កូរ៉េបង្ហាញទិសដៅក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជាសម្រាប់នាំចេញទៅទីផ្សារពិភពលោក
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក Chung Sye-kyun អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េក្នុងដំណើរបំពេញទស្សនកិច្ចរបស់លោកនៅប្រទេសកម្ពុជា។ក្នុងកិច្ចប្រជុំពិភាក្សានេះក៏មានការចូលរួមពីគណៈប្រតិភូក្រុមហ៊ុនCAMKO MOTOR COMPANT LTDនិងក្រុមហ៊ុន CAMKO INFRACORE CO., LTDផងដែរ។ក្នុងឱកាសនេះលោក Chung Sye-kyun បានបង្ហាញទស្សនៈវិជ្ជមានអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍឥតឈប់ឈររួមជាមួយរោងចក្រវិនិយោគថ្មីៗជាច្រើន ហើយកម្ពុជាអាចរក្សាបាននូវបរិយាសកាសគុណភាពខ្យល់ល្អ ដែលនេះក៏ស្របតាមទិសដៅរបស់ក្រុមហ៊ុនCAMKO MOTOR និងក្រុមហ៊ុនCAMKOINFRACOREក្នុងការពង្រីកផលិតកម្មរបស់ខ្លួននៅកម្ពុជាដោយអនុវត្តលើការការពារបរិស្ថានផងដែរ។ចំពោះក្រុមហ៊ុន CAMKO MOTOR បច្ចុប្បន្នកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា លើការដំឡើងរថយន្តម៉ាកHyundaiនិងផលិតខ្សែភ្លើងអគ្គិសនីសម្រាប់រថយន្តដើម្បីនាំចេញ។ជាមួយគ្នានេះដែរ ចំពោះក្រុមហ៊ុនCAMKO INFRACOREតាមរយៈកិច្ចប្រជុំនេះបានបង្ហាញទិសដៅក្នុងការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជាសម្រាប់នាំចេញទៅទីផ្សារពិភពលោក។ក្នុងឱកាសនេះលោកឧបនាយករដ្ឋមន្ត្រី បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះលោក Chung Sye-kyunក្នុងដំណើរទស្សនកិច្ចមកកម្ពុជាបន្ថែមពីនេះតបលើការលើកឡើងអំពីគុណភាពខ្យល់លោកឧបនាយករដ្ឋមន្ត្រីបានជម្រាបផងដែរអំពីទិសដៅរបស់កម្ពុជាក្នុងការជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០% នៃថាមពលប្រើប្រាស់សរុបសម្រាប់ឆ្នាំ២០២៤។

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យលោកChung Sye-kyun ជួយសម្របសម្រួលនិងពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយអំពីសក្ដានុពលរបស់ប្រទេសកម្ពុជាបន្ថែមទៀតជូនដល់វិនិយោគិនកូរ៉េក្នុងគោលដៅដើម្បីពង្រីកសកម្មភាពវិនិយោគរវាងភាគីទាំងពីរ។សូមបញ្ជាក់ថា ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកម្ពុជា-កូរ៉េនាពេលកន្លងមក ពិសេសលើសកម្មភាពវិនិយោគនិងការជំរុញឱ្យមានវិនិយោគិនពីក្រុមហ៊ុននានារបស់សាធារណរដ្ឋកូរ៉េចូលមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត៕
