សូមអំណរគុណចំពោះឆែកដែលបានបង្វែរទៅជាជំនួយអភិវឌ្ឍន៍
សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីកម្ពុជានារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវិមានសន្តិភាពបានអនុញ្ញាតឱ្យលោក Martin Vávra ឯកអគ្គរដ្ឋទូតឆេកប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួបនេះ លោក Martin Vávra បានថ្លែងអំណរគុណចំពោះសម្តេចធិបតីដែលឆ្លៀតពេលដ៏មមាញឹកអនុញាតឱ្យរូបលោកនិងសហការី ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ ព្រមទាំងបានរំឭកផងដែរអំពីទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងវែងឆ្ងាយរាប់ទសវត្សរ៍ រវាងសាធារណរដ្ឋឆេក និងព្រះរាជាណាចក្រកម្ពុជា។ជាពិសេសចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ មក ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការអបអរសាទរចំពោះ លោក Martin Vávra ដែលទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឆេកប្រចាំកម្ពុជានិងបានផ្តាំផ្ញើនូវការអរគុណផងដែរ។ ជូនចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឆែក ដែលបានផ្ញើលិខិតអបអរសាទរចំពោះការចូលកាន់មុខតំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេចធិបតី។

ជាមួយគ្នានេះសម្តេចធិបតីបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋឆេកដែលបានលុបចោលបំណុលរបស់កម្ពុជា ដោយបង្វែរទៅជាជំនួយអភិវឌ្ឍន៍ និងបានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០មកព្រមជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការថ្មីៗរវាងប្រទេសទាំង២នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានសន្តិសុខអ៊ីនធឺណិត និងកសិកម្ម ៕
