ប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន មានបំណងពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹក ថ្ងៃព្រហស្បត៍ ត្រូវនឹងថ្ងៃទី១ កុម្ភៈ ២០២៤ បានអនុញ្ញាតឱ្យ លោក YoshihisaSuzukiប្រធានគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុននៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។នាឱកាសនោះលោកប្រធានគណៈកម្មាធិការ បានគោរពជម្រាបជូន សម្តេចធិបតី អំពីសកម្មភាព វិនិយោគដែលមានស្រាប់នៅកម្ពុជា លើវិស័យ វាយនភ័ណ្ឌ ការផ្គត់ផ្គង់ឧស្ម័ននិងលើវិស័យកសិកម្ម ដែលផ្តោតសំខាន់លើ ដំណាំល្ង និង ពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកក្នុងការស្វែងយល់ពីការអភិវឌ្ឃសេដ្ឋកិច្ចនិងកាលានុវត្តភាពសម្រាប់ការវិនិយោគនៅកម្ពុជា។ជាពិសេសការពង្រីកការវិនិយោគលើវិស័យវាយនភ័ណ្ឌក្នុងទម្រង់ជា OEM លើសម្ភារៈវាយនភ័ណ្ឌ ដែលបង្ហាញថាផលិតផល ផលិតនៅកម្ពុជា។លោកប្រធានគណៈកម្មាធិការ ក៏បានគោរពជម្រាបជូន សម្តេចធិបតី អំពីសកម្មភាពរបស់សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ដែលជាស្ថាប័នសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំនៅក្នុងប្រទេសជប៉ុន ហើយបច្ចុប្បន្ននេះមានការិយាល័យចំនួន៥១៥និងមានសមាជិកសរុបប្រមាណជាង ១,២៥ លាននាក់ ដែលផ្តោតសំខាន់លើវិស័យវាយនភ័ណ្ឌ គ្រឿងម៉ាស៊ីននិងលោហៈធាតុ ថាមពល សារធាតុគីមី អាហារ លំនៅឋាន បច្ចេកវិទ្យាព័ត៌មាននិងហិរញ្ញវត្ថុ។ជាមួយគ្នានោះលោកប្រធានគណៈកម្មាធិការបានបញ្ជាក់ជូនសម្តេចធិបតីផងដែរថាគណៈកម្មាធិការកិច្ចសហប្រតិបត្តិការធុរកិច្ចមេគង្គ-ជប៉ុន គឺជាគណៈកម្មាធិការអន្តរជាតិមួយនៃសភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុនដែលទទួលបន្ទុកក្នុងការប្រមូលព័ត៌មានធ្វើការស្ទង់មតិនិងសិក្សាស្រាវជ្រាវអំពីបរិយាកាសវិនិយោគនិងធុរកិច្ចនៅក្នុងប្រទេសតំបន់មេគង្គរួមទាំងប្រទេសកម្ពុជាផងដែរ។សម្តេចធិបតីបានសម្តែងនូវការស្វាគមន៍ចំពោះលោក Yoshihisa Suzuki និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានិងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាជីវកម្មរបស់សភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុន នៅកម្ពុជានាពេលកន្លងមក។សម្តេចធិបតីក៏បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុននៃសភាពាណិជ្ជកម្មនិងឧស្សាហកម្មជប៉ុនដែលមានបំណងចង់ពង្រីកនូវសកម្មភាពវិនិយោគរបស់ខ្លួនបន្ថែមទៀត។សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីភាពទាក់ទាញនៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះនិងភាពបត់បែន។សម្ដេចធិបតីសង្ឃឹមយ៉ាងមុតមាំថាដំណើរទស្សនកិច្ចរបស់លោក Yoshihisa Suzuki និងគណៈប្រតិភូនាឱកាសនេះ សភាពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុននឹងកាន់តែបង្កើននូវលទ្ធភាព និងការពង្រីកនូវសក្តានុពលវិនិយោគបន្ថែមទៀត នៅកម្ពុជា ជាមួយនឹងភាពជឿជាក់និងប្រាកដនិយមហើយរាជរដ្ឋាភិបាលត្រៀមខ្លួនជានិច្ចក្នុងការសម្របសម្រួលនិងសហការជាមួយវិនិយោគិនជប៉ុនក្នុងវត្ថុបំណងប្រែក្លាយកម្ពុជា ជាទិសដៅវិនិយោគចម្បង និងជាមជ្ឈមណ្ឌលតំបន់៕
