Daily News Sharing

«ឃ្លាំងលើកដាក់និងស្តុកទំនិញត្រជាក់»សមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់កម្ពុជា

31

Middle Content

លោកប៉េង ពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន នាព្រឹកថ្ងៃពុធទី២៤ខែមករាឆ្នាំ២០២៤បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការឃ្លាំងលើកដាក់និងស្តុកទំនិញត្រជាក់ របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន (Khmer Cold Chain) ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណចំណតផែកុងតឺន័រLM17 របស់កំពង់ផែស្វយ័តភ្នំពេញក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ក្នុងពិធីសម្ពោធមានការអញ្ជើញចូលរួមពី ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាលោកស្រីអនុប្រធានស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោកប្រធានការិយាល័យសហប្រតិបត្តិការអន្តរជាតិនៃស្ថានអគ្គកុងស៊ុលប្រទេសស្វីសប្រចាំកម្ពុជាលោកស្រីអគ្គនាយិកាក្រុមហ៊ុនInfraCoAsiaលោកប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកក្រុមហ៊ុន Khmer Cold Chainអភិបាលរងនៃគណៈអភិបាលខេត្តកណ្តាលប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញឯកឧត្តមលោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ/អន្តរជាតិ និងបងប្អូនបុគ្គលិក កម្មករ និយោជិត ជាច្រើនរូបផ្សេងទៀត។ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់ដែលប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះកើតឡើងក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដោយក្រុមហ៊ុន InfraCo Asiaសហការជាមួយកំពង់ផែស្វយ័តភ្នំពេញដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍និងUSAID ក្រោមជំនួយឧបត្ថម្ភពីប្រទេសអង់គ្លេស អូស្ត្រាលី ស្វីស និងហូឡង់។ឃ្លាំងនេះមានសមត្ថភាពស្តុកទំនិញបាន៥៨២៧ម៉ែត្រគូប ជាមួយនឹងកម្រិតសីតុណ្ហភាពចាប់ពី -២២°C ដល់ ១៥°C។

 

ថ្លែងក្នុងឱកាសនោះរដ្ឋមន្ត្រីបានលើកឡើងថា ឃ្លាំងត្រជាក់មួយខ្នងនេះនឹងជួយបំពេញបន្ថែមនូវមុខងាររបស់ចំណតផែកុងតឺន័រLM17ដែលនឹងធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញទទួលបាននូវកំណើនបរិមាណកុងតឺន័រឆ្លងកាត់ដោយឃ្លាំងនេះនឹងផ្តល់នូវតម្លៃសេវាបន្ថែម។ជាពិសេស សេវាស្តុកទំនិញត្រជាក់ស្របតាមស្តង់ដារអន្តរជាតិ។ ជាងនេះទៅទៀត ឃ្លាំងនេះនឹងចូលរួមគាំទ្រផែនការអាទិភាពរបស់ក្រសួងសាធារណការ និង ដឹកជញ្ជូនដែលបានដាក់ចេញដើម្បីពង្រឹងនិងលើកកម្ពស់ការអភិវឌ្ឍវិស័យឡូជីស្ទីកនិងកំពង់ផែនៅកម្ពុជារួមទាំងការធ្វើកំណែទម្រង់ធ្វើយ៉ាងណាឱ្យតម្លៃឡូជីស្ទីកកាន់តែមានភាពប្រកួតប្រជែងនិងការផ្តល់សេវាកាន់តែមានភាពឆាប់រហ័ស តម្លាភាពនិងប្រសិទ្ធភាព ។កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលដែលសម្រេចបានទាំងនេះបាននិងកំពុងឆ្លើយតបទៅនឹងចក្ខុវិស័យ របស់ក្រសួងកម្មវិធីនយោបាយនិងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ជាពិសេសស្របទៅនឹងទិសដៅក្នុងការអភិវឌ្ឍវិស័យឡូជីស្ទីក និងកំពង់ផែនៅកម្ពុជា៕

Footer Content