ក្រុមហ៊ុនWanliTireដ៏ល្បីរបស់ចិនសម្លឹងមើលការពង្រីកសមត្ថភាពផលិតនៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Wanli Tire Co Ltdដែលជាសហគ្រាសគ្រប់គ្រងដោយរដ្ឋដែលមានមូលដ្ឋាននៅទីក្រុងក្វាងចូវរដ្ឋធានីនៃខេត្តក្វាងទុងបានចាប់ផ្តើមសាងសង់មូលដ្ឋានផលិតកម្មដំណាក់កាលថ្មីចំពេលមានការងើបឡើងវិញនៃឧស្សាហកម្មសំបកកង់របស់ប្រទេសកាលពីឆ្នាំមុន។នេះបើតាមការចេញផ្សាយChina Daily។គម្រោងពង្រីកដំណាក់កាលទី៣របស់ក្រុមហ៊ុន ដែលមានទីតាំងនៅតំបន់រោងចក្រដែលមានស្រាប់នៃមូលដ្ឋានផលិតកម្មរបស់ខ្លួននៅស្រុកឆុងហ័រ(Conghua)ជាយក្រុងក្វាងចូវមានបំណងបង្កើតរោងចក្រផលិតសំបកកង់យានយន្តដែលមានគុណភាព បច្ចេកវិទ្យាឆ្លាតវៃ និងបៃតង ដែលមានសមត្ថភាពផលិតប្រចាំឆ្នាំ ចំនួន ១២ លាន ឯកតា។នាយកប្រតិបត្តិក្រុមហ៊ុនបាននិយាយថាការពង្រីកសមត្ថភាពផលិតកម្មរបស់ក្រុមហ៊ុនត្រូវបានជំរុញដោយការកើនឡើងយ៉ាងខ្លាំងនៃការបញ្ជាទិញ។
លោក ឆាវ សៀនតុង (Cao Xiandong) អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន WanliTireបាននិយាយថា“បច្ចុប្បន្នការបញ្ជាទិញនៅលើទីផ្សារគឺពេញហើយ ជាពិសេសសម្រាប់សំបកកង់ដែលមានដែក (steel radial tires) ដែលខ្វះការផ្គត់ផ្គង់” ។ក្រុមហ៊ុនបាននិយាយថា នៅឆ្នាំ២០២៣ បរិមាណផលិតកម្ម និងការលក់របស់ក្រុមហ៊ុន Wanli បានកើនឡើង ១៨,៧៧ ភាគរយ និង ១៩,៤២ ភាគរយ រៀងគ្នា ជាមួយនឹងកំណើនប្រាក់ចំណេញ ២៩២លានយ័ន (៤០,៦៩ លានដុល្លារ) ។លោកឆាវបាននិយាយថាក្រុមហ៊ុនមិនត្រឹមតែបានប្រែក្លាយការខាតបង់ទៅជាប្រាក់ចំណេញប៉ុណ្ណោះទេ។ប៉ុន្តែដំណើរការលក់របស់ខ្លួនក៏ទទួលបានកំណើនពីរខ្ទង់ផងដែរក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ “យើងនៅតែមានសុទិដ្ឋិនិយមអំពីកំណើនទីផ្សារនាពេលអនាគត” ។
លោកបាននិយាយថា ជាមួយនឹងការពង្រីកសមត្ថភាពផលិតកម្ម និងការដាក់ពង្រាយបច្ចេកវិទ្យាឆ្លាតវៃគោលដៅរបស់ក្រុមហ៊ុនគឺដើម្បីសម្រេចបាននូវទំហំប្រាក់ចំណូលប្រហែល១០ប៊ីលានយ័ន នៅឆ្នាំ២០២៥។
វិស័យសំបកកង់របស់ប្រទេសចិន មានការងើបឡើងវិញកាលពីឆ្នាំមុន ដោយមានតម្រូវការខ្លាំងប្រកកបដោយនិរន្តរភាពពីឧស្សាហកម្មរថយន្ត។
