ប្រទេសណាតូកោះហៅបេសកជនរុស្ស៊ីដោយសារកម្ទេចUAV
ដោយ៖ឌុំសាវ៉ុន
ក្រសួងការបរទេសរ៉ូម៉ានីបានកោះហៅភារធារីរុស្សីបន្ទាប់ពីចោទប្រកាន់ទីក្រុងម៉ូស្គូពីបទអនុញ្ញាតឱ្យយន្តហោះគ្មានមនុស្សបើកយោធា(UAV) រំលោភលើដែនអាកាសនៃប្រទេសសមាជិកណាតូនេះ។យោងតាមក្រសួងការពារជាតិរ៉ូម៉ានីបំណែកនៃ UAV អត្តឃាត Geran-2 ត្រូវបានគេរកឃើញនៅជិតភូមិPlauru ក្នុងតំបន់ Tulcea ប្រទេសភាគខាងកើតកាលពីថ្ងៃទី២៤ខែកក្កដា។ក្រសួងការបរទេសរបស់ប្រទេសរូម៉ានីបានប្រកាសកាលពីថ្ងៃទី២៥ខែកក្កដាថាខ្លួនបានកោះហៅបេសកជនរបស់ទីក្រុងម៉ូស្គូទាក់ទងនឹង”បំណែកUAVដែលប្រើប្រាស់ដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ីក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែរបស់អ៊ុយក្រែន”។យោងតាមRTទោះបីជាអង្គការណាតូបានចោទប្រកាន់ទីក្រុងម៉ូស្គូពីសកម្មភាព”គ្មានការទទួលខុសត្រូវនិងអាចមានគ្រោះថ្នាក់” ក៏ដោយក៏ខ្លួនបានទទួលស្គាល់ថាមិនមានភស្តុតាងនៃ”ការវាយប្រហារដោយចេតនារបស់រុស្ស៊ីលើទឹកដីនៃប្រទេសសមាជិកឡើយ” ។

ទីក្រុងម៉ូស្គូមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញការចោទប្រកាន់ខាងលើនេះនៅឡើយទេ។ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃទី២៤ខែកក្កដាថា យោធារបស់ប្រទេសនេះបានវាយឆ្មក់ទូកគ្មានមនុស្សបើករបស់អ៊ុយក្រែនដែលបានបោះយុថ្កានៅទីតាំងមិនស្គាល់មួយ។ទន្ទឹមនឹងនេះដែរ Evgeny Poddubny អ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមសម្រាប់ប៉ុស្តិ៍ទូរទស្សន៍ Russia-1 បានរាយការណ៍អំពីការវាយប្រហាររបស់ទាហានរុស្ស៊ីនៅលើកន្លែងផលិតកប៉ាល់និងឃ្លាំងផ្ទុកប្រេងឥន្ធនៈនៅកំពង់ផែ Izmail របស់អ៊ុយក្រែន ដែលមានទីតាំងនៅជិតព្រំដែនប្រទេសរ៉ូម៉ានី។ភាគីរុស្ស៊ីបានបដិសេធមិនកំណត់គោលដៅលើជនស៊ីវិលហើយបានបញ្ជាក់ថាការវាយប្រហារតាមអាកាសរបស់ពួកគេគឺសំដៅលើគោលដៅយោធាតែប៉ុណ្ណោះ។ ក្រសួងការពារជាតិរុស្ស៊ីពីមុនបានចោទប្រកាន់អ៊ុយក្រែនថាបានប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែដើម្បីបើកទូកគ្មានមនុស្សបើកអត្តឃាតរបស់កងទ័ពជើងទឹក រួមទាំងរថយន្តដែលបានវាយប្រហារលើស្ពានគ្រីមៀផងដែរ។
កាលពីថ្ងៃទី២៤ខែកក្កដាកងទ័ពជើងទឹកតួកគីបានឈប់ទូកគ្មានមនុស្សបើកស្រដៀងនឹងយានដែលប្រើដោយភាគីអ៊ុយក្រែនដែលកំពុងរសាត់ក្នុងសមុទ្រខ្មៅក្បែរទីក្រុងអ៊ីស្តង់ប៊ុល។អាជ្ញាធរតួកគីក៏បានប្រមូលគ្រាប់មីនជាច្រើនដែលអណ្តែតក្នុងសមុទ្រចាប់តាំងពីជម្លោះរុស្ស៊ី-អ៊ុយក្រែនបានផ្ទុះឡើងនៅចុងខែកុម្ភៈឆ្នាំ ២០២២៕
