តើកម្ពុជាខ្ចីបំណុលបរទេសមកធ្វើអ្វីខ្លះ?
តើកម្ពុជារដ្ឋាភិបាលកម្ពុជាខ្ចីបំណុលបរទេសមកធ្វើអ្វីខ្លះ?កម្ពុជាមានគោលការណ៍គន្លឹះធំៗចំនួន៥ក្នុងការខ្ចីបំណុលបរទេសដើម្បីយកមកវិនិយោគលើហេដ្ឋារចនាសម្ព័នផ្សេងៗឱ្យកាន់តែទំនើបក្នុងការទាក់ទាញវិនិយោគិនពីបណ្តាប្រទេសផ្សេងៗឱ្យមកទស្សនាកម្សាន្តនិងមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត។នេះបើឲ្យដឹងពីលោកមាសសុខសេនសានរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបញ្ជាក់ប្រាប់AKP។លោកមាសសុខសេនសានមានប្រសាសន៍បច្ចុប្បន្ននេះកម្ពុជាត្រូវការវិនិយោគបន្ថែម ទៅលើហេដ្ឋារចនាសម្ព័ន្ធទំនើបៗ ដើម្បីត្រៀមលក្ខណៈទទួលការវិនិយោគពីបរទេសព្រោះបើកម្ពុជាមិនធ្វើអ្វីសោះ ក៏មិនអាចទាក់ទាញលំហូរវិនិយោគពីបរទេសបាននោះដែរ ។

ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធដែលបាននិងកំពុងលេចឡើងមានដូចជា ៖ ព្រលានយន្តហោះអន្តរជាតិ កំពង់ផែអន្តរជាតិ និងផ្លូវធំៗជាច្រើន ដែលនេះសុទ្ធសឹងតែជាផ្នែកមួយនៃការទាក់ទាញវិនិយោគិនបរទេសឱ្យសម្លឹងមើលកម្ពុជា និងងាកមកបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ ។លោកបានបន្តថាចំពោះការខ្ចីបំណុលពីបរទេសនេះកម្ពុជាមានគោលការណ៍ច្បាស់លាស់ជាច្រើនដោយចំណាយផ្តោតសំខាន់ទៅលើវិស័យអាទិភាពនិងការកសាងហេដ្ឋារចនាសម្ព័ន្ធទំនើបៗប្រកបដោយតម្លាភាពគណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធភាពខ្ពស់បំផុត ដែលធ្វើឱ្យកម្ចីទាំងនោះ ស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាននិងមានហានិភ័យទាបមិនដូចអ្វីដែលក្រុមជ្រុលនិយមបានឃោសនាបំភ័យប្រជាជនពាក់ព័ន្ធនឹងបំណុលសាធារណៈរបស់កម្ពុជានោះទេ។ជាងនេះទៅទៀតសម្រាប់ចំណូលដែលប្រមូលបាននៅក្នុងប្រទេស គឺសម្រាប់ចំណាយទៅលើប្រាក់បៀវត្សមន្រ្តីរាជការ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនប៉ុណ្ណោះ ។ « ខ្ញុំចង់បញ្ជាក់សម្រាប់គោលការណ៍កម្ពុជាគឺច្បាស់លាស់ណាស់ យើងមានគោលការណ៍៥និយាយដោយសាមញ្ញគោលការណ៍៥នោះ គឺខ្ចីទាល់តែយើងមានថវិកាដែលអាចទប់ការចំណាយឬទប់ការសងនោះវិញបានមួយវិញទៀតគឺយើងខ្ចីនៅក្នុងសម្បទានខ្ពស់ឬការអនុគ្រោះខ្ពស់ពីដៃគូដោយមានការប្រាក់ទាបហើយទី៣នោះ គឺយើងយកបំណុលមកនោះ ដើម្បីប្រើប្រាស់លើវិស័យអាទិភាពជាច្រើនដែលរួមមាន៖ វិស័យសង្គមកិច្ច អប់រំ សុខាភិបាល ដែលនេះគឺសុទ្ធសឹងតែជាវិស័យអាទិភាព គឺយើងយកមកសម្រាប់ចំណាយទៅលើវិស័យអាទិភាពទាំងអស់នោះ មួយវិញទៀតគឺតម្លាភាពនិងចុងក្រោយនោះគឺសម្រាប់យកទៅប្រើប្រាស់លើការវិនិយោគ » ។
គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាមានបំណុលសាធារណៈសរុប ១០.២៧ពាន់លានដុល្លារ ដែលក្នុងនោះជំពាក់បំណុលបរទេស ១០.២៣ពាន់លានដុល្លារ និងបំណុលក្នុងប្រទេសចំនួន ៤២.៤៥លានដុល្លារសហរដ្ឋអាមេរិក៕