ការផលិតសំបកកង់ដែលមានដែកនៅក្នុងប្រទេសចិនបានឈានដល់ ១៣៩ លានឯកតា ក្នុងឆ្នាំ២០២៣ កើនឡើង ១៤ ភាគរយ បើធៀបនឹងឆ្នាំមុន។ យោងតាមរបាយការណ៍របស់ National Business Daily បានឱ្យដឹងថា ការផលិតសំបកកង់ដែកផ្នែកខ្លះ(partial steel radial tires) បានឈានដល់ ៥៩១ លានឯកតា ក្នុងអំឡុងពេលដូចគ្នា ឬកើនឡើង ២២ភាគរយធៀបនឹងរយៈពេលមួយឆ្នាំ។យោងតាមរបាយការណ៍បានឱ្យដឹងថា ក្រុមហ៊ុនផលិតជាច្រើននៅក្នុងប្រទេសចិនបាននិយាយថា ការបញ្ជាទិញសំបកកង់របស់ពួកគេត្រូវបានកំណត់ពេលសម្រាប់ចែកចាយ ក្នុងរយៈពេល២ខែខាងមុខហើយស្តុកផលិតផលសំបកកង់របស់ពួកគេក៏បានធ្លាក់ចុះក្នុងកម្រិតទាបផងដែរ។ដែលជំរុញដោយតម្រូវការខ្លាំងពីក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក និងការកើនឡើងនៃការបញ្ជាទិញពីក្រៅប្រទេស។
ក្រុមហ៊ុន Wanli បានបង្កើនការវិនិយោគរបស់ខ្លួនក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ជាពិសេសផ្តោតលើវិស័យរថយន្តថាមពលថ្មី។
មុនពេលសាងសង់គម្រោងដំណាក់កាលទី៣ ក្រុមហ៊ុន Wanli Tire បានអនុវត្តការវិនិយោគបំប្លែងបច្ចេកវិទ្យាជាច្រើន ដើម្បីបង្កើនផលិតកម្មឆ្លាតវៃនៅឯមូលដ្ឋានផលិតកម្មធំពីររបស់ខ្លួននៅទីក្រុង ក្វាងចូវនិងទីក្រុងហឺហ្វី(Hefei)ខេត្តអានហួយ។មូលដ្ឋានក្នុងក្រុងហឺហ្វីរបស់ខ្លួន គឺជារោងចក្រផលិតសំបកកង់ប្រកបដោយស្វ័យប្រវត្តិកម្ម បច្ចេកវិទ្យាឆ្លាតវៃ និងបៃតង ដំបូងគេបង្អស់របស់ខ្លួន។ក្រុមហ៊ុន ក៏ នឹង ពង្រីកសាខាទៅ ក្រៅ ប្រទេស ដោយ មាន គម្រោង សាងសង់ រោងចក្រ នៅ ក្នុង ប្រទេស កម្ពុជា ផង ដែរ នេះ បើ តាម ការ រាយការណ៍ របស់ ប្រព័ន្ធ ផ្សព្វផ្សាយ ក្នុង ស្រុក។Marketinsidersបាននិយាយថាការពង្រីកផលិតកម្មរបស់ក្រុមហ៊ុនWanliTireនឹងបង្កឱ្យមានការកើនឡើងនៃការវិនិយោគឧស្សាហកម្មក្នុងស្រុក ជាពិសេសនៅក្នុងឧស្សាហកម្មដែលកំពុងរីកចម្រើន។យោងតាមក្រុមហ៊ុនឧស្សាហកម្មផលិតសំបកកង់ Wanli Tire ដែលពីមុនត្រូវបានគេស្គាល់ថា Guangzhou Fengli Tire & Rubber Co, Ltd គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនសំបកកង់កំពូលទាំង ៥០ នៅលើពិភពលោក ហើយត្រូវបានជាប់ឈ្មោះក្នុងបញ្ជីជាក្រុមហ៊ុន Fortune 500 ផងដែរ។សេចក្តីប្រកាសព័ត៌មានមួយបានឱ្យដឹងថា បច្ចុប្បន្ន ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចក្នុងការដឹកនាំវឌ្ឍនភាពនៃឧស្សាហកម្មនៅក្នុងប្រទេសកម្ពុជាជាមួយនឹងការផលិតប្រកបដោយបច្ចេកវិទ្យវៃឆ្លាត ខណៈនៅតែបន្តបម្រើអតិថិជនជាមួយនឹងផលិតផលគុណភាពខ្ពស់។ ក្រុមហ៊ុនមានចក្ខុវិស័យរយៈពេលវែងផ្តោតលើការកែលម្អការធ្វើដំណើររបស់មនុស្សនិងលើកកម្ពស់វឌ្ឍនភាពសង្គមជាមួយនឹងការរួមចំណែកផ្ទាល់របស់ខ្លួនចំពោះជីវិតកាន់តែប្រសើរនាពេលអនាគត៕
