លោកហ៊ុនម៉ានីលើកឡើងថាអ្វីៗដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើគឺដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា
តាមរយៈបណ្តាញទំនាក់ទំនងសង្គមនារសៀលថ្ងៃទី២៤ខែកក្កដានេះ លោកឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ានីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈមានសំណេរថាក្នុងនាមជាពលរដ្ឋខ្មែរមួយរូបដែលបានធំធាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានតាមដាននិងស្វែងយល់នូវការពិតជាក់ស្តែនៃកិច្ចសហប្រតិបត្តិការត្រីភាគីក្នុងក្របខណ្ឌតំបន់ត្រីកោណសហប្រតិបត្តិការកម្ពុជា-ឡាវ – វៀតណាមដែលជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីក្នុងពេលនោះ។លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថាអ្វីៗដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងធ្វើគឺដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាតែមួយគត់។ជាមួយគ្នានោះលោកបានទទួលស្តាប់ នូវការបកស្រាយ និងពន្យល់អំពីប្រវត្តិដំណាក់កាល និងមូលដ្ឋាននៃការគិតគូរលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងនយោបាយនៃការបង្កើតក្របខ័ណ្ឌសហប្រតិបត្តិការសម្រាប់ជាឧត្តមប្រយោជន៍ដល់តំបន់ សហគមន៍ប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នោះ។

បើតាមឧបនាយករដ្ឋមន្ត្រីការប្រែមុខមាត់ តាមរយៈការអភិវឌ្ឍ និងគម្រោងវិនិយោគនានា ដែលបានលេចជារូបរាងជាបន្តបន្ទាប់ គឺជាភស្តុតាងដែលមិនអាចប្រកែកបានអំពីផលជាក់ស្តែងដែលប្រជាពលរដ្ឋទាំងក្នុងបណ្តាខេត្តក្នុងតំបន់សហប្រតិបត្តិការនិងប្រជាពលរដ្ឋទូទៅបាន និងកំពុងទទួលបាន។លោកហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានសង្កត់ធ្ងន់ថា ការប៉ុនប៉ង បំភ្លៃ បំភ័ន្ត ក្នុងចេតនាបង្ខូចកិត្តិយស និងការពិតនៃកិច្ចការរបស់រាជរដ្ឋាភិបាល គឺជាទង្វើដ៏គួរឱ្យស្អប់ខ្ពើម ដែលសង្គមមិនគួរអត់ឱនឱ្យហើយអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ចំពោះអំពើញុះញង់របស់ខ្លួន។ លោកឧបនាយករដ្ឋមន្ត្រី បានអំពាវនាវ ឱ្យបងប្អូនជនរួមជាតិទាំងអស់ត្រូវតែជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
