Daily News Sharing

សភាកម្ពុជានិងប៉ាគីស្ថានជំរុញពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅគ្រប់ជ្រុងជ្រោយ

10

រដ្ឋសភាកម្ពុជានិងប៉ាគីស្ថានជំរុញការបង្កើតនូវអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហមហារដ្ឋសភាធិការធិបតីឃួនសុដារីប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោក ហ្សាហៀរូឌីន បាបា ថាហ៊ីមឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថានប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញារួមគ្នានៅក្នុងការពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យរឹងមាំគ្រប់ជ្រុងជ្រោយឡើង។ជាពិសេសជំរុញឱ្យមានការបង្កើតឡើងនូវអនុស្សរណៈយោគយល់គ្នា(MOUs)ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាង២នាពេលខាងមុខឆាប់ៗនេះក្នុងការបម្រើផលប្រយោជន៍ប្រជាជននៃប្រទេសទំាង២។

ការប្តេជ្ញាចិត្តក្នុងការជំរុញឱ្យបង្កើតបាននូវ អនុស្សរណៈយោគយល់គ្នា (MOUs) រវាងរដ្ឋសភាប្រទេសទំាង២នេះ បានធ្វើឡើងក្នុងឱកាសសម្តេចរដ្ឋសភាធិបតីបានទទួលជួបពិភាក្សាការងារជាមួយលោកហ្សាហៀរូឌីន បាបា ថាហ៊ីម នាព្រឹកថ្ងៃពុធ ទី១០ ខែមករាឆ្នាំ២០២៤នេះនៅវិមានរដ្ឋសភា។នៅក្នុងឱកាសនោះលោកឯកអគ្គរដ្ឋទូតបានអបអរសាទរការបោះឆ្នោតដោយសេរីយុត្តិធម៌និងគ្មានអំពើហិង្សានៅកម្ពុជា។លោកបានបញ្ជាក់ថា ប៉ាគីស្ថានជាប្រទេសមួយ ដែលបានធ្វើជាសាក្សីនៅក្នុងការបោះឆ្នោតជាសកលកាលពីខែកក្កដាដោយបានបញ្ជូនឥស្សរជនសំខាន់ៗរបស់ខ្លួន មកសង្កេតការណ៍ជាច្រើននាក់។


ជាមួយគ្នានេះឯកអគ្គរដ្ឋទូតក៏បានអបអរសាទរជូនសម្តេចរដ្ឋសភាធិបតី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជាប់ជាប្រធានរដ្ឋសភានីតិកាលទី៧ ជាស្រ្តីដំបូងនៅកម្ពុជាដែលទទួលបានតួនាទីដ៏ឧត្តុង្គឧត្តមនេះនៅក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ។លោកហ្សាហៀរូឌីន បាបា ថាហ៊ីម បានជម្រាបជូនសម្តេចប្រធានរដ្ឋសភាថា នៅក្នុងកុម្ភៈខាងមុខនេះ ប៉ាគីស្ថាននឹងរៀបចំការបោះឆ្នោតសភា។បន្ទាប់ពីការបោះឆ្នោតបង្កើតរដ្ឋសភាថ្មីហើយនោះប៉ាគីស្ថាននឹងលើកទឹកចិត្តជំរុញដល់ការបង្កើតនូវអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប៉ាគីស្ថាននិងកម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ គ្រប់ជ្រុងជ្រោយទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។


សម្តេចរដ្ឋសភាធិបតីឃួនសុដារីបានគំាទ្រការលើកឡើងរបស់ឯកអគ្គរដ្ឋទូត និងបានគូសបញ្ជាក់ថាការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឱ្យរឹងមាំសកម្មនិងគ្រប់ជ្រុងជ្រោយឡើងក៏ជាបំណងប្រាថ្នារបស់រដ្ឋសភាកម្ពុជាដែរ។ សម្តេចបានលើកឡើងថា កិច្ចសហប្រតិបត្តិការរដ្ឋសភា ក៏ដូចជារដ្ឋាភិបាលប្រទេសទំាង២មិនត្រឹមបម្រើផលប្រយោជន៍សុខសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរបស់កម្ពុជានិងប៉ាគីស្ថាននោះទេតែនឹងបម្រើដល់ផលប្រយោជន៍រួម ជាការចូលរួមថែរក្សាសុខសន្តិភាព និងស្ថិរភាព ក្នុងតំបន់និងសកលោកទំាងមូល។

Middle Content

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្ម របស់សភាប៉ាគីស្ថាន នៅលើវេទិកាអន្តរសភានានាក្នុងបុព្វសន្តិភាពនិងមនុស្សធម៌។ជាពិសេសគណៈប្រតិភូរដ្ឋសភាប៉ាគីស្ថានតែងតែមានវត្តមាន ចូលរួមនៅក្នុងកិច្ចប្រជុំ ឬមហាសន្និបាតវេទិកាអន្តរសភាដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលកន្លងមក។សម្តេចបានគូសបញ្ជាក់ថាសភាទាំង២ប្រទេសបានបន្តការគាំទ្រគ្នាទៅវិញទៅមកជាបន្តបន្ទាប់ក្នុងក្របខណ្ឌពហុភាគីនានា រួមទាំង APA, IPU, APPF, ASEP និងAIPA ជាដើម។សម្តេចរដ្ឋសភាធិបតីបានថ្លែងអំណរគុណប្រទេសប៉ាគីស្ថាន ដែលបានគំាទ្រដល់ការបោះឆ្នោតនៅកម្ពុជានិងតែងតែជួយលើកទឹកចិត្តដល់ការអភិវឌ្ឍនៅកម្ពុជា។

ជាមួយគ្នានេះសម្តេចប្រធានរដ្ឋសភា ក៏បានស្នើដល់ប៉ាគីស្ថានពិនិត្យលទ្ធភាពនៅក្នុងការពង្រីកការវិនិយោគនិងការធ្វើពាណិជ្ជកម្មនៅកម្ពុជា ដូចជាការកែច្នៃកសិផលផ្នែកអាហារហ៉ាល់ឡា “Halal”ជំរុញការបង្កើតជើងហោះហើរត្រង់រវាងប្រទេសទំាង២និងការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនក្នុងវិស័យទេសចរណ៍ជាដើម។ជាការឆ្លើយតបឯកអគ្គរដ្ឋទូតប៉ាគីស្ថានមានសុទិដ្ឋិនិយមថានៅពេលស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅប្រទេសប៉ាគីស្ថានបានបង្កើតជាផ្លូវការនោះ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទំាង២កាន់តែរីកចម្រើន មានការលូតលាស់បានឆាប់រហ័ស។ ទាក់ទងការធ្វើពាណិជ្ជកម្មឯកអគ្គរដ្ឋទូត បានជម្រាបជូនសម្តេចថា បច្ចុប្បន្ននេះស្ថានទូតប៉ាគីស្ថាននៅភ្នំពេញបានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយសង្ឃឹមថា កិច្ចព្រមព្រៀងក្នុងវិស័យពាណិជ្ជកម្មមួយនឹងចេញជារូបរាងនៅពេលឆាប់ៗ ខាងមុខនេះ៕

Footer Content