អ្នកឧកញ៉ាលីយ៉ុងផាត់បានទទួលស្វាគមន៍ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុនពិភាក្សាធុរកិច្ចការវិនិយោគ

អ្នកឧកញ៉ាលី យ៉ុងផាត់ប្រធានសមាគមឧកញ៉ាកម្ពុជានិងអនុប្រធាន ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាលសរុបចំនួន១០រូបនារសៀលថ្ងៃចន្ទ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានទទួលស្វាគមន៍ លោក YoshihisaSuzukiប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុននៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនដើម្បីបន្តពិភាក្សាធុរកិច្ច ការវិនិយោគនិងទទួលទានអាហារថ្ងៃត្រង់រួមគ្នា។ក្នុងជំនួបពិភាក្សាធុរកិច្ចនេះ ទទួលបានផ្លែផ្កាជាវិជ្ជមានខណៈដែលភាគីទាំងពីរបានកំណត់ថានឹងបង្កើតចំណងមិត្តភាពព្រមទាំងកិច្ចសហប្រតិបត្តិការផ្សេងៗជាបន្តបន្ទាប់ទៀតដើម្បីបង្កើតកាលានុវត្តភាពពាណិជ្ជកម្មនិងវិនិយោគរវាងស្ថាប័នទាំងពីរឱ្យកាន់តែល្អប្រសើរ។ជាពិសេសភាគីទាំងពីរព្រមព្រៀងនឹងចុះអនុស្សារណៈយោគយល់គ្នានិងការកៀរគរវិនិយោគិនបន្ថែមទៀតផងដែរ។គួររំលឹកផងដែរថា ក្នុងឱកាសចូលរួមអមដំណើរ សម្តេចធិបតីនាយរដ្ឋមន្ត្រី ទៅប្រទេសជប៉ុន ក្នុងអំឡុងខែធ្នូឆ្នាំ២០២៣ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា តំណាង អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជារួមទាំងសមាជិកក្រុមប្រក្សាភិបាលសមាគម បានជួបពិភាក្សាធុរកិច្ចម្តងរួចមកហើយនៅទីក្រុងតូក្យូប្រទេសជប៉ុន។ ទន្ទឹមនឹងនោះដែរតំណាងសមាគមឧកញ៉ាកម្ពុជាក៏បានអញ្ជើញភាគីជប៉ុនមកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។
ជាការឆ្លើយតបភាគីជប៉ុនបានមកបំពេញទស្សនកិច្ចនៅកម្ពុជាសមាគមឧកញ៉ាកម្ពុជាក៏បានរៀបចំទទួលស្វាគមន៍និងអញ្ជើញគណៈប្រតិភូគណៈកម្មការមេគង្គ-ជប៉ុននៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន ទទួលទានអាហារថ្ងៃត្រង់ដើម្បីបន្តពិភាក្សាការងារធុរកិច្ចនិងរឹតចំណងកិច្ចសហប្រតិបត្តការរវាងស្ថាប័នទាំងពីរ៕
