្ចេញកង្វល់របស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហាអនាធិបតេយ្យ បង្កឡើងដោយក្រុមមនុស្សមួយចំនួនតូចដែលធ្វើសកម្មភាពបង្ហោះម៉ូតូ នៅតាមដងផ្លូវសាធារណៈធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ និងបង្កហានិភ័យដល់អ្នកដំណើរផ្សេងទៀត៕
