ក្រុមហ៊ុនរថយន្តខ្នាតយក្សFordរំពឹងការខាតបង់ជិត២ពាន់លានដុល្លារ

ក្រុមហ៊ុនរថយន្តខ្នាតយក្ស Ford Motorកាលពីថ្ងៃទី២៤ ខែមករា បានប្រកាសថាពួកគេរំពឹងថានឹងមានការខាតបង់ដ៏ច្រើនកាលពីត្រីមាសទី៤ ប្រមាណ១,៧ពាន់លានដុល្លារដោយសារការធ្វើបាតុកម្មពីក្រុមបុគ្គលិក បណ្ដាលឲ្យមានការកកស្ទះដល់សង្វាក់ផលិតកម្ម។សារព័ត៌មាន Reuters បានរាយការណ៍ថាការខាតបង់ដ៏ធំមួយនេះនឹងធ្វើឲ្យប្រាក់ចំណូលប្រចាំត្រីមាសទី៤របស់ក្រុមហ៊ុនFordថយចុះមកនៅត្រឹម១,៣ពាន់លានដុល្លារប៉ុណ្ណោះ។ការថយចុះនៃប្រាក់ចំណូលរបស់Fordគឺបានកើតមានឡើងតាំងពីត្រីមាសទី៣នៅពេលដែលក្រុមបុគ្គលិកចេញបាតុកម្មនិងបានធ្វើឲ្យក្រុមហ៊ុនខាតបង់ប្រមាណ១,៣ពាន់លានដុល្លារនៅក្នុងត្រីមាសទី៣ ផងដែរ។
ជាមួយគ្នា ក្រុមហ៊ុនរថយន្តអាមេរិកមួយនេះក៏បានជួបបញ្ហាមួយទៀត គឺបានប្រកាសប្រមូលរថយន្តប្រហែល២,២៤លានគ្រឿងចូលឃ្លាំងដើម្បីជួសជុលវិញក្រោយរកឃើញថា គ្រឿងរថយន្តទាំងនោះមានបញ្ហា អាចបង្កហានិភ័យដល់អ្នកប្រើប្រាស់៕
