ការបង្កបង្កើនផលស្រូវរដូវប្រាំងឆ្នាំ២០២៣នេះសម្រេចបានជាង៥សែនហិកតាលើសផែនការកំណត់
បើតាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្មរុក្ខាប្រមាញ់ នេសាទប្រចាំឆ្នាំ២០២៣បានឲ្យដឹងថានៅក្នុងឆ្នាំ២០២៣ការងារបង្កបង្កើនផលស្រូវរដូវប្រាំងសម្រេចបានចំនួន៥៥៤២១០ហិកតាស្មើនឹង១១១,២៥ភាគរយនៃផែនការ

ចំនួន៤៩៨១៧០ហិកតា។បើយោងតាមរបាយការណ៍បានបញ្ជាក់ថា ការប្រមូលផលស្រូវវស្សាសម្រេចបានចំនួន ២ ៨៣៥ ៥៥៧ ហិកតា ដោយទទួលបរិមាណផលសរុបចំនួន ៩ ៣៤២ ៤៦៤ តោន និងទិន្នផលគិតជាមធ្យម៣,២៩៥តោនក្នុង១ហិកតា។របាយការណ៍នេះក៏បានឱ្យដឹងដែរថាសម្រាប់ផលិតកម្មដំណាំស្រូវរដូវប្រាំងវិញផ្ទៃដីភ្ជួររាស់សម្រេចបានចំនួន ៥៥៦ ៥៩៧ ហិកតា ក្នុងនោះ ភ្ជួររាស់ដោយគោ-ក្របីមានចំនួន ១៩១ ហិកតា ស្មើនឹង០,០៣ភាគរយ និងដោយគ្រឿងយន្តចំនួន ៥៥៦ ៤០៦ ហិកតា ស្មើនឹង៩៩,៩៧ភាគរយ លើសឆ្នាំមុន ៩៧ ២៨៤ ហិកតា។ ចំពោះផ្ទៃដីសាបសម្រេចបានចំនួន ៥ ហិកតា តិចជាងឆ្នាំមុនចំនួន ៥ ហិកតា ផ្ទៃដីស្ទូង និងព្រោះសម្រេចបានចំនួន ៥៥៤ ២១០ ហិកតា ស្មើនឹង១១១,២៥ភាគរយ នៃផែនការចំនួន ៤៩៨ ១៧០ ហិកតា លើសឆ្នាំមុន ៩៦ ៨២០ ហិកតា៕
